កីឡាអន្តរជាតិ
អន្តរជាតិ
លោក Ten Hag ថា ក្លិបគ្មានការរំខានពីការវិនិយោគរបស់មហាសេដ្ឋី Ratcliffe នោះទេ
30, Dec 2023 , 5:29 pm        
រូបភាព
មួយសប្ដាហ៍ហើយ ដែលមហាសេដ្ឋីអង់គ្លេសលោក Jim Ratcliffe បានក្លាយជាម្ចាស់ភាគហ៊ុនមួយចំណែកនៅក្នុងក្លិប Manchester United ។ ប៉ុន្តែរឿងរ៉ាវនៃការផ្ទេរការគ្រប់គ្រងនេះ លោក Erik ten Hag ថា មិនមែនជាការរំខានដល់ការផ្តោតអារម្មណ៍របស់ក្រុម ដែលត្រូវប្រកួតជាមួយក្លិប Nottingham Forest ឡើយ។
ចាប់តាំងពីការចូលគ្រប់គ្រងប្រតិបត្តិការបាល់ទាត់របស់ក្លិបបិសាចក្រហម ក្រោយការទិញភាគហ៊ុន ២៥ភាគរយរួចមក អ្នកចាត់ការសញ្ជាតិហូឡង់មិនទាន់បានជជែក ឬក៏បាននិយាយទាក់ទងទៅកាន់នរណាម្នាក់ពីក្រុមហ៊ុន INEOS របស់លោក Ratcliffe នៅឡើយទេ។ លោក Ten Hag មានភាពមរមាញឹកខ្លាំងសម្រាប់ការប្រកួតចាប់តាំងពីពេលបុណ្យណូអែល បន្ទាប់ពីក្រុមបានប្រកួតឈ្នះ ៣-២ លើក្រុម Aston Villa ហើយត្រូវត្រៀមខ្លួនសម្រាប់ការប្រកួតទល់ Nottingham Forest បន្តទៀតនាថ្ងៃទី៣០ ខែធ្នូ។
 
«ខ្ញុំកំពុងសម្លឹងទៅមុខ ពួកគេចង់ធ្វើការជានឹងខ្ញុំ ហើយខ្ញុំក៏ដូចគ្នាជាមួយនឹងពួកគេ យើងនឹងត្រូវមានការពិភាក្សាគ្នានៅក្នុងកិច្ចប្រជុំនៅពេលបន្ទាប់។ ខ្ញុំកំពុងតែផ្តោតអារម្មណ៍លើការប្រកួតច្រើនជាងនេះ ខ្ញុំបានបដិសេធចំពោះការជជែងពេលនេះ នៅពេលនេះខ្ញុំមិនចង់មានការរំខាននោះទេ នៅប៉ុន្មានថ្ងៃខាងមុខនេះ នឹងមានពេលវេលាសម្រាប់ពួកគេយលង បន្ទាប់មកយើងនឹងដឹងបន្ថែមទៀត។»។ លោក ten Hag បាននិយាយបែបនេះមុនការប្រកួតទល់នឹងក្រុម Nottingham Forest។
 
ប៉ុន្តែអ្វីដែលជាក្តីបារម្ភរបស់លោក Hag គឺបញ្ហាកីឡាករសំខាន់ៗរបួសច្រើន ។ លោក នៅតែទន្ទឹងរង់ចាំកីឡាករសំខាន់ៗ វិលត្រឡប់មកកាន់ការប្រកួតយ៉ាងអន្ទះសារ ព្រោះតែបញ្ហារបួសកីឡាករច្រើន បានរុញច្រានក្រុមបិសាចក្រហម ធ្វើមិនបានល្អនៅក្នុងរដូវកាល​ ២០២៣-២៤។
 
ទោះបីជាមិនទាន់ជជែកជាមួយក្រុមហ៊ុន INEOS ដែលត្រូវគ្រង់គ្រងផ្នែកបាល់ទាត់របស់ក្លិបបិសាចក្រហមក្តី ប៉ុន្តែបុរសវ័យ ៥៣ឆ្នាំរូបនេះ អះអាងថា នឹងសម្លឹងមើលភាពវិជ្ជមាន ក្នុងការធ្វើការរួមគ្នាជាមួយនឹងក្រុមប្រតិបត្តិផ្នែកកីឡារបស់ INEOS។
 
ក្រុមបិសាចក្រហមនឹងត្រូវធ្វើដំណើរទៅកាន់កីឡដ្ឋាន ​City Ground ដើម្បីប្រកួតតទល់ជាមួយនឹងក្រុម Nottingham Forest ដែលកំពុងដឹកនាំដោយគ្រូបង្វឹកថ្មីលោក Nuno Santo វេលាម៉ោង ០០:៣០នាទីយប់។ Man United បន្តជួបការលំបាកខ្លាំងបន្ថែមទៀត ខណៈដែលក្រុមមានកីឡាកររបួសដល់ទៅ ១០រូប ថែមទាំងជាកីឡាករសំខាន់ៗប្រចាំក្រុម៕
 

Tag:
 Erik ten Hag
  Manchester United
© រក្សាសិទ្ធិដោយ thmeythmey.com