កីឡាអន្តរជាតិ
អន្តរជាតិ
EVOS, Bren, Blacklist, Echo ជាក្រុមម្ចាស់ជើងឯកពិភពលោក M-Series Championship ទាំង ៥សម័យ
30, Dec 2023 , 9:59 am        
រូបភាព
ការប្រកួតកីឡាអេឡិចត្រូនិកលើវិញ្ញាសារ Mobile Legends ពានរង្វាន់ពិភពលោក M-Series World Championship គឺជាការប្រកួត ដែលកំពុងមានភាពល្បីល្បាញបំផុតមួយនៅលើពិភពលោក នាពេលបច្ចុប្បន្ន។
ក្រុមជើងខ្លាំងនៃលីគកំពូល Mobile Legends Professional League (MPL) តាមប្រទេសនីមួយៗក្នុងតំបន់អាស៊ីអាគ្នេយ៍ និងលីគនៅតាមប្រទេសដទៃលើពិភពលោកដូចជាតួកគី, លីគតំបន់អឺរ៉ុប EECA, លីគប្រទេសប្រេស៊ីល ក៏ដូចជាលីគ MPL ប្រទេសអារ៉ាប៊ីសាអូឌីតជាដើម តែងតែមានការប្រកួតប្រជែងជារៀងរាល់ឆ្នាំ ដើម្បីកំណត់ថាអ្នកណាជាក្រុមជើងខ្លាំងប្រចាំប្រទេស និងដើម្បីតំណាងប្រទេសរបស់ពួកគេ ទៅប្រជែងតំណែងក្រុមខ្លាំងល្អបំផុតនៅលើពិភពលោក។
 
ការប្រកួតពានរង្វាន់ពិភពលោក M-Series World Championship ចាប់ផ្តើមដំបូងនៅក្នុងឆ្នាំ ២០១៩ ។ កាលនោះ មានត្រឹមតែពីតំបន់ប៉ុណ្ណោះ ដែលត្រូវបានគេដឹងថា ជាប្រទេសដែលខ្លាំងនៅក្នុងការប្រកួតប្រជែង ដូចជាប្រទេសឥណ្ឌូណេស៊ី និងហ្វីលីពីន។ 
 
បច្ចុប្បន្នប្រទេសហ្វីលីពីន ហាក់បង្ហាញភាពខ្លាំងរបស់ខ្លួនជាងក្រុមមកពីប្រទេសឥណ្ឌូណេស៊ី ដោយ ៤លើកចុងក្រោយនៃពានរង្វាន់ពិភពលោក សុទ្ធសឹងតែក្រុមរបស់ហ្វីលីពីនជាអ្នកដណ្តើមបានជើងឯក។
 
ខាងក្រោមនេះជាក្រុមដែលឈ្នះពានរង្វាន់ M-Serie World Championship ទាំង ៥លើក៖
 
EVOS Legends ម្ចាស់ពាន M1 World Championship ឆ្នាំ ២០១៩
 
ការប្រកួតពានរង្វាន់ M1 World Championship ធ្វើឡើងលើកដំបូងនៅក្នុងទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី ដោយមានក្រុមជើងខ្លាំងមកពីប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍ចូលរួមប្រកួតចំនួន ១៦ក្រុម ជាមួយនឹងឆាកប្រកួតនៅចំពោះមុខអ្នកគាំទ្ររាប់រយអ្នកលើកដំបូង។ ក្រុមមកពីឥណ្ឌូណេស៊ី ដែលមានដូចជាក្រុម EVOS Legends និង RRQ Hoshi ជាក្រុមដែលខ្លាំង គ្មានក្រុមណាអាចយកឈ្នះបានក្នុងការប្រកួត ហើយក្រុមទាំងពីរក៏ឡើងដល់វគ្គផ្តាច់ព្រ័ត្រប៉ះគ្នាផងដែរ។ EVOS ក្លាយជាក្រុមជើងឯកពិភពលោកលើកដំបូង ដោយនាំយកពានរង្វាន់ និងទឹកប្រាក់ប្រមាណ ២៥ម៉ឺនដុល្លារ វិលត្រឡប់ទៅកាន់ទឹកដីឥណ្ឌូណេស៊ី។
  


