ជាតិ
ឆ្នាំ២០២៣៖ អ្នកសារព័ត៌មានថ្មីៗ បានចេញបេសកកម្មទៅអាម៉េរិក ចិន បារាំង កាតា និងអាស៊ីអាគ្នេយ៍
29, Dec 2023 , 2:30 pm        
រូបភាព
២០២៣ ជាឆ្នាំ​ដែល​សារព័ត៌មានឌីជីថល​ថ្មីៗ មានសកម្មភាព​ផុសផុល​ឡើង​វិញសម្រាប់បេសកកម្ម​នៅ​ក្រៅប្រទេស បន្ទាប់ពី​រយៈពេលជាង​៣​ឆ្នាំនៃការ​រាតត្បាតកូវីដ-១៩។ ពេញមួយ​ឆ្នាំ​កន្លងមកនេះ ថ្នាក់ដឹកនាំ និង​ក្រុម​ការងារសារព័ត៌មាន​ឌីជីថលថ្មីៗ (ThmeyThmey, ThmeyThmey25 និង Cambodianess) ១៥រូប បានទៅកាន់​ប្រទេស​គោល​ដៅ​នានា រួមមានថៃ បារាំង ឥណ្ឌូណេស៊ី សហរដ្ឋអាម៉េរិក ហ្វីលីពីន ចិន វៀតណាម និង​កាតា សម្រាប់ដំណើរ​ទស្សនកិច្ច​សិក្សា ទស្សនាចរណ៍ ការ​ចែក​រំលែក​បទពិសោធន៍ ការ​ឈ្វេងយល់ពីសក្តានុពល​ទេសចរណ៍ សេដ្ឋកិច្ច កសិកម្ម សិក្ខាសាលា វគ្គ​បណ្តុះបណ្តាលផ្នែក​សារព័ត៌មាន​ និង​ការ​ចុះយកព័ត៌មានឆ្លង​ប្រទេស។


លោក លាង ដឺលុច ចាងហ្វាង​ការផ្សាយ​សារព័ត៌មាន​ឌីជីថល​ថ្មីៗ រួម​ដំណើរជាមួយ​ប្រតិភូក្លិបអ្នក​កាសែតកម្ពុជា បាន​ចូល​រួម​ក្នុង​កម្ម​វិធី Cambodian Media’s Visit to Thailand: a Focus on Media’s Self-Regulation ពីថ្ងៃទី​៣១ ខែមីនា ដល់​ថ្ងៃទី​៤ ខែមេសា។ ក្រោម​ការ​សម្រប​សម្រួល​របស់​ស្ថានទូត​ថៃ​ប្រចាំកម្ពុជា ប្រតិភូ​សារព័ត៌មាន​កម្ពុជា បាន​សិក្សា​ឈ្វេងយល់​ពី​ដំណើរ​ការ​នៃ​ការ​បង្កើត​ក្រុម​ប្រឹក្សា​ក្រមសីលធម៌​សារព័ត៌មាន ពីក្រុម​ប្រឹក្សា​សារព័ត៌មានជាតិ​ថៃ (National Press Council of Thailand), ដំណើរទស្សនកិច្ច​ទៅ​កាន់​ការិយាល័យបណ្តាញ​ផ្សព្វផ្សាយ​រដ្ឋថៃ Thai PBS នៅក្រុងបាងកក, ​សមាគមសារព័ត៌មាន​ប្រចាំខេត្ត​ Phetchburi និងតំបន់សមុទ្រហួហ៊ីន ខេត្ត Prachuap Khiri Khan។




