កីឡាអន្តរជាតិ
អន្តរជាតិ
លោក ​Ancelotti បន្តកិច្ចសន្យាដល់ឆ្នាំ ២០២៦ ជាមួយក្លិបយក្ស Real Madrid
31, Dec 2023 , 11:29 am        
រូបភាព
លោក ​Carlo Ancelotti បានបន្តកិច្ចសន្យាដឹកនាំក្រុមយក្សប្រចាំអេស្ប៉ាញ Real Madrid រហូតដល់ឆ្នាំ ២០២៦ ។ ការបន្តកិច្ចសន្យានេះ អាចរុញច្រានអ្នកចាត់ការសញ្ជាតិអ៊ីតាលីរូបនេះ ឃ្លាតឆ្ងាយពីឱកាសក្នុងការទៅដឹកនាំក្រុមជម្រើសជាតិប្រេស៊ីល ខណៈសហព័ន្ធបាល់ទាត់ប្រេស៊ីល (​CBF) ធ្លាប់ប្រកាសពីបំណងចង់បានអ្នកចាត់ការរូបនេះ។
«​Real Madrid នឹងលោក Carlo Ancelotti បានឈានដល់កិច្ចព្រមព្រៀងក្នុងការបន្តកិច្ចសន្យារបស់លោករហូតដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ ២០២៦។»។ នេះបើតាមសេចក្តីថ្លែងការណ៍របស់ក្លិប Real Madrid។
 
កាលពីខែកក្កដា មានរបាយការណ៍ការមួយត្រូវបានផ្សាយថាលោក Ancelotti ដែលមានវ័យ ៦៤ឆ្នាំ អាចនឹងក្លាយជាគ្រូបង្វឹកបរទេសលើកដំបូង ក្នុងក្រុមជម្រើសជាតិប្រេស៊ីល ក្នុងរយៈពេលជិត ៦០ឆ្នាំ ដោយសារកាលនោះកិច្ចសន្យារបស់អ្នកចាត់ការសញ្ជាតិអ៊ីតាលី ត្រូវបានគេដឹងថា នឹងផុតជាមួយនឹងក្លិប Real Madrid នៅចុងបញ្ចប់រដូវកាល។
 
បច្ចុប្បន្នក្រុមប្រេស៊ីលមិ​នទាន់មានគ្រូបង្វឹកពេញសិទ្ធិនៅឡើយទេ ដោយសហព័ន្ធ CBF បានតែងតាំងលោក Fernando Diniz ជាអ្នកចាត់ការបណ្តោះអាសន្ន មុនពេលសហព័ន្ធបានរំពឹងចង់បានលោក Ancelotti ចូលមកដឹកនាំសម្រាប់ការប្រកួតក្នុងពានរង្វាន់ Copa America ក្នុងឆ្នាំ ២០២៤។
 
លោក Ancelotti ជាគ្រូបង្វឹកដ៏ខ្លាំងពូកែមួយរូបនៅលើពិភពបាល់ទាត់សម័យទំនើប នាពេលបច្ចុប្បន្ន ដោយលោកបានដឹកនាំក្រុមឈ្នះពានរង្វាន់ UEFA Champions league ចំនួន ៤លើក ជាមួយនឹង AC Milan និង Real Madrid។ មិនត្រឹមតែប៉ុណ្ណោះក៏មានពានរង្វាន់ប្រចាំលីគធំៗដូចជា La Liga ជាមួយ Real Madrid, Serie A ជាមួយ AC Milan, Premier League ជាមួយ Chelsea, Bundesliga ជាមួយ Bayern Munich និង Ligue 1 របស់បារាំងជាមួយក្លិប Paris Saint Germain ផងដែរ។
 
កន្លងមកជាច្រើនខែ ក៏មានព័ត៌មានបានផ្សាយថាលោក Ednaldo Rodriguez ដែលជាប្រធាន CBF តែងតែចរចាជាមួយនឹងលោក Ancelotti ជារឿយៗក្នុងការអន្ទង់ចិត្តអ្នកចាត់ការសញ្ជាតិអ៊ីតាលី មកជួយក្រុមជម្រើសជាតិប្រេស៊ីល។ 
 
ក្រុមប្រេស៊ីលបច្ចុប្បន្នក្រោមការដឹកនាំរបស់លោក Diniz ធ្វើមិនសូវបានល្អប៉ុន្មានឡើយ ដោយការប្រកួតកន្លងមក ក្រុមទទួលបរាជ័យ ៣លើកជាប់គ្នា ក្នុងចំណោមការប្រកួតសរុប ៦លើក ហើយក្រុមខ្លាំងក្នុងតំបន់មួយនេះ បានធ្លាក់ទៅឈរចំណាត់ថ្នាក់លេខ ៦ ក្នុងតារាងការប្រកួតជម្រុះពានរង្វាន់ World Cup ឆ្នាំ ២០២៦ របស់ទ្វីបអាមេរិកខាងត្បូង៕
 
 

Tag:
 Carlo Ancelotti
  Real Madrid
© រក្សាសិទ្ធិដោយ thmeythmey.com