កីឡាអន្តរជាតិ
អន្តរជាតិ
អារ៉ាប៊ីសាអូឌីតនឹងសម្រេចក្តីស្រម៉ៃ ក្រោយធ្វើឱ្យកក្រើកខ្លាំងនៃវិស័យបាល់ទាត់ក្នុងឆ្នាំ ២០២៣
30, Dec 2023 , 8:29 pm        
រូបភាព
ឆ្នាំ ២០២៣ ជាឆ្នាំដ៏កក្រើក សម្រាប់វិស័យបាល់ទាត់របស់ប្រទេសអារ៉ាប៊ីសាអូឌីត ។ ប្រទេសនេះ បាននាំកីឡាករកំពូលល្បីៗមកពីតំបន់អឺរ៉ុបជាមួយនឹងតម្លៃខ្លួនថ្លៃៗ រួមទាំងការដេញថ្លៃ ដើម្បីធ្វើជាម្ចាស់ផ្ទះរៀបចំការប្រកួតព្រឹត្តិការណ៍ World Cup នៅឆ្នាំ ២០៣៤ បានយ៉ាងជោគជ័យ ព្រមទាំងដំណាក់កាលនៃការប្រកួតក្លិបអន្តរទ្វីបរបស់ FIFA។
អារ៉ាប៊ីសាអូឌីត បានអភិវឌ្ឍន៍ និងវិនិយោគទៅលើវិស័យកីឡាដ៏ច្រើន ដូចជាកីឡាប្រណាំងរថយន្ត Formula One, កីឡាវាយកូនហ្គោល, កីឡាវាយកូនបាល់តេស្តន្នីស, កីឡាចំបាប់បែបកម្សាន្ត​ (WWE), កីឡាប្រដាល់ពិភពលោក ហើយកីឡាបាល់ទាត់ បានបង្ហាញភាពលេចធ្លោខ្លាំងបំផុតជាងគេ នៅក្នុងឆ្នាំ ២០២៣ ។
 
​ចាប់តាំងពីឆ្នាំ ២០២១ ក្រោយពេលដែលគម្រោងវិនិយោគសាធារណៈរបស់អារ៉ាប៊ីសាអូឌីត (PIF) បានចាប់ផ្តើមទិញក្លិបស្ថិតក្នុងលីគអង់គ្លេស Newcastle United គម្រោងនៃការអភិវឌ្ឍន៍វិស័យកីឡារបស់ប្រទេសស្ថិតក្នុងតំបន់មជ្ឈិមបូព៌ាមួយនេះ ក៏ចាប់ផ្តើមផ្ទុះកក្រើកខ្លាំង ។ ជាពិសេសបានទាក់ទាញកីឡាករពីតំបន់អឺរ៉ុប ទៅប្រកបអាជីពនៅក្នុងលីគ Saudi Pro League។ 



គម្រោង PIF បានកាន់កាប់ក្លិបចំនួន ៤ ធំៗនៅក្នុងលីគ ចាប់តាំងពីខែមិថុនា ឆ្នាំ ២០២២ ។ ក្នុងនោះមានក្លិប Al Nassr, Al Ittihad, Al Ahli និង Al Hilal ហើយក្លិបទាំងនេះ បានចំណាយប្រាក់ដ៏ច្រើន ដើម្បីនាំយកកីឡាករល្បីៗដូចជា Neymar, Karim Benzema, Riyad Mahrez, Sadio Mane និង ​N’Golo Kante ជាដើម។ លើសពីនេះខ្សែប្រយុទ្ធ Cristiano Ronaldo ដែលបានចូលរួមជាមួយនឹង​ Al Nassr បានក្លាយជាបុគ្គលដ៏សំខាន់ ដែលរួមចំណែកជួយដល់បាល់ទាត់អារ៉ាប៊ីសាអូឌីត ព្រោះតែវត្តមានរូបគេបានទាក់ទាញកីឡាករខ្លាំងដទៃទៀត។
ថវិកាជិត ១ពាន់លានដុល្លារ ត្រូវបានចំណាយសម្រាប់នាំយកកីឡាករល្បីៗមកកាន់លីគ កាលពីទីផ្សារដោះដូរ នាដើមខែមករា និងនៅទីផ្សារដោះដូរពាក់កណ្តាលឆ្នាំ ២០២៣។ គម្រោង PIF នឹងបន្តនាំយកកីឡាករល្បីៗជាច្រើនទៀត នៅក្នុងពេលទីផ្សារដោះដូរក្នុងខែមករា ឆ្នាំ ២០២៤ ខាងមុខ។
 