លោក អុឹង ចំរើន នាយក​ប្រតិបត្តិ​សារព័ត៌មានឌីជីថល​ថ្មីៗ បាន​ទៅចូលរួម​កិច្ច​វេទិកា Media and Development Forum ឆ្នាំ២០២៣ ដែល​រៀបចំដោយទីភ្នាក់ងារ Canal France International (CFI) នៅក្រុង​ប៉ារីស ប្រទេសបារាំង កាលពីថ្ងៃទី១១ ដល់ទី១៣ ខែ​កក្កដា ឆ្នាំ២០២៣។ ក្នុង​វេទិកា ដែលមានសកម្មជន​សារព័ត៌មាន និងអ្នក​សារព័ត៌មានជាង​៣០០នាក់ពី​៤៥​ប្រទេស លោក អុឹង ចំរើន ក៏បាន​ចូលរួម​ធ្វើ​ជាវាគ្មិន​លើប្រធានបទ «តួនាទី​ពលរដ្ឋរស់នៅក្រៅ​ប្រទេស​សម្រាប់ជាតិ​កំណើត​របស់ខ្លួន» ផងដែរ។



លោក សៅ ផលនិស្ស័យ និពន្ធនាយក Cambodianess ដែលកំពុង​បន្ត​ការ​សិក្សានៅ​ប្រទេសអូស្ត្រាលី ត្រូវបាន​អញ្ជើញចូលរួម​យកព័ត៌មាន​ក្នុងកិច្ច​ប្រជុំ​កំពូល​អង្គការ​សហប្រជាជាតិ​ស្តីពី​ប្រទេសអភិវឌ្ឍន៍តិចតួចលើកទី៥ (LDC) នា​ក្រុង​ដូហា ប្រទេស​កាតា ពីថ្ងៃទី​៥ ដល់ថ្ងៃទី​៩ ខែមីនា។ បេសកកម្ម​ការងារ​របស់និស្ស័យ ទទួលបាន​​​ការគាំទ្រ ក្រោមភាពជាដៃគូរវាងការិយាល័យតំណាងជាន់ខ្ពស់នៃអង្គការសហប្រជាជាតិទទួលបន្ទុកប្រទេសអភិវឌ្ឍន៍តិចតួច ប្រទេសមិនជាប់សមុទ្រ និងប្រទេសកោះកំពុងអភិវឌ្ឍន៍ (UN-OHRLLS) ជាមួយមូលនិធិ Thomson Reuters។



កញ្ញា ខន ចំប៉ា និពន្ធនាយិការង​សារព័ត៌មានឌីជីថលថ្មីៗ បាន​ទៅចូលរួម​ក្នុងកម្មវិធី «អ្នក​សារព័ត៌មាន​កម្ពុជា មើលខេត្ត​ក្វាងស៊ី» ពីថ្ងៃទី១៥ ដល់ទី២០ ខែមិថុនា។ កម្ម​វិធីនេះ រៀបចំដោយ​កាសែត The Commercial News និង Cambodia Guangxi Cloud ASEAN International Communication Station ដែល​ជាអង្គភាព​ចំណុះ Guangxi Daily។ រយៈពេល​៥ថ្ងៃ ចំប៉ា បានស្វែងយល់​ពីយុទ្ធសាស្ត្រ​របស់រដ្ឋាភិបាល​ចិន ក្នុងការ​កាត់បន្ថយ​ភាពក្រីក្រ និង​លើកកម្ពស់ជីវភាព​រស់នៅ​របស់ពល​រដ្ឋ​ រួមទាំងដំណើរ​ទស្សនកិច្ច​ទៅកាន់តំបន់ឧស្សាហកម្ម ផលិតកម្ម និងទេសចរណ៍ជាច្រើននៅ​ខេត្តក្វាងស៊ី។



