អន្តរជាតិ
យ៉ាងហោចណាស់មនុស្សចំនួន ៦នាក់ស្លាប់ក្នុងការរញ្ជួយដីនៅជប៉ុន
02, Jan 2024 , 9:39 am        
រូបភាព
ផ្ទះបាក់រលំនៅក្នុងក្រុងWajima
ផ្ទះបាក់រលំនៅក្នុងក្រុងWajima
ផ្តើមឆ្នាំថ្មី គ្រោះរញ្ជួយដីកម្រិត៧,៦រ៉ិចទ័រ បានវាយប្រហារនៅតំបន់ភាគកណ្តាលជប៉ុន ដែលបានបង្កឱ្យមនុស្សយ៉ាងហោចណាស់៦នាក់ស្លាប់បាត់បង់ជីវិត។ ចំណែកប្រទេសជិតខាងជប៉ុន ដូចជាកូរ៉េខាងត្បូង​ កូរ៉េខាងជើង និងរុស្ស៊ី កំពុងរងហានិភ័យនៃការវាយប្រហាររលកយក្សស៊ូណាមិ។
 
គិតត្រឹមថ្ងៃទី២ ខែមករា មនុស្សយ៉ាងណោចណាស់៦នាក់ ត្រូវបានរាយការណ៍ថា បានបាត់បង់ជីវិតនៅក្នុងខេត្តភាគកណ្តាល Ishikawa ដែលជាប់ជាមួយសមុទ្រជប៉ុន ឬសមុទ្រខាងកើត ដោយសារគ្រោះរញ្ជួយដីកម្រិត៧,៦រ៉ិចទ័រ។ ជាការពិត គ្រោះធម្មជាតិមួយនេះ បានវាយប្រហារលើជប៉ុនចាប់តាំងពីរសៀលនៅថ្ងៃទី១ ខែមករាមក។ 
 
អាជ្ញាធរជប៉ុន នៅថ្ងៃទី២ ខែមករា បានលើកចោលកម្រិតអាសន្នហើយ ពាក់ព័ន្ធនឹងលទ្ធភាពកើតមានរលកយក្សស៊ូណាមិនៅសមុទ្រជប៉ុន ប៉ុន្តែនៅតែបន្តអំពាវនាវឱ្យប្រជាជនប្រុងប្រយ័ត្ន។ នៅក្នុងក្រុងWajima ខេត្ត Ishikawa អាជ្ញាធរ បានរាយការណ៍ពីកម្ពស់ទឹករលក ១២០សង់ទីម៉ែត្រ ខណៈក្រុង Kanazawa មានកម្ពស់ទឹករលក ៩០សង់ទីម៉ែត្រ។ 
 
ក្នុងគ្រោះរញ្ជួយដីនេះ ផ្ទះសម្បែង និងហាងទំនិញច្រើនជាង៥០កន្លែង ត្រូវបាក់រលំ ហើយថែមទាំងមានអគ្គិភ័យនៅក្នុងក្រុងWajima។ ចំណែកនៅក្នុងក្រុង Himi ខេត្ត Toyama ដែលស្ថិតនៅក្បែរខេត្ត Ishikawa ផងនោះ ប៉ូលិសបានរាយការណ៍ថា មានផ្លូវប្រេះនៅតាមទីតាំងមួយចំនួន។ 
 
ដើម្បីបង្ការហានិភ័យមួយចំនួន ក្រុមហ៊ុនអគ្គិសនី Hokuriku Electric Power Company បានសម្រេចបិទម៉ាស៊ីនផលិតអគ្គិសនីចំនួន២គ្រឿង នៅក្នុងរោងចក្រ Nanao Ota ក្នុងក្រុង Nanao ខេត្ត Ishikawa។ ប្រជាជននៅក្នុងតំបន់ជាច្រើនគ្រួសារ គឺគ្មានអគ្គិសនីប្រើប្រាស់ ខណៈសេវា​ទូរសព្ទ ក៏មានភាពរអាក់រអួល។ 
 
បន្ទាប់ពីបាតុភូតធម្មជាតិខាងលើ នាយករដ្ឋមន្រ្តីជប៉ុន លោក គីស៊ីដា ហ្វូមីអូ បានប្រកាសដឹកនាំកិច្ចខិតខំជួយសង្រ្គោះដោយផ្ទាល់ ហើយថែមទាំងបានពង្រាយកងកម្លាំងស្វ័យការពារទៅតំបន់រងគ្រោះខ្លាំង។ 
 
បើទោះប្រឈមនឹងបញ្ហាលំបាកជាច្រើន ប្រមុខរដ្ឋាភិបាលរូបនេះ បានប្តេជ្ញាជួយសង្រ្គោះប្រជាជន ដែលនៅជាប់ក្នុងផ្ទះបាក់រលំ និងបញ្ជាមន្រ្តីឱ្យបញ្ជូនអាហារ និងប្រេងទៅកាន់ប្រជាជនរងគ្រោះ តាមផ្លូវទឹកផងដែរ។ 
 
ចំណែកប្រទេសជិតខាងដូចជា កូរ៉េខាងត្បូង រុស្ស៊ី និងកូរ៉េខាងជើង កំពុងតាមដាន និងប្រកាសពីកម្រិតអាសន្ននៃលទ្ធភាពមានរលកស៊ូណាមិ នៅតាមឆ្នេររបស់ខ្លួន។ នៅក្នុងប្រព័ន្ធផ្សព្វផ្សាយ កូរ៉េខាងត្បូង បានទទូចឱ្យប្រជាជននៅតាមតំបន់ឆ្នេរភៀសខ្លួនទៅតំបន់ខ្ពស់ៗ ខណៈកូរ៉េខាងជើង និងរុស្ស៊ី បានប្រាប់ប្រជាជនខ្លួនឱ្យមានការប្រុងប្រយ័ត្ន៕

Tag:
 ជប៉ុន
  កូរ៉េខាងត្បូង
  កូរ៉េខាងជើង
  រុស្ស៊ី
© រក្សាសិទ្ធិដោយ thmeythmey.com