អន្តរជាតិ
ប្រធានាធិបតីតួកគី ប្រដូចនាយករដ្ឋមន្រ្តីអុីស្រាអែលណេតាន់យ៉ាហ៊ូនឹងហ៊ីត្លែ
28, Dec 2023 , 11:00 am        
រូបភាព
10-10am (កាត់រូបចូលគ្នា) Done កីឡាជាតិ-កីឡាការិនីបាល់ទាត់លើតុ ដាក់គោលដៅ ប្រឹងប្រែងហ្វឹកហាត់ដើម្បីត្រៀមប្រកួតអន្ដរជាតិនានា
10-10am (កាត់រូបចូលគ្នា) Done កីឡាជាតិ-កីឡាការិនីបាល់ទាត់លើតុ ដាក់គោលដៅ ប្រឹងប្រែងហ្វឹកហាត់ដើម្បីត្រៀមប្រកួតអន្ដរជាតិនានា
ប្រធានាធិបតីតួកគី តៃយីប អ៊ែរដូហ្កាន់ នៅថ្ងៃទី២៧ ខែធ្នូ បានចោទនាយករដ្ឋមន្រ្តីអុីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ មិនខុសពីមេដឹកនាំអាល្លឺម៉ង់ក្នុងសម័យសង្រ្គាមលោកលើកទីពីរ អាដុហ្វ ហ៊ីត្លែរ ។ ជាការឆ្លើយតប ប្រមុខរដ្ឋាភិបាលអុីស្រាអែលថា លោក អ៊ែរដូហ្កាន់ បានសម្លាប់ជនជាតិឃើដ  និងចាប់អ្នកសារព័ត៌មានដាក់គុកជាច្រើននាក់។
 
ចាប់តាំងពីជម្លោះរវាងក្រុមហាម៉ាស និងអុីស្រាអែល ប្រធានាធិបតីតួកគី លោក តៃយីប អ៊ែរដូហ្កាន់ បានរិះគន់លើអុីស្រាអែលយ៉ាងឥតសំចៃមាត់ ហើយថែមទាំងធ្លាប់លើកឡើងថា នាយករដ្ឋមន្រ្តីអុីស្រាអែល អាចប្រឈមនឹងការកាត់ទោសក្នុងនាមជាឧក្រិដ្ឋជនសង្រ្គាមថែមទៀត ក្រោមហេតុផលវាយប្រហារលើតំបន់កាហ្សា មិនលែងដៃ និងធ្វើឱ្យប្រជាជនស៊ីវិលជាច្រើនពាន់នាក់សម្លាប់បាត់បង់ជីវិត។ 
 
តាមរយៈសេចក្តីថ្លែងការណ៍មួយចេញនៅថ្ងៃទី២៧ ខែធ្នូ មេដឹកនាំតួកគីរូបនេះ បានរិះគន់ជាថ្មី និងបានចាត់ទុកលោកណេតាន់យ៉ាហ៊ូមិនខុសពីមេដឹកនាំអាល្លឺម៉ង់ក្នុងសម័យសង្រ្គាមលោកលើកទីពីរ លោក ហ៊ីត្លែ។ 
 
«ពួកគេធ្លាប់តែនិយាយអាក្រក់ពីលោក ហ៊ីត្លែ។ តើអ្នក (ណេតាន់យ៉ាហ៊ូ) ខុសគ្នាពីលោក ហ៊ីត្លែបែបណា? ពួកគេកំពុងធ្វើឱ្យយើងនឹកឃើញលោកហ៊ីត្លែ»។ លោក អ៊ែរដូហ្គាន់ បានបញ្ជាក់បែបនេះ ដោយបន្តថា សកម្មភាពយោធា ដែលលោកណាតាន់យ៉ាហ៊ូ កំពុងបញ្ជា គឺមិនខុសពីអ្វីដែលបានកើតឡើងនៅក្នុងសង្រ្គាមលោកលើកទីពីរឡើយ។ 
 
លោក ហ៊ីត្លែ ត្រូវបានស្គាល់ថា ជាមេដឹកនាំអាល្លឺម៉ង់ដ៏មានឥទ្ធិពល និងជាអ្នកបញ្ជាឱ្យសម្លាប់ជនជាតិជ្វីបនៅក្នុងសង្រ្គាមលោកលើកទីពីរ។ អតីតមេដឹកនាំអាល្លឺម៉ង់រូបនេះ ក៏មានចំណែកដ៏ធំក្នុងការបង្កសង្រ្គាមលោកលើកទីពីរផងដែរ។ 
 
ក្នុងសេចក្តីថ្លែងការណ៍ដដែល មេដឹកនាំតួកគី បានបន្ថែមទៀតថា លោក ណេតាន់យ៉ាហ៊ូ គឺមានធនធានច្រើនជាង ហើយថែមទៀតទទួលបានការគាំទ្រពីសំណាក់ប្រទេសលោកខាងលិច ជាពិសេសអាម៉េរិកថែមទៀត។ 
 
ក្រោយការចោទប្រកាន់ខាងលើ នាយករដ្ឋមន្រ្តីអុីស្រាអែល ក៏រិះគន់លោក អ៊ែរដូហ្គាន់ បានសម្លាប់ជនជាតិឃើដ និងចាប់អ្នកសារព័ត៌មានជាច្រើននាក់ដែលប្រឆាំងខ្លួនដាក់ពន្ធនាគារ។ បន្ថែមពីនេះ ប្រមុខរដ្ឋាភិបាលរូបនេះ បានបន្តការពារប្រតិបត្តិការយោធារបស់ខ្លួន នៅតំបន់កាហ្សា ដោយអះអាងថា កម្លាំងការពារអុីស្រាអែល ប្រយុទ្ធដើម្បីកម្ទេចក្រុមភេរវករ និងអង្គការភេវកម្មនៅក្នុងពិភពលោក។ បើទោះប្រទេសមួយចំនួនចាត់ទុកក្រុមហាម៉ាសជាភេរវករ ប៉ុន្តែតួកគី មិនបានចាត់ទុកក្រុមមួយនេះជាភេរវករ ដូចអុីស្រាអែល និងប្រទេសលោកខាងលិចឡើយ។ 
 
មិនតែប៉ុណ្ណោះ លោកណេតាន់យ៉ាហ៊ូ ក៏បានចោទក្រុមហាម៉ាស ថាបានប្រព្រឹត្តឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិផងដែរ។ 
 
មកទល់ពេលនេះ អុីស្រាអែល នៅតែបន្តវាយប្រហារមិនប្រណីដៃលើតំបន់កាហ្សា ដើម្បីតាមប្រមាញ់ក្រុមហាម៉ាស។ ប្រតិបត្តិការយោធារបស់អុីស្រាអែល បានបង្កឱ្យមានវិបត្តិមនុស្សធម៌ដ៏ធំនៅក្នុងតំបន់កាហ្សា។ អេហ្ស៊ីប និងប្រទេសមួយចំនួន កំពុងពិភាក្សា ដើម្បីរកឈប់បាញ់រវាងអុីស្រាអែល និងក្រុមហាម៉ាស។​

Tag:
 (អុីស្រាអែល
  តួកគី
  អាល្លឺម៉ង់)
© រក្សាសិទ្ធិដោយ thmeythmey.com