អន្តរជាតិ
មេបក្សប្រឆាំងកូរ៉េខាងត្បូង ត្រូវចាក់ក ខណៈជនល្មើសត្រូវចាប់ខ្លួននៅកន្លែង
02, Jan 2024 , 10:59 am        
រូបភាព
រូបភាព​ Yonhap
រូបភាព​ Yonhap
លោក Lee Jae-myung មេដឹកនាំបក្សប្រជាធិបតេយ្យ ដែលជាបក្សប្រឆាំងធំជាងគេនៅកូរ៉េខាងត្បូង បានរងការវាយប្រហារដោយការចាក់ក នៅថ្ងៃទី២ ខែមករា។ ចំណែកជនល្មើស ត្រូវបានចាប់ខ្លួននៅនឹងកន្លែង។
ក្នុងដំណើរនៅក្រុងប៊ូសាន មេដឹកនាំបក្សប្រឆាំង លោក Lee Jae-myung រងការវាយប្រហារ ដោយការចាក់កផ្នែកខាងឆ្វេង នៅម៉ោង ១០ និង២៧នាទីព្រឹក ក្នុងថ្ងៃទី២ ខែមករា (ម៉ោងនៅកូរ៉េខាងត្បូង)។ ហេតុការណ៍នេះ កើតមានក្នុងពេលលោកកំពុងឆ្លើយសំណួររបស់អ្នកសារព័ត៌មាន បន្ទាប់ពីបំពេញទស្សនកិច្ចនៅកន្លែងសាងសង់អាកាសយានដ្ឋានថ្មី ក្នុងក្រុង ប៊ូសាន។ 
 
លោកLee នៅតែដឹងខ្លួន ប៉ុន្តែឈាមបន្តហូរដដែល។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Yonhap។ បន្ទាប់ពីកើតហេតុ ២០នាទី មេដឹកនាំបក្សប្រឆាំង ត្រូវបញ្ជូនទៅមន្ទីរពេទ្យ ខណៈជនល្មើស ត្រូវបានចាប់ខ្លួននៅនឹងកន្លែង។ 
 
តាមការបញ្ជាក់របស់អ្នកឃើញហេតុការណ៍ ជនល្មើសបានធ្វើជាអ្នកគាំទ្ររបស់លោក Lee និងខិតទៅជិតលោក ដើម្បីសំុហត្ថលេខា។ ក្នុងរយៈចម្ងាយ ២០ ទៅ៣០ សង់ទីម៉ែត្រ ជនល្មើសបានដកអាវុធដែលមិនអាចកំណត់អត្តសញ្ញាណបាន និងបានវាយប្រហារលើមេបក្សប្រឆាំង។ 
 
ក្រោយឧបទ្ទវហេតុ ប្រធានាធិបតីកូរ៉េខាងត្បូង លោក យូន សុកយ៉ល បានបង្ហាញពីក្តីបារម្ភលើសុវត្ថិភាពអតីតដៃគូប្រជែងរបស់ខ្លួន ហើយបានបញ្ជាឱ្យប៉ូលិស និងអាជ្ញាធរពាក់ព័ន្ធបញ្ជូនលោក Lee ទៅមន្ទីរពេទ្យឱ្យបានឆាប់រហ័ស និងបើកការស៊ើបអង្កេត ដើម្បីស្វែងរកការពិត។ នេះបើតាមការបញ្ជាក់របស់អ្នកនាំពាក្យ លោកស្រី Kim Soo-kyung។ 
 
កន្លងមក លោក Lee បានរងបទចោទរំលោភទំនុកចិត្ត សំណូក និងបទល្មើសផ្សេងទៀតពាក់ព័ន្ធនឹងគម្រោងអភិវឌ្ឍអចលនវត្ថុ រួមទាំងការផ្ទេរប្រាក់ដោយខុសច្បាប់ទៅកូរ៉េខាងជើង៕

Tag:
 កូរ៉េខាងត្បូង
© រក្សាសិទ្ធិដោយ thmeythmey.com