Bren Esports (AP Bren) ម្ចាស់ពាន M2 World Championship ខែមករា ឆ្នាំ ២០២១
 
ជាការប្រកួតមួយដោយលេងបិទទ្វារមិនឱ្យមានអ្នកទស្សនា ព្រោះតែបញ្ហាជំងឺរាតត្បាតកូវីដ-១៩ M2 World Championship បានរៀបចំឡើងនៅក្នុងប្រទេសសិង្ហបុរី ដោយជាការផ្លាស់ប្តូរគម្រោងពីការរៀបចំនៅទីក្រុងហ្សាកាតា ប្រទេសឥណ្ឌូណេស៊ី នៅចុងឆ្នាំ ២០២០។ ការប្រកួតមានត្រឹមតែ ១២ក្រុមប៉ុណ្ណោះដែលចូលរួម ហើយក្រុម Bren Esports របស់ហ្វីលីពីន និងក្រុម Burmese Ghouls មកពីមីយ៉ាន់ម៉ា ជាក្រុមប្រជែងគ្នាដើម្បីតំណែងជើងឯក។ Bren Esports បាននាំពានរង្វាន់ពិភពលោកទៅកាន់ហ្វីលីពីនលើកដំបូង ក្រោយយកឈ្នះលើ Burmese Ghouls លទ្ធផល ៤-៣ ដែលជាការប្រកួតដ៏តានតឹងមួយ។
  


Blacklist International ម្ចាស់ពាន M3 World Championship ខែធ្នូ ឆ្នាំ ២០២១
 
ការប្រកួត M3 World Championship បានធ្វើឡើងសារជាថ្មីនៅក្នុងប្រទេសសិង្ហបុរីដដែល ស្របពេលដែលជំងឺរាតត្បាតកូវីដ-១៩ មិនទាន់ធូស្បើយពេញលេញ។ ការប្រកួតបានវិលត្រឡប់ដោយមាន ១៦ក្រុមចូលរួម ហើយតម្លៃប្រាក់រង្វាន់បានកើនឡើងពី៣០ម៉ឺនដុល្លារ ដល់ ៨០ម៉ឺនដុល្លារ ខុសពីការប្រកួត M2។
M3 ជាការបង្ហាញសមត្ថភាពដ៏អស្ចារ្យខ្លាំងបំផុតរបស់ក្រុមមកពីប្រទេសហ្វីលីពីន ដោយក្រុម ONIC PH និង Blacklist International បានឈានជើងឡើងដល់វគ្គផ្តាច់ព្រ័ត្រ បន្ទាប់ពីឆ្លងកាត់ការប្រកួតជម្រុះតាមវគ្គ Upper Bracket និង Lower Bracket ដ៏ស្វិតស្វាញរៀងៗខ្លួនរួចមក។ ជារាជកាលរបស់ក្រុមមកពីហ្វីលីពីន Blacklist International បានបំបាក់ក្រុម ONIC PH លទ្ធផល ៤-០ ដើម្បីក្លាយជាជើងឯក នឹងវិលត្រឡប់ទៅកាន់ប្រទេសកំណើតដោយប្រាក់រង្វាន់ ៣០ម៉ឺនដុល្លារ។



ECHO ម្ចាស់ពានរង្វាន់ M4 World Championship ខែមករា ឆ្នាំ ២០២៣
 
ការប្រកួត M4 បានរៀបចំឡើងលើកដំបូងនៅក្នុងប្រទេសឥណ្ឌូណេស៊ី នៅដើមឆ្នាំ ២០២៣ ដោយក្រុមចំនួន ១៦ ត្រូវប្រកួតប្រជែងគ្នាសម្រាប់ពានរង្វាន់ដែលមានប្រាក់រង្វាន់សម្រាប់ក្រុមជើងខ្លាំងលេខ ១ តម្លៃ ៣០ម៉ឺនដុល្លារ ពីតម្លៃនៃការប្រកួតទាំងមូលសរុប ៨០ម៉ឺនដុល្លារ។ ទោះឥណ្ឌូណេស៊ីបានបង្ហាញថា ពួកគេក៏ជាតំបន់ដ៏ខ្លាំងមួយ ក្នុងការប្រកួតប្រជែងលើវិញ្ញាសារ Mobile Legends ប៉ុន្តែក្រុមមកពីប្រទេសហ្វីលីពីន នៅតែបន្តភាពខ្លាំងរបស់ពួកគេ ក្នុងការក្រសោបពាន M-Serie។ 


