កីឡាអន្តរជាតិ
អន្តរជាតិ
Ronaldo បញ្ចប់ការប្រកួតប្រចាំឆ្នាំ ២០២៣ ដោយស៊ុតគ្រាប់ទី ៥៤ ច្រើនជាងគេលើពិភពលោក
31, Dec 2023 , 4:59 pm        
រូបភាព
Cristiano Ronaldo បានបញ្ចប់ការប្រកួតចុងក្រោយសម្រាប់ឆ្នាំ ២០២៣ ដោយការស៊ុតមួយគ្រាប់នៅក្នុងជ័យជម្នះរបស់ក្រុម Al Nassr យកឈ្នះលើក្រុម Al Taawoun លទ្ធផល ៤-១។ ការប្រកួតបញ្ចប់ឆ្នាំ ២០២៣ ខ្សែប្រយុទ្ធវ័យ ៣៨ឆ្នាំ ក៏បានបង្ហោះសារអបអរគ្រាប់បាល់ទី ៥៤ របស់គេផ្ទាល់ដែលជាការស៊ុតទូទាំងឆ្នាំ ២០២៣ ផ្ទាល់។
ជ័យជម្នះរបស់ក្រុម Al Nassr ទាំង ៤គ្រាប់ ជាការសហការយ៉ាងល្អពីសំណាក់កីឡាករក្នុងក្រុម ដោយធ្វើបានពីសំណាក់កីឡាករ Marcelo Brozovic, Aymeric Laporte និង Otavio ព្រមទាំងចុងក្រោយខ្សែប្រយុទ្ធវ័យ ៣៨ឆ្នាំដែលជាប្រធានក្រុមផ្ទាល់ ។
 
៥៤គ្រាប់ ដែលខ្សែប្រយុទ្ធវ័យចំណាស់ធ្វើបាន គឺជាការស៊ុតបាល់ទាំងនៅក្រុមជម្រើសជាតិព័រទុយហ្កាល់ និងជាមួយក្លិប Al Nassr ទូទាំងឆ្នាំ ២០២៣។ បច្ចុប្បន្នខ្សែប្រយុទ្ធប្រធានក្រុមរូបនេះ ក៏កំពុងតែនាំមុខសម្រាប់ការប្រជែងស្បែកជើងមាសនៅក្នុងក្របខណ្ឌ Saudi Pro League បន្ទាប់ពីគេរកបាន ២០គ្រាប់ ពីការបង្ហាញខ្លួនចំនួន ១៨លើក។
 
ជាមួយនឹងកំណត់ត្រាដ៏ពិសេសថ្មីបន្ថែមទៀត តារាបាល់ទាត់ព័រទុយហ្កាល់បាននិយាយប្រាប់កាសែត SSC Sports ថា រូបគេរីករាយយ៉ាងខ្លាំងដែលបានបញ្ចប់ការប្រកួតក្នុងឆ្នាំ ២០២៣ ដោយមានការទទួលបាននូវកំណត់ត្រាថ្មី និងការស៊ុតបាល់ដ៏ច្រើន ជួយដល់ក្លិប Al Nassr។
 
«ខ្ញុំពិតជាសប្បាយរីករាយខ្លាំង វាជាឆ្នាំដ៏អស្ចារ្យសម្រាប់ខ្ញុំក្នុងការទទួលបាននៅកំណត់ត្រាឯកត្តជនបន្ថែមទៀតដូចដែលអ្វីដែលបានទទួល។ ខ្ញុំបានស៊ុតគ្រាប់បាល់ច្រើនខ្លាំង ខ្ញុំបានជួយដល់ក្រុម Al Nassr និងសម្រាប់ក្រុមជម្រើសជាតិ ពេលនេះខ្ញុំមានអារម្មណ៍ល្អខ្លាំង និងរីករាយសម្រាប់ឆ្នាំក្រោយ ខ្ញុំនឹងព្យាយាមធ្វើវាម្តងទៀត។»។ Ronaldo បាននិយាយបែបនេះ។
 
ជាមួយកំណត់ត្រាដ៏អស្ចារ្យប្រចាំឆ្នាំ Ronaldo ជាកីឡាករឈរកំពូលគេបង្អស់ក្នុងនាមជាកីឡាករដែលរកគ្រាប់បាល់បានច្រើនជាងគេប្រចាំឆ្នាំ ដោយឈរពីលើកីឡាករ Karry Kane របស់ក្រុម Bayern Munich និង Kylian Mbappe របស់ Paris Saint Germain ដែលរកបានចំនួន ៥២គ្រាប់តែប៉ុណ្ណោះ។
 
ចាប់តាំងពីផ្លាស់ទៅកាន់ទឹកអារ៉ាប៊ីសាអូឌីត ទម្រង់លេងរបស់កីឡាករវ័យ ៣៨ឆ្នាំ ហាក់មានការហក់ឡើងវិញនូវកម្រិតបច្ចេកទេស ការបញ្ចប់ទីនិងការគ្រប់គ្រងក្រុមផងដែរ។ Ronaldo តែងតែរកបានគ្រាប់បាល់ពីការបញ្ជូនពីសំណាក់មិត្តរួមក្រុម ហើយរូបគេក៏តែងតែចែករំលែកគ្រាប់បាល់សម្រាប់មិត្តរួមក្រុមខ្លួនដូចគ្នា ភាពស៊ីសង្វាក់គ្នាក្នុងក្រុមបានជំរុញឱ្យកីឡាករប្រធានក្រុមរូបនេះ ចាប់ផ្តើមរកឃើញទម្រង់លេងល្អឡើងវិញទាំងនៅក្លិប និងជម្រើសជាតិ៕
 
 

Tag:
 Cristiano Ronaldo
© រក្សាសិទ្ធិដោយ thmeythmey.com