កីឡាអន្តរជាតិ
អន្តរជាតិ
EPL ៖ Forest យកឈ្នះលើកដំបូងលើ Man Utd, Chelsea ឈ្នះ Luton រីឯ City បន្តជ័យជម្នះ
31, Dec 2023 , 2:29 pm        
រូបភាព
Manchester United រងបរាជ័យជាថ្មីក្រោមថ្វីជើងក្រុមម្ចាស់ផ្ទះ Nottingham Forest ដោយលទ្ធផល ២-១ ក្នុងជំនួបក្របខណ្ឌ Premier League នាថ្ងៃទី៣០ ខែធ្នូ ក្នុងកីឡដ្ឋាន Ground City។ ចំណែកក្រុមតោខៀវ Chelsea វាយបកឈ្នះការប្រកួតលើក្រុមម្ចាស់ផ្ទះ Luton Town លទ្ធផលដ៏តឹងតែង ៣​-២ ខណៈដែល Manchester City បន្តរកបានជ័យជម្នះក្នុងទឹកដីលើក្រុម ​Sheffield United ២-០។
ក្រុមដែលមានលោក Erik ten Hag ជាអ្នកចាត់ការបានបន្តជាប់គាំងនៅក្នុងចំណាត់ថ្នាក់លេខ ៧ ជាមួយនឹង ៣១ពិន្ទុពីការប្រកួតចំនួន ២០លើក ហើយក៏ជាការចាញ់លើកទី១៤ រាល់ការប្រកួតទាំងអស់ក្នុងរដូវកាល ២០២៣-២៤។ Forest យកឈ្នះលើក្រុមរហស្សនាមបិសាចក្រហម ក្លាយជាការឈ្នះលើកដំបូងក្នុងរយៈពេល ២៩ឆ្នាំ ដោយគិតចាប់តាំងពីឆ្នាំ ១៩៩៤ មកសម្រាប់ជំនួបក្នុងក្របខណ្ឌ Premier League។
 
បន្ទាប់ពីលោក Nuno Espirito Santo ​ចូលដឹកនាំក្រុម Nottingham Forest មក ក្រុមមួយនេះហាក់មានទម្រង់លេងរីកចម្រើនប្រសើរឡើងវិញ ដោយគ្រាប់បាល់ចំនួន ២គ្រាប់ ស៊ុតបញ្ចូលទីលើក្រុមបិសាចក្រហម ធ្វើបានដោយកីឡាករ Nicolas Dominguez នៅនាទី៦៤ និងកីឡាករ Morgan Gibbs-White នៅនាទី៨២​​​។ ១គ្រាប់របស់ក្រុមបិសាចក្រហមរកបានដោយខ្សែប្រយុទ្ធ Marcus Rashford។
 
ចំណែកក្រុមតោខៀវ Chelsea បានវាយបកយកឈ្នះលើក្រុមម្ចាស់ផ្ទះ Luton Town នៅក្នុងកីឡដ្ឋាន Kenilworth Road ទាំងដែលលទ្ធផលតឹងតែង ៣-២។ ជ័យជម្នះរបស់តោខៀវ រកបានដោយកីឡាករ Cole Palmer ដែលស៊ុតបាល់ចំនួន ២គ្រាប់ម្នាក់ឯងនៅនាទី១២ និងនាទី៧០ ដោយរួមចំណែកពីកីឡាករ Noni Madueke ស៊ុតបញ្ចូលទីនៅនាទី៣៧។ ក្រុមម្ចាស់ផ្ទះក៏បានប្រឹងប្រែងខ្លាំងក្នុងការស្វែងរកគ្រាប់បាល់ត្រឡប់មកវិញ ដោយកីឡាករ Ross Barkley ស៊ុតបញ្ចូលទីនៅនាទី៨០ និងកីឡាករ Elijah Adebayo នាទី៨៧។ ទោះយ៉ាងណាហាក់បីយឺតពេលក្នុងការស្វែងរកគ្រាប់តាមស្មើសម្រាប់ពួកគេ។
 
ក្រុម Manchester City បន្តយកឈ្នះការប្រកួតរបស់ខ្លួន ដោយបានយកឈ្នះលើក្រុម Sheffield United ក្នុងលទ្ធផល ២-០ ខណៈដែលក្រុមរហស្សនាមមេឃខៀវបញ្ចប់ការប្រកួតឆ្នាំ ២០២៣ ដោយមិនដែលចាញ់ក្នុងទឹកដីមួយប្រកួតណាសោះ។ ក្នុងការប្រកួតទល់នឹង Sheffield United ក្រុមម្ចាស់ផ្ទះដែលដឹកនាំដោយលោក Pep Guardiola ក៏បានធ្វើកម្មវិធីដាក់បង្ហាញពានរង្វាន់មុន ដែលខ្លួនបានឈ្នះទាំង ៥ កន្លងមក ទៅកាន់អ្នកគាំទ្រ។
 
Aston Villa បន្ទាប់ពីចាញ់ក្រុមបិសាចក្រហមកាលពី ៣ថ្ងៃមុន ក៏បានវិលត្រឡប់យកឃើញជ័យជម្នះក្នុងទឹកដីខ្លួនឡើងវិញ ដោយបានឈ្នះលើក្រុម Burnley ដោយលទ្ធផល ៣-២ ក្នុងកីឡដ្ឋាន Villa Park ដើម្បីបន្តឈរនៅចំណាត់ថ្នាក់ក្រុមកំពូលតារាងទាំង ៤។ 
 
Crystal Palace ប្រកួតឈ្នះលើក្រុម Brentford លទ្ធផល ៣-១ នៅក្នុងទឹកដី ខណៈដែល Wolves បានបំបាក់ក្រុម Everton លទ្ធផល ៣-០ ក្នុងទឹកដីដូចគ្នា៕
 

Tag:
 Premier League
© រក្សាសិទ្ធិដោយ thmeythmey.com