កីឡាអន្តរជាតិ
អន្តរជាតិ
វគ្គ ១៦ក្រុម AFC Champions League៖ ក្លិបរបស់ Ronaldo ចាប់ឆ្នោតប៉ះ Al Fayha
29, Dec 2023 , 11:40 am        
រូបភាព
ក្លិប Al Nassr របស់ខ្សែប្រយុទ្ធ Cristiano Ronaldo នឹងត្រូវជួបក្រុមមកពីលីគកំពូលប្រទេសអារ៉ាប៊ីសាអូឌីតដូចគ្នា Al Fayha សម្រាប់ការប្រកួតប្រជែងវគ្គជម្រុះ ១៦ក្រុមចុងក្រោយ ពានរង្វាន់ទ្វីបអាស៊ី AFC Champions League ក្រោយការចាប់ឆ្នោតប៉ះគ្នា នាថ្ងៃទី២៨ ខែធ្នូ។
 
Al Nassr នឹងត្រូវធ្វើដំណើរទៅកាន់ទីក្រុងកីឡា ​Al Majma’ah នៅថ្ងៃទី១២ ខែកុម្ភៈ ២០២៤ សម្រាប់ការប្រកួតជើងទីមួយវគ្គ ១៦ក្រុម ជាមួយក្រុម Al Fayha ។ ចំណែកការប្រកួតជើងទីពីរ ក្រុមដែលមាន Ronaldo ជាប្រធានក្រុម នឹងត្រូវបើកទ្វារកីឡដ្ឋាន KSU ស្វាគមន៍ក្រុម Al Fayha វិញម្ដង នៅថ្ងៃទី១៩ ខែកុម្ភៈ។ រដូវកាល ២០២៣-២៤ ក្រុម Al Nassr ធ្លាប់បានប្រកួតយកឈ្នះលើក្រុម Al Fayha ម្តងរួចមកហើយ ដោយកាលនោះ ក្រុមដឹកនាំដោយប្រធានក្រុម Ronaldo បានយកឈ្នះដោយលទ្ធផល ៣-១ ដែលជាការប្រកួតក្រៅទឹកដី។



ដោយឡែកក្រុម ​Al Hilal ដែលបច្ចុប្បន្នជាក្រុមកំពូលតារាងលីគកំពូល SPL និងជាម្ចាស់ពាន AFC ៤សម័យ នឹងត្រូវបានចាប់ឆ្នោតប៉ះក្រុម Sepahan មកពីប្រទេសអ៊ីរ៉ង់ ដែលជាក្រុមស្ថិតនៅក្នុងពូលជាមួយនឹង Al Nassr អំឡុងពេលវគ្គសន្សំពិន្ទុ។ Al Hilal នឹងត្រូវធ្វើដំណើរទៅប្រទេសអ៊ីរ៉ង់ សម្រាប់ការប្រកួតជើងទីមួយ មុនពេលវិលត្រឡប់ទៅកាន់ទីក្រុងរីយ៉ាដ សម្រាប់ការប្រកួតជើងទីពីរ។
 
Al Ittihad ក្រុមរបស់ខ្សែប្រយុទ្ធ Karim Benzema ម្ចាស់ជើងឯក ៤សម័យកាល លីគកំពូលអារ៉ាប៊ីសាអូឌីត ត្រូវបានចាប់ឆ្នោតប៉ះក្រុម Navbahor មកពីប្រទេសអ៊ូសបេគីស្ថាន សម្រាប់ការប្រកួតជម្រុះវគ្គ ១៦ក្រុម។
 
ចំណែកការចាប់ឆ្នោតសម្រាប់ក្រុមស្ថិតក្នុងតំបន់ភាគខាងលិចមួយគូទៀត ក្រុម Nasaf ដែលមកពីអ៊ូសបេគីស្ថានដូចគ្នានេះ ក៏ត្រូវប៉ះក្រុម Al Ain អតីតម្ចាស់ពានលីគកំពូលមកពីប្រទេសអេម៊ីរ៉ាត់អារ៉ាប់រួម។
 
ការចាប់ឆ្នោតក្រុមស្ថិតនៅក្នុងតំបន់ភាគខាងកើត អតីតម្ចាស់ពានលីគកំពូលកូរ៉េខាងត្បូង Ulsan Hyundai នឹងត្រូវតទល់ជាមួយនឹងក្រុមមកពីលីគទីពីរជប៉ុន Ventforet Kofu សម្រាប់ការប្រកួតវគ្គជម្រុះពានរង្វាន់ AFC Champions League។
 
ក្រុម Shandong Taishan ដែលមកពីលីគ Chinese Super League នឹងត្រូវទទួលក្រុមជប៉ុន Kawasaki Frontale ដោយការប្រកួតធ្វើឡើងនៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ ២០២៤។ ក្រុមមកពីប្រទេសថៃ Bangkok United ក៏នឹងត្រូវជួបតទល់ជាមួយក្រុមមកពីប្រទេសជប៉ុន Yokohama F Marinos ដែលជាក្រុមជើងឯក J League សម្រាប់វគ្គជម្រុះ ១៦ក្រុម។
 
ក្រុមដែលមកពីតំបន់ភាគខាងលិច និងភាគខាងកើត នឹងបន្តការប្រកួតដោយបំបែកចេញពីគ្នា តាមរយៈការប្រកួតជម្រុះវគ្គ ១៦ក្រុម នៅក្នុងខែកុម្ភៈ, វគ្គ ៨ក្រុមនៅក្នុងខែមីនា និងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ នៅក្នុងខែមេសា ឆ្នាំ ២០២៤។ ការប្រកួតវគ្គផ្តាច់ព្រ័ត្រ ក្រុមដែលឈ្នះការប្រកួតមកពីតំបន់ទាំងពីរ នឹងត្រូវប៉ះគ្នា ដើម្បីដណ្តើមពានរង្វាន់ជាក្លិបកំពូលប្រចាំទ្វីបអាស៊ី។
 
ការប្រកួតវគ្គផ្តាច់ព្រ័ត្រសម្រាប់ក្រុមជើងខ្លាំងមកពីតំបន់ទាំងពីរ នឹងត្រូវធ្វើឡើងដោយការប្រកួតមានចំនួន ២ជើង ទៅវិលទៅមក ក្រៅដីនឹងក្នុងដី ។ ការប្រកួតនឹងធ្វើឡើងនៅថ្ងៃទី១១ និងនៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ ២០២៤៕

Tag:
 (Cristiano Ronaldo
  AFC Champions League)
© រក្សាសិទ្ធិដោយ thmeythmey.com