តាម​ការអញ្ជើញ​របស់កាសែត The People’s Daily លោក រំដួល ចិត្រា និពន្ធនាយក​សារព័ត៌មាន​ឌីជីថល​ថ្មីៗ និង​កញ្ញា អ៊ូ សុខមាន ការីនិពន្ធព័ត៌មាន​សេដ្ឋកិច្ច បាន​ទៅ​ចូលរួមកិច្ច​ប្រជុំ​កំពូល​នៃកិច្ច​សហប្រតិបត្តិការផ្សព្វផ្សាយ​តំបន់ឡានឆាង-មេគង្គ ឆ្នាំ២០២៣។ កិច្ច​ប្រជុំ​នេះ រៀបចំនៅ​ក្រុង​ប៉េកាំង ពីថ្ងៃទី២៥ ខែមិថុនា ដល់ថ្ងៃទី៣០ ខែមិថុនា ដែល​ធ្វើ​ឡើង​ក្រោម​ប្រធាន​បទ «ការជំរុញ និង​ការស្តារ​សេដ្ឋកិច្ច​ក្នុងតំបន់ ដើម្បី​បាន​ផល​ប្រយោជន៍​ទៅ​វិញទៅ​មក និង​ការ​លើកកម្ពស់​ការ​ផ្លាស់ប្តូរព័ត៌មានសម្រាប់​ការ​ផ្សារភ្ជាប់​ប្រជាជន និង​ប្រជាជន ក្នុង​តំបន់​ឡានឆាង-មេគង្គ»។



ដោយឡែក​កញ្ញា អ៊ូ សុខមាន បន្ទាប់ពី​ចូលរួម​ក្នុងកិច្ច​ប្រជុំកំពូល​នេះ កញ្ញាបន្ត​ចូលរួម​ក្នុង​សិក្ខាសាលា​នៃប្រព័ន្ធ​ផ្សព្វផ្សាយមេគង្គ-ឡានឆាង​ (CLMV 2023) រហូត​ដល់ថ្ងៃទី៥ ខែកក្កដា ដោយ​បាន​ចុះទៅ​យក​ព័ត៌មាន និង​សិក្សា​ស្វែងយល់ពី​តំបន់​សក្តានុពល​នានានៅ​ក្រុង​ប៉េកាំង ខេត្ត​ក្វាងទុង និង​ខេត្ត​យូណាន។



មុន​ចេញទៅ​កាន់ប្រទេស​ចិន កញ្ញា សុខមាន បាន​ទៅចូល​រួម​ក្នុង​កម្ម​វិធី «32nd SEA Games Inspiration Awards» នៅ​ក្រុងហូជីមិញ ប្រទេ​សវៀតណាម ពីថ្ងៃទី១៧ ដល់ថ្ងៃទី១៩ ខែមិថុនា។ កម្មវិធី​ដែល​រៀបចំដោយកាសែត Tuoi Tre នេះ ជាការលើក​ទឹក​ចិត្ត​ដល់អត្តពលិក​៣រូប​ដែល​បង្ហាញភាពលេចធ្លោក្នុងព្រឹត្តិការណ៍​កីឡាស៊ីហ្គេម​លើកទី​៣២នៅ​កម្ពុជា ក្នុងនោះមាន​កីឡាការិនីរត់ចម្ងាយកម្ពុជា បូ សំណាង, កីឡាការិនីរត់​ចម្ងាយឆ្ងាយ​របស់វៀតណាម Nguyen Thi Oanh ម្ចាស់មេដាយមាស​ចំនួន៤ ពីស៊ីហ្គេម​ឆ្នាំ​២០២៣ និង​កីឡាការិនី​​វាយកូនឃ្លីលើ​តុ Tran Mai Ngoc។  

អ្នក​ស្រី ញឹក ស្រីល័ក្ខ និពន្ធនាយិកា ThmeyThmey25 បានទៅ​ចូលរួម​យកព័ត៌មាន​ក្នុង​វេទិកា​ស្តីពីឥទ្ធិពលរបស់បណ្តាញសង្គម TikTok ក្នុងតំបន់អាស៊ីអាគ្នេយ៍ (Southeast Asia Impact Forum 2023) នៅ​ក្រុង​ហ្សាការតា ប្រទេសឥណ្ឌូណេស៊ី ពីថ្ងៃទី១៤ ដល់ថ្ងៃទី​១៦ ខែមិថុនា។ ក្នុង​វេទិកានេះ ស្រីល័ក្ខ​បានជួប​អ្នក​ជំនាញ​ខាងមាតិកា TikTok ជាច្រើន​រូបប្រចាំតំបន់ ហើយ​ក៏បានចូលរួម​​ស្តាប់បទបង្ហាញដោយ​ផ្ទាល់​របស់​លោក Shou Zi Chew នាយកប្រតិបត្តិបណ្តាញសង្គម​ដ៏កំពុងលេចធ្លោ​មួយនេះ​ផងដែរ។


