កីឡាអន្តរជាតិ
អន្តរជាតិ
Turkish Super Cup វគ្គផ្តាច់ព្រ័ត្រក្នុងទីក្រុងរីយ៉ាដពន្យាពេល ចំពេលមានជម្លោះរវាងអ្នករៀបចំ
30, Dec 2023 , 3:09 pm        
រូបភាព
ការប្រកួតវគ្គផ្តាច់ព្រ័ត្រពានរង្វាន់ Turkish Super Cup រវាងក្លិប Galatasaray និង Fe​nerbahce ដែលត្រូវធ្វើឡើងនៅក្នុងទឹកដីទីក្រុងរីយ៉ាដ​ ប្រទេសអារ៉ាប៊ីសាអូឌីត នាថ្ងៃទី២៩ ខែធ្នូ ត្រូវបានពន្យាពេល ដោយសារតែបញ្ហាជម្លោះរវាងអ្នករៀបចំការប្រកួតនៃប្រទេសតួកគី និងអារ៉ាប៊ីសាអូឌីត។
បើតាមប្រព័ន្ធផ្សព្វផ្សាយរបស់តួកគី ចំណុចសំខាន់នៃបញ្ហាក៏ព្រោះតែគោលបំណងក្រុមដែលមកពីទីក្រុងអ៊ីស្តង់បុលទាំងពីរ ចង់ពាក់អាវយឺតដែលមានរូបស្ថាបិកនៃប្រទេសតួកគីទំនើបគឺលោក Mustafa Kemal Ataturk អំឡុងពេលកំដៅសាច់ដុំ មុនពេលចាប់ផ្តើមការប្រកួត។
 
ប្រព័ន្ធផ្សព្វផ្សាយតួកគី បានផ្សាយថា មន្ត្រីរៀបចំការប្រកួតរបស់អារ៉ាប៊ីសាអូឌីត បានជំទាស់សំណើររបស់ក្លិបមកពីតួកគី ហើយក្លិបមួយនេះ ក៏បានបដិសេធមិនចូលរួមប្រកួតវគ្គផ្តាច់ព្រ័ត្រ Super Cup ដែលគ្រោងធ្វើឡើងនៅក្នុងកីឡដ្ឋាន Al-Awwal Park។ ការប្រកួតរវាង Galatasaray និង Fenerbahce ត្រូវបានគេដឹងថាជាការប្រកួតគម្រប់ខួប ១០០ឆ្នាំ នៃការបង្កើតសាធារណៈរដ្ឋតួកគីឡើង។



«Super Cup ឆ្នាំ ២០២៣ ត្រូវបានពន្យាពេល និងលើកទៅកាន់ពេលក្រោយ ពេលដែលលទ្ធផលនៃការសម្រេចចិត្តរួមគ្នាដែលយើងបានធ្វើជាមួយនឹងក្លិបរបស់យើង ដោយសារតែបញ្ហាមួយចំនួននៅក្នុងស្ថាប័នរបស់ខ្លួន។»។ នេះបើតាមសេចក្តីថ្លែងការណ៍រួមរបស់ក្លិបទាំងពីជាមួយនឹងសហព័ន្ធបាល់ទាត់ប្រទេសតួកគី ចំពោះបញ្ហា ដោយការបង្ហោះនៅលើបណ្តាញសង្គម X អតីត Twitter។
 
បន្ទាប់ពីបញ្ហាកើតមានឡើង ពេលវេលានៃការប្រកួត និងទីតាំងកីឡដ្ឋានប្រកួតថ្មី នៅមិនទាន់មានការសម្រេចជាថ្មីនៅឡើយ។ នៅក្នុងសេចក្តីថ្លែងការណ៍រួមដដែលនោះ ស្ថាប័នបាល់ទាត់ប្រទេសតួកគី និងក្លិបទាំងពីរ ក៏បានចេញសេចក្តីថ្លែងការណ៍អរគុណដល់ប្រទេសអារ៉ាប៊ីសាអូឌីត និងសហព័ន្ធ ព្រមទាំងមន្ត្រីអាជ្ញាធរបាល់ទាត់ ចំពោះការយកចិត្តទុកដាក់លើការងាររៀបចំការប្រកួត។
 
មានរបាយការណ៍ប្រព័ន្ធផ្សាយផ្សេងទៀតបានផ្សាយថា ភ្លេងជាតិ និងទង់ជាតិរបស់តួកគី មិនត្រូវបានអនុញ្ញាតនៅវគ្គផ្តាច់ព្រ័ត្រ ប៉ុន្តែសហព័ន្ធបាល់ទាត់តួកគីថា គ្មានរឿងបែបនេះនោះឡើយ៕
 
 
 

Tag:
 Turkish Super Cup
  អារ៉ាប៊ីសាអូឌីត
© រក្សាសិទ្ធិដោយ thmeythmey.com