ដោយ៖ ញ៉ សុខហឿន
ភ្នំពេញ៖ បច្ចុប្បន្ន អក្សរ«ចាម្ប៍ កៈ ខៈ» ហាក់ដូចជាមិនសូវមានអ្នកប្រើប្រាស់នៅក្នុងសហគមន៍ជនជាតិចាម្ប៍
នៅកម្ពុជាឡើយ ដោយជនជាតិទាំងនោះ បានងាកមមកប្រើអក្សរ ខ្មែរ និង អក្សរកម្ចី ពីអារ៉ាប់ជំនួសឱ្យភាសារបស់ខ្លួនវិញ។ ជុំវិញបញ្ហានេះ ក្រុមអ្នកស្រឡាញ់អក្សរចាម្ប៍ បានបង្ហាញនូវភាពភ័យខ្លាចក្នុងការបាត់បង់ភាសាកំណើនរបស់ខ្លួន នាពេលអនាគត។
លោក សឡេះ សឡះ ជានិស្សិតកំពុងសិក្សាថ្នាក់បណ្ឌិតមុខវិជ្ជាគ្រប់គ្រងការអប់រំ នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ បានបង្ហាញនូវក្ដីបារម្ភ ដោយខ្លាចបាត់បង់នូវអក្សរកំណើតរបស់ខ្លួន ដែលជា«អក្សរចាម្ប៍»នាពេលអនាគត។ លោក បានកត់សម្គាល់ឃើញថា ប្រហែលជា១៥ឆ្នាំមុន នៅតាមវិហារឥស្លាមនីមួយៗ នៅរាជធានីភ្នំពេញ រាល់ការនិយាយស្តី ការអប់រំ ការទូន្មាននានា គឺមានការប្រើប្រាស់ភាសាចាម្ប៍។ ប៉ុន្តែបច្ចុប្បន្ន សកម្មភាពទាំងនោះត្រូវបានជំនួសដោយភាសាខ្មែរ ខណៈ អក្សរចាម្ប៍ និងភាសាចាម្ប៍ មិនសូវទទួលការអភិរក្ស និងការសិក្សា ពីជនជាតិចាមផ្ទាល់ឡើយ។
នាឱកាសចូលរួមប្រារព្ធទិវានំប្រពៃណីចាម្ប៍នៅមជ្ឈមណ្ឌលបុប្ផាណា នាថ្ងៃទី១០ធ្នូ បុរសជនជាតិចាម្ប៍រូបនេះបានរៀបរាប់មកកាន់សារព័ត៌មានថ្មីៗយ៉ាងដូច្នេះ៖ «មិនយូរមិនឆាប់អក្សរចាម្ប៍អាចនឹងត្រូវបាត់បង់ចេញពីពិភពលោកនេះ បើសិនគ្មានការថែរក្សា ពីព្រោះការថែរក្សាភាសាមួយ ឬអក្សរមួយ មិនមែនតាមការនិយាយតែមួយមុខទេ គឺត្រូវតាមរយៈការសិក្សា និងការអភិរក្ស»។ លោក សឡះ មិនចង់ឃើញអក្សរដែលជាកេរិ៍្តដំណែលបន្សល់ពីដូនតារបស់ខ្លួនរាប់ពាន់ឆ្នាំមុនបាត់បង់ពីពិភពលោកឡើយ។
ចំណែកលោក ឡឹប កើ ដែលជាអ្នកតស៊ូមតិ និងអ្នកជំនាញវប្បធម៌ចាម្ប៍ ក៏មានក្តីបារម្ភមិនខុសពីយុវជនខាងលើប៉ុន្មានដែរ។ លោក បានបញ្ចប់និក្ខេបបទថ្នាក់អនុបណ្ឌិតផ្នែកសូរសព្ទ និងសូរសព្ទ នៃភាសាចាម្ប៍នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។ និស្សិតដែលបន្តកំពុងសិក្សាថ្នាក់បណ្ឌិតនៅឯប្រទេសបារាំង បានមើលឃើញ ពីនិន្នាការបោះបង់ការនិយាយភាសាចាម្ប៍ នាពេលសព្វថ្ងៃ មានការកើនឡើងឱ្យកត់សម្គាល់។
លោក ឡឹប កើ ដែលជាអ្នកតស៊ូមតិ និងអ្នកជំនាញវប្បធម៌ចាម្ប៍
លោក ឡឹប កើ បានបញ្ជាក់ថា អក្សរចាម្ប៍ គឺអក្សរ កៈ ខៈ ហើយបច្ចុប្បន្ននៅក្នុងការអប់រំ ការបង្ហាត់បង្រៀនភាសាដល់កូនសិស្សចាម្ប៍ គឺត្រូវបានប្រើប្រាស់អក្សរអារ៉ាប់ ជាមួយអក្សរម៉ាឡេស៊ីទៅជាសំនៀងអក្សរចាម្ប៍ និង ប្រើប្រាស់ភាសាខ្មែរ។