លោក តន ចាន់រិទ្ធារ៉ា និពន្ធនាយក​រង Cambodianess បាន​ចេញ​ទៅ​ឥណ្ឌូណេស៊ីចំនួន​ពីរលើក ដោយ​លើកទី១ លោក​ចូលរួម​យក​ព័ត៌មានជាមួយ​លោក គី ចំណា អំ​ពីសន្និសីទស្តីពី​ការអភិវឌ្ឍន៍អាស៊ីអាគ្នេយ៍​ឆ្នាំ២០២៣ (SEAD2023) នាកោះបាលីពីថ្ងៃទី​២៨ ដល់ថ្ងៃទី​៣១ ខែមីនា។ តាម​ការអញ្ជើញ​របស់​អគ្គលេខាធិការ​ដ្ឋានអាស៊ាន លោក តន ចាន់រិទ្ធារ៉ា បាន​ទៅចូលរួម​វេទិកាប្រព័ន្ធផ្សព្វផ្សាយអាស៊ាន (ASEAN Media Forum) នាក្រុង​ហ្សារកាតា ពី​ថ្ងៃទី៣០ ខែតុលា ដល់ថ្ងៃទី​១ ខែវិច្ឆិកា។



លោក សែម វណ្ណា និពន្ធនាយករង​ ThmeyThmey25 និង​កញ្ញា តេង យ៉ាលីរូហ្សី អ្នកសារព័ត៌មាន Cambodianess បាន​ចេញទៅ​បំពេញ​បេសកកម្ម​ការងារផលិត​ព័ត៌មាន​ក្រោម​ប្រធាន​បទ «កិច្ច​សហប្រតិបត្តិការផ្នែក​វប្បធម៌រវាងសហរដ្ឋអាម៉េរិក និង​កម្ពុជា»។ សហការីទាំងពីរ បាន​ធ្វើការងារ​​យ៉ាងមមាញឹក​ដូចជា​ថត​វីដេអូ ផលិត​ព័ត៌មាន​វីដេអូ សម្ភាសអ្នក​ជំនាញ​ផ្សេងៗ នៅ​រដ្ឋធានីវ៉ាស៊ីនតោន រដ្ឋ Pennysylvania និងញូវយ៉ក ចន្លោះពី​ថ្ងៃទី​២៨ខែវិច្ចិកា ដល់ថ្ងៃទី​៩ ខែធ្នូ។ បេសកកម្ម​នេះ ទទួលបាន​ការគាំទ្រពី​ស្ថានទូតសហរដ្ឋអាម៉េរិកប្រចាំកម្ពុជា និង​ក្រសួងការបរទេស​អាម៉េរិក។



