អន្តរជាតិ
ហេតុផល ៥យ៉ាង ដែលអ្នកគួរធ្វើដំណើរកម្សាន្តក្នុងពេលឈប់សម្រាក
02, Jan 2024 , 9:09 am        
រូបភាព
មនុស្សតែងតែមានចំណង់ចំណូលចិត្តខុសៗគ្នា និងចូលចិត្តចំណាយពេលធ្វើអីផ្សេងៗជាច្រើន នៅពេលសម្រាក។ ប៉ុន្តែការជ្រើសយកដំណើរកម្សាន្ត ជារឿងដ៏ល្អ និងផ្តល់ប្រយោជន៍ច្រើនសម្រាប់អ្នក ដោយវាអាចជួយដល់សុខភាពផ្លូវចិត្ត ផ្លូវកាយ ខួរក្បាល ហើយថែមទាំងអាចឱ្យអ្នកស្គាល់បានកន្លែងស្អាតៗជាច្រើនថែមទៀត។
 
ខាងក្រោមជាហេតុផល៥យ៉ាងដែលគួរធ្វើដំណើរកម្សាន្តនៅពេលឈប់សម្រាក៖
 
១. ការរៀនសូត្រ
 
ជាការពិត ការធ្វើដំណើរកម្សាន្ត ជាការរៀនសូត្រដ៏ល្អមួយ ដោយអ្នកអាចទទួលបានបទពិសោធន៍ ការភ្លក់ម្ហូបអាហារ ស្គាល់ពីវប្បធម៌ ភាសាក្នុងតំបន់ រួមទាំងអាចស្វែងយល់ពីប្រវត្តិសាស្រ្ត និងរបៀបរស់នៅរបស់ប្រជាជនផងដែរ។ នេះជាការរៀនសូត្រពីជីវិតពិតដ៏សំខាន់ ដែលមិនមាននៅក្នុងសៀវភៅ ហើយវានឹងនៅដិតជាប់ជាមួយអ្នក ក្នុងរយៈពេលដ៏យូរអង្វែង។ 
 
បន្ថែមពីនេះ ការធ្វើដំណើរកម្សាន្ត អាចជួយអ្នករកឃើញពីចំណុចពិសេសនៅក្នុងតំបន់ណាមួយ ដែលខុសប្លែកពីតំបន់ផ្សេងៗ ដែលអាចយកទៅសិក្សា ឬក៏អាចយកទៅអភិវឌ្ឍគម្រោងណាមួយ។ មិនតែប៉ុណ្ណោះ វាជាការរៀនសម្របខ្លួនដ៏ល្អទៅក្នុងបរិយាកាស​ ដែលអ្នកមិនធ្លាប់ជួបពីមុនមក ហើយត្រូវរៀនដោះស្រាយបញ្ហាប្រឈម។


រូបភាព Pexels
 
២. ពង្រីកចក្ខុវិស័យ
 
សម្រាប់ហេតុផលមួយទៀត ការធ្វើដំណើរ នឹងជួយអ្នកក្នុងការបើកចំហគំនិត រួមទាំងពង្រីកចក្ខុវិស័យកាន់តែទូលំទូលាយ។ ដំណើរកម្សាន្ត នឹងធ្វើឱ្យអ្នកយល់ថា វាមិនមែនមានវិធីតែមួយក្នុងការធ្វើឱ្យជីវិតអាចរស់នៅបានទេ ប៉ុន្តែវាមានវិធីផ្សេងៗរាប់មិនអស់ នៅពេលជួបមនុស្សប្លែកៗ និងនៅក្នុងតំបន់ផ្សេងៗ។ 
 
មែនទែនទៅ អ្នកមិនអាចស្រមៃបានឡើយពីទិដ្ឋភាពខុសប្លែក ឬរបៀបរស់នៅរបស់ប្រជាជនតាមតំបន់ណាមួយបាននោះឡើយ ប្រសិនមិនធ្វើដំណើរកម្សាន្ត ហើយអ្នកនឹងអាចយល់ពីវាបាន លុះត្រាតែមានដំណើរកម្សាន្ត។ 
 
មិនតែប៉ុណ្ណោះ ការទៅដល់កន្លែងផ្សេងៗ នឹងអាចជួយអ្នកក្នុងការស្វែងរកគំនិតថ្មីៗ ដែលអ្នកមិនអាចធ្លាប់គិតពីមុនមក។ ការរកឃើញគំនិតថ្មីៗទាំងនោះ គឺវាអាស្រ័យលើដំណើរកម្សាន្តក្នុងតំបន់ផ្សេងៗ។ តាមរយៈគំនិត វប្បធម៌ សាសនា និងតំបន់ វានឹងអាចជួយអ្នកឱ្យគិតកាន់តែទូលំទូលាយ និងអាចយល់ឃើញខុសពីមនុស្សដទៃបាន។ 
 


