កីឡាអន្តរជាតិ
អន្តរជាតិ
ចាញ់ Forest! លោក Ten Hag ថា ពេលកីឡាករជាពីរបួស នឹងអាចដោះស្រាយវិបត្តិរបស់ក្រុមឡើងវិញ
31, Dec 2023 , 3:59 pm        
រូបភាព
បន្ទាប់ពីក្រុមប្រកួតចាញ់ក្រោមថ្វីជើងក្រុមម្ចាស់ផ្ទះ Nottingham Forest ដោយលទ្ធផល ២-១ នាថ្ងៃទី៣០ ខែធ្នូ លោក Erik ten Hag នៅតែទទូចថា នៅពេលកីឡាករសំខាន់ៗរបស់ក្រុមវិលត្រឡប់ជាពីបញ្ហារបួស នឹងអាចជួយដល់លោកដោះស្រាយវិបត្តិ ដែលកំពុងបន្តកើតមាននៅក្នុងក្លិប Manchester United។
បិសាចក្រហមបានបរាជ័យក្នុងការប្រកួតបិទបញ្ចប់ចុងក្រោយក្នុងឆ្នាំ ២០២៣ ក្រោមថ្វីជើងរបស់ Nottingham Forest ក្នុងកីឡដ្ឋាន ​Ground City។ Man United បានចាញ់ការប្រកួតចំនួន ១៤លើក រាល់ការប្រកួតសម្រាប់រដូវកាល ២០២៣-២៤ ហើយក៏ជាការប្រកួត ដែលទទួលបានលទ្ធផលដ៏អាក្រក់បំផុតមិនធ្លាប់មាន ចាប់តាំងពីរដូវកាល ១៩៣០-៣១ មក។
 
ទោះចាញ់ការប្រកួតជារឿយៗ ប៉ុន្តែអ្នកចាត់ការសញ្ជាតិហូឡង់នៅតែមានជំនឿចិត្តថា បញ្ហាកំពុងកើតមាន នឹងត្រូវបានដោះស្រាយ ពេលដែលកីឡាករសំខាន់ៗ បានវិលត្រឡប់ពីរបួសវិញ។
 
«យើងត្រូវតែធ្វើឱ្យការលេងរបស់យើងស្របនិងត្រូវតែធ្វើឱ្យល្អប្រសើរជាងនេះ ការប្រកួតមានរយៈពេល ៩០នាទី ហើយយើងត្រូវវិនិយោគចាប់ពីនាទីដំបូង។ យើងមានសង្ឃឹមថាកីឡាករជាច្រើននឹងវិលត្រឡប់នៅឆ្នាំថ្មី ហើយពួកគេនឹងនាំមកនៅកម្លាំងដល់ក្រុមទាំងមូល យើងដឹងពីមូលហេតុដែលការងារដំណើរការមិនសូវល្អ គ្មានក្រុមណាអាចប្រជែងនឹងបញ្ហាទាំងនេះបានល្អនោះទេ ហើយយើងមានបញ្ហារបួសច្រើន យើងគួរតែធ្វើឱ្យវាល្អជាងនេះ។»។ លោក Ten Hag បានលើកឡើងបែបនេះ។
 
ការប្រកួតទល់នឹង Nottingham Forest ក្រុមបិសាចក្រហមអវត្តមានកីឡាករសំខាន់ៗដូចជា Casemiro, Lisandro Martinez, Mason Mount, Harry Maguire, Luke Shaw, Sofyan Amrabat, Anthony Martial ព្រមទាំង Rasmus Hojlund បន្ថែមទៀត។
 
Man United បន្តជាប់គាំងឈរនៅចំណាត់ថ្នាក់លេខ ៧ ដោយមានត្រឹម ៣១ពិន្ទុ ពីការប្រកួតចំនួន ២០លើកពាក់កណ្តាលរដូវកាល។​ ចំណែកក្រុម Forest ស្ថិតនៅចំណាត់ថ្នាក់លេខ ១៥ ដោយរកបាន ២០ពិន្ទុ ពីការប្រកួតចំនួន ២០លើកកន្លងមក។
 
ការប្រកួតបន្ទាប់នៅក្នុងឆ្នាំ ២០២៤ បិសាចក្រហមនឹងត្រូវបើកទ្វារកីឡដ្ឋាន Old Trafford ស្វាគមន៍ក្រុមភ្ញៀវ Tottenham Hotspur នៅថ្ងៃទី១៤ ខែមករា មុនពេលក្រុម Nottingham ត្រូវទៅប៉ះក្រុម Brentford នៅថ្ងៃទី២១ ខែមករា៕
 

Tag:
 Manchester United
  Erik ten Hag
© រក្សាសិទ្ធិដោយ thmeythmey.com