 
ជាប្រវត្តិសាស្ត្រលើកដំបូងនៅក្នុងការប្រកួតកីឡាអេឡិចត្រូនិក Mobile Legends កីឡាករ Karl «KarlTzy» Nepomuceno បានក្លាយជាកីឡាករតែម្នាក់ដែលឈ្នះពានពិភពលោក M-Series ចំនួន ២លើក បន្ទាប់ពីគេបានឈ្នះពានរង្វាន់ M2 រួច។ ក្រុម ECHO បំបាក់ក្រុម Blacklist International ដែលមកពីហ្វីលីពីនដូចគ្នាដោយលទ្ធផល ៤-០ នៅវគ្គផ្តាច់ព្រ័ត្រ។
M5 World Championship ក្រុម Bren Esports ដែលប្តូរឈ្មោះទៅជា AP Bren ជាជើងឯកលើកទី២
 
M5 បានធ្វើឡើងលើកដំបូងនៅក្នុងប្រទេសហ្វីលីពីន ចាប់ពីថ្ងៃទី២ ដល់ថ្ងៃទី១៧ ខែធ្នូ ដោយក្រុមចំនួន ២៤ បានប្រកួតប្រជែងគ្នាចាប់តាំងពីការប្រកួត M5 Wild Card ពីថ្ងៃទី២២ ដល់ ២៥ ខែធ្នូ រហូតដល់ព្រឹត្តិការណ៍ M5 World Championship តែម្តង់។ ឈានដល់ការប្រកួត M5 ក្រុមចំនួន ១៦ ត្រូវបានរកឃើញ ដើម្បីប្រជែងគ្នាដើម្បីពានរង្វាន់ដែលមានតម្លៃប្រាក់រង្វាន់សរុបទាំងមូល ៩០ម៉ឺនដុល្លារ ហើយម្ចាស់ជើងឯកទទួលបាន ៣០ម៉ឺនដុល្លារ។ 
  


ក្រុមមកឥណ្ឌូណេស៊ីស្រែកឃ្លានចង់នាំយកពានរង្វាន់វិលត្រឡប់ទៅកាន់ប្រទេសខ្លួនឡើងវិញបន្ទាប់ពីខកខាន ៣លើក ដោយក្រុម ONIC Esports ដែលគេស្គាល់ថាជាក្រុមដ៏ខ្លាំងមួយនាពេលបច្ចុប្បន្ន បានរកឃើញផ្លូវឡើងទៅកាន់វគ្គផ្តាច់ព្រ័ត្រ ហើយក្រុម AP Bren ជាក្រុមដែលត្រូវប្រជែងក្នុងនាមជាម្ចាស់ផ្ទះ។
 
ទោះ ONIC Esports មានភាពខ្លាំងក្លាយ៉ាងណា ប៉ុន្តែក្រុមម្ចាស់ផ្ទះ AP Bren ហាក់មានប្រៀបនៅវគ្គផ្តាច់ព្រ័ត្រជាមួយនឹងសម្លេងនៃការគាំទ្រខ្លាំងពីអ្នកគាំទ្រក្នុងស្រុក បានជំរុញទឹកចិត្តពួកគេប្រជែងដោយទំនក់ចិត្តដើម្បីអាចយកឈ្នះលើក្រុមជើងខ្លាំង ONIC ដោយលទ្ធផល ៤-៣ ដែលជាការប្រកួតដ៏តានតឹងដើម្បីគ្រងជើងឯកជាលើកទី២ ក្នុងប្រវត្តិសាត្ត្រ៕
 

Tag:
 កីឡាអេឡិចត្រូនិក
  M5 World Championship
© រក្សាសិទ្ធិដោយ thmeythmey.com