កីឡាអន្តរជាតិ
អន្តរជាតិ
FIFA ព្យួរច្បាប់ថ្មីសំដៅលើភ្នាក់ងារកីឡាករ រង់ចាំរហូតដល់បញ្ហានៅអឺរ៉ុបត្រូវបានដោះស្រាយ
31, Dec 2023 , 6:59 pm        
រូបភាព
សហព័ន្ធបាល់ទាត់អន្តរជាតិ (FIFA) ថ្ងៃទី៣០ ខែធ្នូ បានសម្រេចផ្អាកបណ្តោះអាសន្ននូវបទប្បញ្ញត្តិភ្នាក់ងារថ្មី (FFAR) សម្រាប់ភ្នាក់ងារដោះដូរកីឡាករទូទាំងពិភពលោក រហូតដល់តុលាការយុត្តិធម៌អឺរ៉ុប ផ្តល់សេចក្តីសម្រេចរបស់ខ្លួន បន្ទាប់ពីមានដីការប្រឆាំងនឹងការអនុវត្តច្បាប់ថ្មីសម្រាប់ភ្នាក់ងារមួយនេះ។
ភ្នាក់ងាររបស់កីឡាករ បានប្រឈមមុខនឹងបញ្ហាជាមួយ FIFA ចាប់តាំងពីពួកគេបានបាត់បង់ឱកាសប្ដឹងឧទ្ធរណ៍ កាលខែកក្កដា ដើម្បីទប់ស្តាក់ការបង្កើតបទប្បញ្ញត្តិថ្មី ដែលកំណត់ថ្លៃសេវា គណៈកម្មាការផ្ទេររបស់ពួកគេ និងណែនាំឱ្យមានការប្រឡង ដើម្បីអាចទទួលបានសិទ្ធិធ្វើជាភ្នាក់ងារពេញសិទ្ធិជាមួយអាជ្ញាប័ណ្ណក្នុងដៃ។
 
យ៉ាងណាតុលាការនៅក្នុងប្រទេសអាល្លឺម៉ង់ និងអេស្ប៉ាញ បានចេញដីការរួមបណ្តោះអាសន្នប្រឆាំងនឹងការអនុវត្តបទប្បញ្ញត្តិថ្មី ក្នុងការផ្ទេរកីឡាករនៅក្នុងស្រុកចាប់ពីដើមឆ្នាំ ២០២៤។
 
លើបញ្ហានេះ ​FIFA បានចាប់ផ្តើមដំណើរការដាក់ពាក្យបណ្តឹងឧទ្ធរណ៍ប្រឆាំងនឹងដីកានៅប្រទេសអាល្លឺម៉ង់ ហើយការសម្រេចត្រូវបានរំពឹងទុកថានឹងអាចធ្វើឡើងនៅក្នុងឆ្នាំ ២០២៤។
 
FIFA បាននិយាយថាខ្លួននឹងផ្អាកការអនុវត្តច្បាប់ថ្មី FFAR សម្រាប់ការផ្ទេរណាមួយ ដែលទាក់ទងជាមួយនឹងសភាអឺរ៉ុប។ តែយ៉ាងណាការផ្អាកក៏ត្រូវបានធ្វើជាសកល ដើម្បីធានាការរក្សាកម្រិតការប្រកួតឱ្យនៅស្ថេរ និងជៀសវាងបញ្ហាជាមួយនឹងការផ្ទេរអន្តរជាតិនៅ ឬមកពីទ្វីបនីមួយៗ។
 
«នៅថ្ងៃទី៣០ ខែធ្នូ ឆ្នាំ ២០២៣ ការិយាល័យក្រុមប្រឹក្សាបានអនុម័តលើការផ្អាកបណ្តោះអាសន្ននៅទូទាំងពិភពលោករបស់ច្បាប់ FFAR រហូតដល់តុលារការយុត្តិធម៌អឺរ៉ុបចេញសេចក្តីសម្រេចចុងក្រោយនៅក្នុងនីតិវិធីដែលមិនទាន់សម្រេចទាក់ទងនឹង FFAR។»។ នេះបើតាមសេចក្តីថ្លែងការណ៍របស់ FIFA។
 
ទីផ្សារដោះដូរកីឡាករក្នុងតំបន់អឺរ៉ុបនឹងត្រូវបើកទ្វារនៅថ្ងៃទី១ ខែមករា ឆ្នាំ ២០២៤ ខាងមុខនេះ។ កាលពីដើមខែធ្នូ កន្លងទៅ សាលាក្តីរបស់ FA នៃប្រទេសអង់គ្លេសក៏បានសម្រេចថាបទប្បញ្ញត្តិ ដែលបានស្នើឡើងគឺមិនស៊ីគ្នានឹងច្បាប់ប្រកួតប្រជែងរបស់អង់គ្លេស៕
 

Tag:
 FIFA
© រក្សាសិទ្ធិដោយ thmeythmey.com