កីឡាអន្តរជាតិ
អន្តរជាតិ
Arsenal ចាញ់ ​West Ham រីឯ Spurs ធ្លាក់ចេញពី Top ៤
29, Dec 2023 , 10:40 am        
រូបភាព
ក្រុម Arsenal ខកខានឱកាសដើម្បីវិលឡើងទៅចំណាត់ថ្នាក់លេខ ១ កំពូលតារាងក្នុងក្របខណ្ឌ Premier League ក្រោយចាញ់ក្រុម West Ham united ដោយលទ្ធផល ២-០ ក្នុងទឹកដីកីឡដ្ឋាន Emirate។ ចំណែកក្រុម Tottenham Hotspur ក៏ខកខានឱកាសឈរនៅចំណោមក្រុមកំពូលទាំង ៤ ក្រោយភ្លាត់ស្នៀតចាញ់ក្រុម Brighton & Hove Albion ក្នុងលទ្ធផល ៤-២ នាថ្ងៃទី២៨ ខែធ្នូ។
ការប្រកួតនៅក្នុងវគ្គទីមួយ ក្រុមភ្ញៀវ West Ham រកបានឱកាសស៊ុតចំគោលដៅ ៣គ្រាប់ លើក្រុមម្ចាស់ផ្ទះកាំភ្លើងធំ ។ គ្រាប់បាល់ដំបូងរបស់ក្រុមភ្ញៀវធ្វើបានដោយការស៊ុតយ៉ាងល្អរបស់កីឡាករ Tomas Soucek នៅនាទី១៤ មុនពេលអតីតខ្សែការពារក្រុម Arsenal កីឡាករ Konstantinos Mavropanos បានជួយស៊ុតស្វែងរកគ្រាប់ទី២ ដើម្បីជួយដល់ក្រុមរបស់លោក David Moyes នាំមុខនៅក្នុងវគ្គទី១។ ឈានចូលវគ្គទីពីរក្រុម Arsenal មានឱកាសល្អច្រើនឡើងវិញ ប៉ុន្តែបរាជ័យក្នុងការសម្រេចសំណាញ់ទីរបស់ក្រុម West Ham ហើយលទ្ធផល​ ២-០ រក្សាដល់ចប់ការប្រកួត។
  


Arsenal បន្តឈរនៅចំណាត់ថ្នាក់លេខ ២ ក្នុងតារាងក្របខណ្ឌ Premier League ដោយមានត្រឹម ៤០ពិន្ទុក្នុងដៃ ពីការប្រកួតចំនួន ១៩លើក ឈរពីក្រោមក្រុម Liverpool ដែលមាន ៤២ពិន្ទុ នៅកំពូលតារាង ដែលក្រុមហង្សក្រហម បានបំបាក់ក្រុម Burnley លទ្ធផល ២-០។ 
 
ក្រុម West Ham វិញ ដែលយកឈ្នះលើក្រុមខ្លាំង Arsenal ទទួលបាន ៣ពិន្ទុនេះ បានរុញច្រានពួកគេឡើងឈរចំណាត់ថ្នាក់លេខ ៦ ដោយមាន ៣៣ពិន្ទុ បានទម្លាក់ក្រុម Manchester United ទៅលេខ ៧ ។ នេះជាការឈ្នះលើកដំបូងសម្រាប់ក្រុម West Ham នៅក្នុងលីគកំពូលអង់គ្លេសទៅលើក្រុមកាំភ្លើងធំ ដោយការជួបគ្នា ២២លើកកន្លងមក ក្រុមដែលមានលោក David Moyes កំពុងដឹកនាំ មិនដែលយកឈ្នះលើ Arsenal ឡើយ។
 
ដោយឡែកក្រុម Tottenham Hotspur វិញក៏ខកខានឈរនៅចំណាត់ថ្នាក់ក្រុមកំពូលតារាងទាំង ៤ បន្ទាប់ពីក្រុមបានប្រកួតចាញ់លទ្ធផល ៤-២ ក្រោមថ្វីជើងក្រុម Brighton ដែលដឹកនាំដោយលោក Roberto de Zerbi។ លទ្ធផល ៤-២ ជាការរបូតគ្រាប់បាល់ច្រើនបំផុត ចាប់ពីការចូលមកដឹកនាំរបស់លោក Ange Postecoglou នៅរដូវកាលនេះ។
 
ចាញ់ការប្រកួតធ្វើឱ្យ Spurs ធ្លាក់ឈរពីក្រោមក្រុម Manchester City ដែលដណ្តើមបានចំណាត់ថ្នាក់លេខ ៤ ក្រោយពេលពួកគេបានប្រកួតយកឈ្នះលើក្រុម ​Everton លទ្ធផល ៣-១ កាលពីថ្ងៃទី២៧ ខែធ្នូ។ Spurs ឈរនៅចំណាត់ថ្នាក់លេខ ៥ ដោយមាន​ ៣៦ពិន្ទុក្នុងដៃ ពីក្រោម Man City ដែលមាន ៣៧ពិន្ទុ។
 
លទ្ធផល ៤គ្រាប់ដែលស៊ុតលើ Spurs ពីសំណាក់ក្រុម Brighton ធ្វើបានដោយកីឡាករ Jack Hinshelwood នៅនាទី១១ មុនពេលមិត្តរួមក្រុម Joao Pedro ដោយការស៊ុតបាល់ពិន័យ ១១ម៉ែត្រ នៅនាទី២៣ ។ គ្រាប់បាល់ទី៣ កើតឡើងនៅនាទៅ៦៣ ដោយកីឡាករ Pervis Estupinan មុននឹងJoao Pedro រកគ្រាប់ទី៤ នៅនាទី៧៥ ។
 
​Spurs បានរបូតឱកាសរួចទៅហើយ បន្ទាប់ពីក្រុមម្ចាស់ផ្ទះបើកការនាំមុខមុនដល់ទៅ ៤គ្រាប់ ប៉ុន្តែយ៉ាងណាកីឡាករ Alejo Veliz រកបានគ្រាប់បាល់មកវិញ ១គ្រាប់នៅនាទី៨១ និងកីឡាករ Ben Davies គ្រាប់ទី២ នៅនាទី៨៥ ដើម្បីបន្ថយសម្ពាធគ្រាប់បាល់ស៊ុតបញ្ចូលទី៕

Tag:
 (Arsenal
  Premier League)
© រក្សាសិទ្ធិដោយ thmeythmey.com