«សព្វថ្ងៃនេះ មានអ្នកនិយាយភាសាចាម្ប៍ ដែលនិយមប្រើពាក្យកម្ចីច្រើនណាស់។ យើងពិបាករកអ្នកដែលនិយាយចាម្ប៍បែបជាចាម្ប៍សឹងតែលែងបានហើយ»។ នេះជាការលើកឡើងរបស់លោក ឡឹប កើ ដោយបានបន្ថែមថា៖ « បើនិយាយអំពីអ្នកប្រើអក្សរចាម្ប៍ទៀត គឺយើងអាចនិយាយបានថា វាស្ថិតក្នុងស្ថានភាពមិនល្អទេ។ ព្រោះក្នុងអំឡុង ឆ្នាំ២០១១ យើងមានកម្មវិធីសម្រាប់ជួយក្មេងៗចាម្ប៍ ឱ្យរៀនអាននិងសរសេរអក្សរចាម្ប៍។ តែស្ដាយណាស់កម្មវិធីនោះត្រូវបានបិទទៅហើយ»។
ដ្បិតថា មិនមានការសិក្សាស្រាវជ្រាវណាមួយជាក់លាក់ដែលបង្ហាញពីធា្លក់ចុះនូវអ្នកប្រើប្រាស់ភាសាចាម្ប៍ក៏ពិតមែន ក៏ប៉ុន្តែ លោក ឡឹប កើ អាចវាយតម្លៃថា ការធា្លក់ចុះនេះអាចបណ្តាលមកពី អ្នកដែលរៀនភាសាចាម្ប៍ពិបាករកការងារធ្វើ និងខ្វះគ្រូឯកទេសផ្នែកភាសាចាម្ប៍ រួមទាំងបញ្ហាប្រឈម នានា។
ជាមួយគ្នានេះ កញ្ញា ម៉ាត់ ម៉ៃសំ អ្នកតំណាងឱ្យយុវជនចាម្ប៍នៅកម្ពុជា មើលឃើញថា អ្នកដែលរៀនភាសាចាម្ប៍នាពេលបច្ចុប្បន្ន គឺសម្រាប់យកនៅក្នុងសហគមន៍ពួកគេប៉ុណ្ណោះ ហើយការរៀននោះក៏មិនមានឆ្លងកាត់នូវការបណ្តុះបណ្តាលពីគ្រូបង្រៀនជំនាញត្រឹមត្រូវ ឡើយ។ ទាំងនេះ ជាបញ្ហាដែលយុវជនខាងលើមានការព្រួយបារម្ភ ដែលទាមទារឱ្យជនជាតិចាម្ប៍គ្រប់រូប ចូលរួមថែរក្សា និងអភិរក្សភាសាកំណើតរបស់ខ្លួនឱ្យបានខ្ជាប់ខ្ជួន។
« អនាគតរបស់ភាសាចាម្ប៍ គឺស្ថិតក្នុងដៃរបស់ជនជាតិចាម្ប៍គ្រប់ៗរូប មិនមែនស្ថិតក្នុងដៃរបស់បុគ្គលណាឬក្រុមណាមួយផ្ដាច់មុខនោះទេ។ ភាសាចាម្ប៍ គួរប្រើអក្សរចាម្ប៍ មិនគួរប្រើអក្សរអារ៉ាប់ ឬអក្សរឡាតាំងមកជំនួសនោះទេ។ បើជនជាតិចាម្ប៍លែងត្រូវការវាប្រាកដណាស់ វានឹងរលាយ»។ លោក ឡឹប កើ បានលើកឡើងបែបនេះ។
លោក សុះ រ៉ហាន មន្រ្តីគណៈដឹកនាំជាន់ខ្ពស់នៃសាសនាឥស្លាមកម្ពុជា បានកត់សម្គាល់ឃើញផងដែរថា ការប្រើប្រាស់ភាសាចាម្ប៍ បានបាត់បង់កាន់តែច្រើនទាំងការសរសេរ និងការនិយាយ សូម្បីតែការបង្ហោះនៅលើបណ្តាញសង្គម ៩០ភាគរយប្រើប្រាស់ភាសាខ្មែរ។
លោកបន្ថែម៖« បច្ចុប្បន្ននេះ គឺមានតែចាស់ៗទេដែលនៅចាំភាសាចាម្ប៍ ប៉ុន្តែក្មេងៗ កុំថាឡើយសរសេរ សូម្បីតែស្តាប់ក៏អត់បានដែរ។ ការរៀនដូចជាមិនលំបាកឡើយ ប៉ុន្តែដោយសារតែតាមតំបន់គេអត់សូវប្រើ យូរៗអាចធ្វើឱ្យបាត់បង់»។
សូមបញ្ជាក់ថា ខ្មែរ-ឥស្លាម មិនមែនសុទ្ធតែជាជនជាតិចាម្ប៍ទាំងអស់ទេ។ ក្នុងពាក្យ ខ្មែរឥស្លាមនោះ គឺសំដៅដល់អ្នកកាន់សាសនាឥស្លាមនៅកម្ពុជា ដែលភាសាអារ៉ាប់ គេថា «មូស្លីម» ដែលក្នុងនោះមាន ជនជាតិចាម្ប៍ កូនចៅជ្វា កូនចៅម៉ាឡេស៊ី កូនចៅអារ៉ាប់ និងខ្មែរចូលសាសន៍ឥស្លាម។