កីឡាអន្តរជាតិ
អន្តរជាតិ
លោក ​Pep ៖ Club World Cup ជួយដល់ក្រុមមេឃខៀវផ្តោតអារម្មណ៍ខ្លាំងឡើងវិញ
28, Dec 2023 , 4:10 pm        
រូបភាព
ការឈ្នះពានរង្វាន់ FIFA Club World Cup បានជួយដល់ក្រុម Manchester City ឱ្យវិលមករួបរួមគ្នា និងផ្តោតអារម្មណ៍សម្រាប់ការប្រកួតសារជាថ្មី។ នេះបើតាមការលើកឡើងរបស់លោក Pep Guardiola អ្នកចាត់ការទូទៅរបស់ក្រុម បាននិយាយបែបនេះ ក្រោយពីក្រុមបានប្រកួតយកឈ្នះលើក្រុម Everton លទ្ធផល ៣-១ នាថ្ងៃទី២៧ ខែធ្នូ។
ចាប់តាំងពីឈ្នះពានរង្វាន់ Club World Cup មក ក្រុមរហស្សនាមមេឃខៀវ ទើបតែបានវិលត្រឡប់ទៅឈរនៅចំណាត់ថ្នាក់ក្រុមកំពូលទាំង ៤ វិញ បន្ទាប់ពីយកឈ្នះលទ្ធផល ៣-១ លើក្រុម Everton។ ៣គ្រាប់ជ័យជម្នះធ្វើបានដោយកីឡាករ Phil Foden, Julian Alvarez និង Bernardo Silva ដែលរកបាននៅក្នុងវគ្គទីពីរ។
 
Man City ឡើងឈរចំណាត់ថ្នាក់លេខ ៤ ឈរពីលើក្រុម Tottenham Hotspur ដោយមានចំនួន ៣៧ពិន្ទុក្នុងដៃ ពីការប្រកួតចំនួន ១៨លើក ហើយមានគម្លាតចំនួន ៥ពិន្ទុ ពីក្រុមកំពូលតារាង Liverpool។ រដូវកាល ២០២៣-២៤ ក្រុមមេឃខៀវមានបេសកកម្មក្នុងការការពារតំណែងជើងឯក ក៏ដូចជាស្វែងរកការឈ្នះពានលើកទី៤ ជាប់គ្នារបស់ពួកគេ។
 
ការប្រកួតក្របខណ្ឌ Premier League មុនពេលបុណ្យណូអែលនោះ ក្រុម Man City ហាក់ធ្វើមិនបានល្អឡើយ ដោយប្រកួតចាញ់ក្រុម Aston Villa បន្ទាប់មកស្មើជាមួយនឹងក្រុម Spurs និងក្រុម Crystal Palace ។ ប៉ុន្តែរកបានជ័យជម្នះឡើងវិញនេះ លោក Pep អ្នកចាត់ការសញ្ជាតិអេស្ប៉ាញ ថា កីឡាករបានបង្ហាញការតាំងចិត្តខ្ពស់ឡើងវិញ សម្រាប់ការប្រកួតឈ្នះទល់ Everton។
 
«ខ្ញុំបានចាំថាពេលនៅលើយន្តហោះធ្វើដំណើរទៅកាន់អារ៉ាប៊ីសាអូឌីត ខ្ញុំបានស្តាប់ទៅកាន់កីឡាករនៅពេលដែលពួកគេមិនដឹងថាខ្ញុំបានលួចស្តាប់ ពួកគេបានចាប់ផ្តើមនិយាយពីក្លិប Everton។ ហើយខ្ញុំបាននិយាយថា «Wow» នេះគឺជាក្រុមរបស់ខ្ញុំ ខ្ញុំមានអារម្មណ៍ថាពួកគេនឹងតែចង់ព្យាយាមធ្វើវា យើងបានលេងការប្រកួតជាច្រើនរដូវកាលនេះ ហើយមនុស្សគ្រប់គ្នានិយាយថាយើងមិនដូចមុនឡើយ យើងចាញ់ការប្រកួតមួយលើកនៅក្នុងចំណោម ១៣លើកចុងក្រោយ យើងមិននិយាយច្រើនទេថាតើយើងល្អប៉ុណ្ណានោះ។»។ លោក Pep បាននិយាយនៅក្នុងសន្និសីទកាសែតក្រោយចប់ការប្រកួតបែបនេះ។
 
ជ័យជម្នះលើ​ Everton នេះ ក្រុមមេឃខៀវគ្មានវត្តមានរបស់ខ្សែបម្រើខ្លាំងក្លាប្រចាំក្រុម Kevin de Bruyne និងខ្សែប្រយុទ្ធ Erling Haaland នោះទេ ព្រោះតែបញ្ហារបួស។
 
បន្ទាប់ពីការប្រកួតនេះទៅក្រុម Man City នឹងត្រូវត្រៀមខ្លួនបើកទ្វារផ្ទះកីឡដ្ឋាន Etihad ដើម្បីស្វាគមន៍ក្រុមភ្ញៀវ Sheffield United នៅថ្ងៃទី៣០ ខែធ្នូ បន្តទៀត សម្រាប់ជំនួបក្របខណ្ឌ Premier League៕

Tag:
 (Pep Guardiola
  Manchester City)
© រក្សាសិទ្ធិដោយ thmeythmey.com