កញ្ញា ម៉េង សៀវម៉ី បាន​ចេញទៅក្រៅ​ប្រទេស​បី​លើក។ តាម​ការអញ្ជើញ​របស់​អង្គការ UNAIDS Cambodia កញ្ញា​បាន​ចូលរួម​ និង​ផលិតព័ត៌មាន​អំពី​សិក្ខាសាលា​ស្តីពី​ការររើសអើង​អ្នក​រស់នៅ​ជាមួយមេរោគអេដស៍នៅក្រុង​បាងកក ប្រទេស​ថៃ ពីថ្ងៃទី​៦ ដល់ថ្ងៃទី​៨ ខែមិថុនា។ នៅក្រុង​បាងកកដដែល អ្នក​យកព័ត៌មាន Cambodianess រូបនេះ បាន​ទៅចូលរួម​វគ្គ​បណ្តុះបណ្តាលអំពី​ការ​រាយការណ៍ព័ត៌មានពីគ្រោះ​ធម្ម​ជាតិ ដោយ​កញ្ញា រួមទាំងសហការីពីររូបទៀត គឺ​កញ្ញា តេង យ៉ាលី​រ៉ូហ្ស៊ី និងកញ្ញា ហុង ស្រីណា ត្រូវ​បានជ្រើស​រើស​ដោយធនាគារអភិវឌ្ឍន៍អាស៊ី (ADB) និង​មូលនិធិ Thomson Reuters Foundation ពីថ្ងៃទី​១៨ ដល់ថ្ងៃទី​២០ ខែកក្កដា។ សម្រាប់​កម្មវិធីទីបី កញ្ញា សៀវម៉ី ត្រូវមូលនិធិ Probe Media Foundation ជ្រើស​រើសសម្រាប់​វគ្គ​បណ្តុះបណ្តាល ស្តីពីអ្នក​សារព័ត៌មានអំពីជំងឺមិន​ឆ្លង (Noncommucable Diseases) នា​ក្រុង Quezon ប្រទេសហ្វីលីពីន ពីថ្ងៃទី១៤ ដល់ថ្ងៃទី​១៥ ខែ​ធ្នូ។



លោក ជា យូគៀង អ្នកកាសែតកីឡានៃសារព័ត៌មានឌីជីថល​ថ្មីៗ បាន​យកព័ត៌មាន​អំពី​ការ​ប្រកួតពានរង្វាន់​កីឡាអេឡិច​ត្រូនិក M5 World Championship 2023 នៅ Rizal Memorial Colliseum ក្រុង Quezon និងក្រុងម៉ានីល ប្រទេសហ្វីលីពីន ពីថ្ងៃទី​១២ ដល់ថ្ងៃទី១៩ ខែធ្នូ។ ក្នុងព្រឹត្តិការណ៍ដែលទទួលបាន​ការអញ្ជើញពីក្រុមហ៊ុន Moonton Philippines Technology.Inc និង Moonton PR នេះ លោក យូគៀង ក៏បាន​ចូល​រួម​កិច្ច​ប្រជុំ M-Summit ដើម្បី​ស្វែងយល់​ពី​ការអភិវឌ្ឍន៍វិស័យ​កីឡាអេឡិច​ត្រូនិក Mobile Legends ផងដែរ។



លោក គី ចំណា អ្នកសារព័ត៌មាន Cambodianess បាន​ទៅចូលរួម​កម្មវិធីចំនួន​៣។ តាម​ការអញ្ជើញ​មជ្ឈមណ្ឌល Pulitzer ចំណា​ ធ្វើជាសិក្ខាកាម​ក្នុង​វគ្គ​បណ្តុះបណ្តាល​អំពី​ការយក​ព័ត៌មានស៊ើបអង្កេតតាមតំបន់​ធម្មជាតិ ដែល​រៀបចំដោយ​មូលនិធិ​អ្នក​សារព័ត៌មាន​ព្រៃទឹកភ្លៀង​ (Rainforest Journalism Fund) នៅក្រុង​បាងកក ពីថ្ងៃទី២៣ ដល់ថ្ងៃទី​២៤ ខែកុម្ភៈ។



ពីថ្ងៃទី២៨ ដល់ថ្ងៃទី​៣១ ខែមីនា ចំណា ទៅ​ចូលរួម​​កិច្ចប្រជុំ​អំពី​វិស័យ​ហិរញ្ញ​វត្ថុក្នុងការអភិវឌ្ឍ​ថាមពល​បៃតង (Symposium SEADS 2023) តាម​ការអញ្ជើញ​របស់ធនាគារអភិវឌ្ឍន៍អាស៊ី ADB ដែលប្រព្រឹត្រទៅ​នៅ​កោះ​បាលី ប្រទេសឥណ្ឌូណេស៊ី។ ក្នុង​ប្រទេស​ឥណ្ឌូណេស៊ីដដែល ប៉ុន្តែស្ថិតនៅខេត្តស៊ូម៉ាត្រា​ខាងលិច ចំណា បាន​ចុះយកព័ត៌មាន​ផ្សព្វផ្សាយ​អំពី​កន្លែង​កម្សាន្ត​បែបធម្មជាតិ ប្រវត្តិសាស្ត្រ និង​វប្បធម៌។ ដំណើរទស្សនាចរណ៍នេះ ទទួលបាន​ការអញ្ជើញពី​ស្ថានទូត​ឥណ្ឌូណេស៊ីប្រចាំកម្ពុជា ពី​ថ្ងៃទី​៧ ដល់ទី​១៥ ខែវិច្ឆិកា។