ចំពោះការចំណាយប្រាក់យ៉ាងច្រើនសន្ធឹកសន្ធាប់ទៅលើវិស័យកីឡាបែបនេះ អារ៉ាប៊ីសាអូឌីត ក៏ទទួលបាននូវពាក្យរិះគន់ថា បានប្រើប្រាស់កីឡាដើម្បីលុបលាងរឿងអាស្រូវអាក្រក់ខ្លួន ។ តែយ៉ាងណា អារ៉ាប៊ីសាអូឌីត បានអះអាងពីបំណងជាក់ស្តែង ក្នុងការពង្រីកខ្លួនឱ្យក្លាយទៅជាប្រទេសដ៏ខ្លាំង សម្រាប់វិស័យបាល់ទាត់ និងឱ្យខ្លាំងជាងប្រទេសជិតខាងខ្លួន ដូចជាអេម៊ីរ៉ាត់អារ៉ាប់រួម និងកាតាជាដើម ដែលបានចាយប្រាក់ច្រើនលើសលុបទៅលើក្លិបបាល់ទាត់ នៅក្នុងតំបន់អឺរ៉ុប។
  


ទៅលើវិស័យកីឡានេះ អារ៉ាប៊ីសាអូឌីត ចង់ធ្វើដំណើរវែងឆ្ងាយបន្ថែមទៀត ដើម្បីបញ្ចូលវិស័យកីឡានេះ ជាផ្នែកមួយនៃគម្រោងចក្ខុវិស័យសេដ្ឋកិច្ចរបស់ពួកគេ នៅក្នុងឆ្នាំ ២០៣០ និងការធ្វើឱ្យមានមុខមាត់ល្បីល្បាញខ្លាំង នៅលើពិភពលោក។ ការបង្កើនភាពខ្លាំងនៃលីគបាល់ទាត់ក្នុងស្រុក អាចជួយរុញច្រានលីគកំពូលអារ៉ាប៊ីសាអូឌីត ឱ្យឈានជើងចូលទៅក្នុងចំណោមលីគបាល់ទាត់កំពូលទាំង ១០ នៅលើពិភពលោក ហើយរឿងនេះ ជាកត្តាដ៏សំខាន់ ដែលអារ៉ាប៊ីសាអូឌីត កំពុងតែព្យាយាមធ្វើឱ្យក្លាយជាការពិត។
 
សម្រាប់ដើមឆ្នាំ ២០២៤ បាល់ទាត់អារ៉ាប៊ីសាអូឌីត នឹងធ្វើឱ្យមានការចាប់អារម្មណ៍ខ្លាំងសារជាថ្មី សម្រាប់អ្នកគាំទ្រនៅលើពិភពលោក ដោយនៅសល់តែប៉ុន្មានសប្តាហ៍ទៀតប៉ុណ្ណោះ ។ ការប្រកួតដែលមនុស្សគ្រប់គ្នាទន្ទឹងរង់ចាំមើល និងចង់ឃើញលើកចុងក្រោយនោះគឺការប្រកួតរវាង Lionel Messi ជាមួយនឹង Ronaldo ម្តងទៀត ពេលដែលក្លិប Inter Miami ត្រូវប្រកួតមិត្តភាពជាមួយនឹង Al Nassr នៅក្នុងទីក្រុងរីយ៉ាដ ថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ ២០២៤។
 
ឆ្នាំ ២០២៤ ខាងមុខ ប្រទេសអារ៉ាប៊ីសាអូឌីត ដែលជាប់ឈ្មោះជាបេក្ខភាពតែមួយរូបគត់ ក្នុងការដេញថ្លៃសម្រាប់ធ្វើជាម្ចាស់ផ្ទះ World Cup នៅឆ្នាំ ២០៣៤ ក៏អាចនឹងត្រូវបានផ្តល់សច្ចាប័ន ដោយសហព័ន្ធបាល់ទាត់អន្តរជាតិ (FIFA) ៕
 
 
 
 
 
 

Tag:
 អារ៉ាប៊ីសាអូឌីត
© រក្សាសិទ្ធិដោយ thmeythmey.com