កីឡាអន្តរជាតិ
អន្តរជាតិ
Lloris ចេញពី Spurs ទៅចូលរួមជាមួយក្លិបនៅលីគអាមេរិក LAFC
31, Dec 2023 , 5:59 pm        
រូបភាព
 
កីឡាករចាំទី Hugo Lloris ម្ចាស់ពាន World Cup 2018 បានទៅចូលរួមជាមួយនឹងក្លិបស្ថិតក្នុងក្របខណ្ឌ Major League Soccer ក្រុម Los Angeles FC ក្រោយរូបគេសម្រេចចេញពីក្រុម Tottenham Hotspur។ នេះបើតាមការប្រកាសរបស់ក្លិបទាំងពីរនាថ្ងៃទី៣០ ខែធ្នូ។
អ្នកចាំទីវ័យ ៣៧ឆ្នាំ បានចេញពី Spurs មុនពេលកិច្ចសន្យារបស់គេត្រូវបានផុតកំណត់នៅខែមិថុនា ឆ្នាំ ២០២៤ ដោយគេបានចុះកិច្ចសន្យា ១រដូវកាលប៉ុណ្ណោះជាមួយនឹង LAFC ដោយមានជម្រើសបន្តបន្ថែម ២ឆ្នាំ ពោលនៅក្នុងឆ្នាំ ២០២៥ និង ២០២៦ បន្ទាប់ចំណាយពេល ១១ឆ្នាំនៅក្នុងទីក្រុងឡុងដ៍។
 
«ពិតជាអរគុណដល់ការគាំទ្រចាប់តាំងពីថ្ងៃទីមួយ វាពិតជាមហាកិត្តិយសខ្លាំងណាស់ដែលបានក្លាយជាផ្នែកមួយនៃក្រុមរបស់អ្នក ក៏ដូចជាប្រធានក្រុមផងដែរ។ វាជាពេលវេលាបិទបញ្ចប់ទំព័រត្រឹមនេះ ប៉ុន្តែអ្នកនឹងនៅតែស្ថិតក្នុងបេះដូងខ្ញុំ ក្លិប Spurs នឹងនៅតែទីកន្លែងដ៏ពិសេសបំផុតសម្រាប់ខ្ញុំ និងគ្រួសារខ្ញុំ អរគុណសម្រាប់ការចងចាំដ៏ល្អដែលយើងបានចែករំលែកគ្នា ជូនពរអ្នករាល់គ្នាសំណាងល្អ។»។ Lloris បានបង្ហោះវីដេអូផ្ញើសារនៅលើបណ្តាញសង្គម Instagram បែបនេះទៅកាន់ក្លិប Spurs។
 
បង្ហាញខ្លួន ៤៤៧ប្រកួត ឱ្យ Spurs អ្នកចាំទីសញ្ជាតិបារាំងបានការងារសំណាញ់ទីមិនឱ្យរបូតគ្រាប់បាល់ចំនួន ១៥១លើក ចាប់តាំងពីចូលរួមជាមួយ Spurs ក្នុងឆ្នាំ ២០១២ មក ហើយគេក៏បានជួយក្រុមឈានជើងឡើងដល់វគ្គផ្តាច់ព្រ័ត្រ UEFA Champions League នៅក្នុងឆ្នាំ ២០១៩។
 
អតីតអ្នកគាំទ្រក្រុមជម្រើសជាតិរូបនេះ បានឈ្នះ World Cup នៅក្នុងឆ្នាំ ២០១៨ ដែលប្រទេសរុស្ស៊ីធ្វើជាម្ចាស់ផ្ទះ ហើយឈានចូលខែមករា ឆ្នាំ ២០២៣ រូបគេបានប្រកាសចូលនិវត្តន៍ពីក្រុមជម្រើសជាតិបារាំង ក្នុងនាមជាកីឡាករបង្ហាញខ្លួនច្រើនជាងគេ នៅជម្រើសជាតិថែមទៀតផង៕
 

Tag:
 Hugo Lloris
  LAFC
© រក្សាសិទ្ធិដោយ thmeythmey.com