កញ្ញា ឡាយ សុភាវតី អ្នកសារព័ត៌មាន​ថ្មីៗ បាន​ទៅចូលរួម​វេទិកា Asia Media Forum: Let’s Talk Equality ដែល​ប្រព្រឹត្តទៅ​នៅក្រុង​បាងកក ប្រទេសថៃ ពីថ្ងៃទី១១ ដល់ទី១២ ខែធ្នូ។ ​វេទិកានេះ​រៀបចំដោយមជ្ឈមណ្ឌល Asia Centre និង Oxfam in Asia ដែល​បាន​ផ្តល់​រង្វាន់​លេខ​៣ ដល់វតី និងសហការី២រូបទៀតរបស់សារព័ត៌មាន​ឌីជីថលថ្មីៗ​ ក្នុងការប្រកួត​ប្រជែងអត្ថបទ​រាយការណ៍ស្ដីពី «ភាពអស់សង្ឃឹមរបស់កម្មកររោងចក្រ នាអំឡុងពេលបិទខ្ទប់» កាលពីឆ្នាំ២០២២។




កញ្ញា តេង យ៉ាលីរ៉ហ្ស៊ី បាន​រួម​ដំណើរជាមួយកញ្ញា ម៉េង សៀវម៉ី និងកញ្ញា ហុង​ស្រីណា ទៅចូលរួម​វគ្គ​បណ្តុះបណ្តាល​អំពី​ការ​រាយការណ៍​ពីគ្រោះធម្មជាតិ (Reporting on Crisis and Disasters) នៅក្រុង​បាងកក ប្រទេសថៃ និង​រួមដំណើរទៅសហរដ្ឋអាម៉េរិក ជាមួយ​លោក សែម វណ្ណា សម្រាប់​ការ​ផលិត​ព័ត៌មានអំពី​កិច្ច​សហប្រតិបត្តិការផ្នែក​វប្បធម៌​កម្ពុជា និងអាម៉េរិក (Cambodia Media Co-Op on Using Soft Cultural Power to Counter PRC, Influence: A Look at U.S.-Cambodia Cultural Cooperation)។



បន្ថែមពី​លើ​នេះ កញ្ញា រ៉ូហ្ស៊ី បាន​ទៅចូលរួម​សិក្ខាសាលស្តីពី​ការគ្រប់គ្រង​ធនធាន​ធម្មជាតិ​នៅ​តំបន់​ទន្លេមេគង្គ (Our Mekong, Our Say Media Workshop on Natural Resource Governance)។ ត្រូវ​បានជ្រើស​រើស​ដោយ Internews’s Earth Journalism Network សិក្ខាសាលានៅខេត្ត​ឈៀងម៉ៃ ប្រទេសថៃ ពី​ថ្ងៃទី​៥ ដល់ទី​៧ ខែកក្កដា នាំឱ្យ​អ្នក​សារព័ត៌មាន Cambodianess រូបនេះ និងសិក្ខាកាមផ្សេងទៀត បាន​សិក្សា​ស្វែងយល់​អំពី​ការរាយ​ការណ៍​បញ្ហាប្រឈម​នានានៅតំបន់ទន្លេមេគង្គ ដូចជាទំនាស់ពាក់ព័ន្ធនឹងធនធានធម្មជាតិ និង​បញ្ហាឆ្លងតំបន់៕

© រក្សាសិទ្ធិដោយ thmeythmey.com