កីឡាអន្តរជាតិ
អន្តរជាតិ
គ្រូ Chelsea ថា កីឡដ្ឋាន​ក្លិប Luton Town បានរម្លឹក​រូបភាពអតីតកាលមកវិញ
30, Dec 2023 , 2:11 pm        
រូបភាព
លោក Mauricio Pochettino អ្នកចាត់ការក្រុមតោខៀវ ​Chelsea និយាយថាកីឡដ្ឋាន ​Kenilworth Road របស់ក្លិបចំណូលថ្មីនៃក្របខណ្ឌលីគកំពូលអង់គ្លេស Luton Town បានរម្លឹកអំពីរូបភាពអតីតកាលនៃវិស័យបាល់ទាត់។ អ្នកចាត់ការសញ្ជាតិអាហ្សង់ទីន ចាត់ទុកការប្រកួតទល់នឹងក្រុម Luton Town ជាការប្រជែងដ៏លំបាកមួយ សម្រាប់កូនក្រុមរបស់លោក នាជំនួបលីគកំពូលអង់គ្លេស ថ្ងៃទី៣០ ខែធ្នូ។
ការប្រកួត ៤លើក ក្រៅទឹកដីកន្លងមករបស់ក្រុមតោខៀវ តែងតែបរាជ័យ​នៅក្នុងក្របខណ្ឌ Premier League ហើយការទៅប៉ះក្រុម Luton Town នឹងមិនមែនជារឿងងាយស្រួលឡើយ។ ចំពោះការប្រកួតនៅក្នុងទឹកដីរបស់ Luton Town លោក Pochettino បានបង្ហាញអារម្មណ៍ទាក់ទងនឹងដំណើរការប្រកួតក្របខណ្ឌលីគកំពូលអង់គ្លេស។
 
«ខ្ញុំជាមនុស្សចាស់ ខ្ញុំចូលចិត្តភាពផ្អែមល្ហែម ខ្ញុំស្រលាញ់បាល់ទាត់ពីអតីតកាលណាស់ ហើយប្រភេទកីឡដ្ឋានបែបនេះបានរម្លឹកអ្នកនៅពេលដែលអ្នកបានចាប់ផ្តើមលេងបាល់ទាត់​ កីឡដ្ឋានតូចពិតមែនប៉ុន្តែមានភាពខុសប្លែកគ្នា។ ពួកគេមិនមានភាពប្រណិត ដែលយើងត្រូវការដូចសព្វថ្ងៃ ប៉ុន្តែកីឡដ្ឋានទាំងនេះជាទីកន្លែងដែលក្តីស្រលាញ់ស្ថិតនៅ ថ្ងៃនេះយើងរស់នៅក្នុងភាពខុសប្លែកគ្នាជាមួយនឹងកីឡដ្ឋានថ្មីៗ ប៉ុន្តែពេលអ្នកទៅទីនោះ អ្នកនឹងមានអារម្មណ៍ពីបាល់ទាត់ពិតៗ។»។ លោក Pochettino បាននិយាយប្រាប់អ្នកកាសែតបែបនេះ។
 
ទោះជា Luton Town ជាក្រុមស្ថិតនៅចំណាត់ថ្នាក់លេខ ១៨ យ៉ាងណាក្តី ប៉ុន្តែរាល់ការប្រកួតជាមួយក្រុមខ្លាំងកន្លងមក ដូចជា Liverpool  Arsenal និង Manchester City ក៏ពិបាកយកជ័យជម្នះលើ Luton town ផងដែរ។
 
ចំពោះការប្រកួតនៅក្នុងកីឡដ្ឋាន Kenilworth Road អ្នកចាត់ការសញ្ជាតិអាហ្សង់ទីន បានអះអាងថា ក្រុមលោកនឹងមិនងាយយកជ័យជម្នះបាននោះទេ ព្រោះតែកីឡដ្ឋាន អ្នកគាំទ្រ និងក្រុមម្ចាស់ផ្ទះ តែងតែធ្វើអ្វីគ្រប់យ៉ាង សម្រាប់ការងាររបស់ពួកគេ ក្នុងទឹកដីនេះ៕
 

Tag:
 Chelsea
  Premier League
© រក្សាសិទ្ធិដោយ thmeythmey.com