៣.​ ការសម្រាក និងការបង្កើនថាមពល
 
ព្រោះតែមិនមែនជាម៉ាស៊ីន ឬរ៉ូបូត មនុស្សតែងត្រូវការពេលវេលា ដើម្បីសាកថ្មជីវិត ហើយមនុស្សក៏មិនអាចធ្វើការឥតឈប់បានដែរ។ ច្បាស់ណាស់ ការធ្វើដំណើរកម្សាន្ត ជាការសម្រាកដ៏ល្អមួយ ប៉ុន្តែវាមិនមែនជាការគេចវេសពីការងារ ឬបញ្ហាឡើយ។ មនុស្ស នឹងអាចទទួលបានប្រយោជន៍ជាច្រើន តាមរយៈការធ្វើដំណើរកម្សាន្ត។ 
 
ទន្ទឹមនេះ ការទៅសម្រាកនៅកន្លែងផ្សេងៗ អាចជួយកែលម្អផ្លូវចិត្ត និងរាងកាយ ដែលមិនអាចសម្រេចបាន ក្នុងពេលស្នាក់នៅផ្ទះ។​ ជាការពិត មនុស្សចំនួន ៨៦ភាគរយជឿថា ការធ្វើដំណើរកម្សាន្តអាចជួយកែលម្អផ្លូវចិត្ត និងទស្សនៈរបស់ពួកគេ។ ក្រៅពីនេះ ដំណើរកម្សាន្ត អាចជួយកាត់បន្ថយស្រ្តេស បញ្ហាក្នុងចិត្ត និងរឿងអវិជ្ជមានជាច្រើនពីការគិតរបស់មនុស្ស។ 
 




៤. ការអបអរសាទរ 
 
មនុស្សច្រើនណាស់ បានជ្រើសយកការធ្វើដំណើរកម្សាន្ត ដើម្បីអបអរភាពជោគជ័យ ថ្ងៃខួបកំណើត ការទទួលបានការងារថ្មី និងការឡើងតំណែងជាដើម។ ការអបអរបែបនេះ ជាការបើកទ្វារសម្រាប់ជីវិតខ្លួនឯងឱ្យនៅចំហជានិច្ច ដោយអ្នកអាចប្រើប្រាស់ពេលវេលាគ្រប់កាលៈទេសៈក្នុងការធ្វើដំណើរ ដោយមិនរង់ចាំពេលវេលាទំនេរ ឬល្អណាមួយ។ 
 
បន្ថែមពីនេះ ការធ្វើដំណើរកម្សាន្តដូចជាទៅប្រទេសផ្សេង ឬតំបន់ណាមួយក្រៅពីប្រទេសកំណើត នឹងធ្វើឱ្យអ្នកយល់ថា គ្មានកន្លែងណាដូចផ្ទះ ឬប្រទេសរបស់អ្នកឡើយ ដោយសារតែបរិយាកាសជុំវិញ សង្គម ការរស់នៅ វប្បធម៌ និងម្ហូបអាហារជាដើម។ ហេតុនេះហើយ វាអាចជួយឱ្យអ្នកកាន់តែយល់ពីជីវិតពិតបន្ថែមទៀត។ 
 
៥. ការគេចវេសពីបញ្ហាស្មុគស្មាញក្នុងជីវិត
 
ចំណែកហេតុផលចុងក្រោយ ការធ្វើដំណើរកម្សាន្ត នឹងធ្វើឱ្យអ្នកកាត់បន្ថយបញ្ហា សម្ពាធក្នុងជីវិត វិបត្តិស្នេហា ឬពាក់ព័ន្ធនឹងការងារជាដើម។ បើទោះវាមិនអាចជួយបាន ១០០ភាគរយ ប៉ុន្តែការធ្វើដំណើរកម្សាន្ត អាចជាវិធីសាស្រ្តដ៏សំខាន់មួយ សម្រាប់ជីវិតដែលមិនមានភាពរីករាយច្រើន។ បានសេចក្តីថា អ្នកទៅគ្រប់ទីកន្លែង ដោយមិនគិតពីអ្វីទាំងអស់ ហើយថែមទាំងទទួលបានសេរីភាពមួយផ្នែកនៅក្នុងជីវិតផងដែរ។ ប្រសិនបើអ្នកចូលចិត្តធ្វើការច្រើនម៉ោង ការធ្វើដំណើរកម្សាន្តគួរតែជារឿងល្អបំផុត ដើម្បីអាចសម្រាក និងសាកថ្មជីវិតបានមួយគ្រា៕ 


Tag:
 ដំណើរកម្សាន្ត
© រក្សាសិទ្ធិដោយ thmeythmey.com