កីឡាអន្តរជាតិ
អន្តរជាតិ
Asian Cup៖ គ្រូ Brighton ភ្ញាក់ផ្អើល ដែលជប៉ុនកោះហៅ Mitoma ចូលក្រុម ទាំងមានរបួស
02, Jan 2024 , 3:09 pm        
រូបភាព
លោក Roberto De Zerbi អ្នកចាត់ការក្រុម Brighton & hove Albion ភ្ញាក់ផ្អើលខ្លាំងនៅពេលដែល Kaoru Mitoma ត្រូវបានកោះហៅចូលក្រុមជម្រើសជាតិជប៉ុន សម្រាប់ការប្រកួតពានរង្វាន់ជើងឯកអាស៊ី AFC Asian Cup ខណៈរូបគេមានបញ្ហារបួសកជើង ត្រូវសម្រាកពី ៤ ទៅ៥ សប្តាហ៍។


គ្រូបង្វឹកលោក Hajime Moriyasu បានសម្រេចចិត្តកោះហៅ Mitoma នៅក្នុងការប្រកាសបញ្ជីឈ្មោះកីឡាករចុងក្រោយសម្រាប់ព្រឹត្តិការណ៍ Asian Cup ដែលនឹងត្រូវធ្វើឡើងនៅក្នុងប្រទេសកាតា ចាប់ពីថ្ងៃទី១២ ខែមករា រហូតដល់ថ្ងៃទី១០ ខែកុម្ភៈ។
 
កីឡាករវ័យ ២៦ឆ្នាំ សញ្ជាតិជប៉ុនមិនបានបង្ហាញខ្លួនឱ្យក្រុម Brighton ចាប់តាំងពីរូបគេភ្លាត់ស្នៀតអំឡុងការប្រកួត ១-១ ជាមួយនឹងក្រុម Crystal Palace កាលពីថ្ងៃទី២១ ខែធ្នូ ហើយសម្រាប់ការវិលត្រឡប់របស់ខ្សែបម្រើសញ្ជាតិជប៉ុននៅក្នុងជម្រើសជាតិ ជារឿងដែលលោក ​De Zerbi មិនប្រាកដឡើយថាគេនឹងអាចជាសះស្បើយទាន់ពេល សម្រាប់ការប្រកួតនៅក្នុងប្រទេសកាតាឬយ៉ាងណា។
  


«ខ្ញុំពិតជាភ្ញាក់ផ្អើល ព្រោះតែក្រុមគ្រូពេទ្យបានប្រាប់ខ្ញុំថា Mitoma ត្រូវការពេល ៤ ឬ ៦សប្តាហ៍បន្ថែមទៀតសម្រាប់របួសរបស់គេ។ សម្រាប់ខ្ញុំ វាពិតជាលំបាកក្នុងការគិតថាគេអាចនឹងលេងបានសម្រាប់ពានរង្វាន់ Asian Cup ប៉ុន្តែខ្ញុំជាអ្នកគាំទ្ររបស់ Mitoma ក្នុងចំណោមកីឡាករទាំងអស់ ដូច្នេះប្រសិនបើពួកគេអាចលេងឱ្យជម្រើសជាតិបាន ខ្ញុំពិតជាសប្បាយចិត្ត និងមានមោទកភាព។»។ លោក De Zerbi បាននិយាយប្រាប់អ្នកកាសែតនាថ្ងៃទី១ ខែមករា មុនការប្រកួតទល់នឹងក្រុម West Ham United មកដល់។
 
ចំពោះការកោះហៅទៅលើ Mitoma លោក Hajime Moriyasu ក៏បានបង្ហាញជំនឿចិត្តថាកីឡាករដែលលោកកោះហៅនឹងអាចចូលលេងបានសម្រាប់ក្រុមជម្រើសជាតិជប៉ុន សម្រាប់ពានរង្វាន់ Asian Cup។ 
  
ជប៉ុនបច្ចុប្បន្នកំពុងតែសម្លឹងមើលការឈ្នះជើងឯកប្រចាំទ្វីបអាស៊ី ដែលនឹងក្លាយជាកំណត់ត្រាទី៥ របស់ពួកគេ បន្ទាប់ពីការឈ្នះលើកមុនមកក្នុងឆ្នាំ ១៩៩២, ២០០០, ២០០៤ និងឆ្នាំ ២០១១។
 

 
លោក ​Moriyasu ដែលដឹកនាំក្រុមសាម៉ូរៃខៀវជប៉ុនតាំងពីឆ្នាំ ២០១៩​ ឡើងដល់វគ្គផ្តាច់ព្រ័ត្រដែលធ្វើនៅក្នុងប្រទេសកាតាដូចគ្នានេះ បាននិយាយទាក់ទងនឹងខ្សែបម្រើ​ Mitoma ដូច្នេះថា ៖« ខ្ញុំមិនដឹងឡើយថាប្រសិនបើ Mitoma អាចនឹងរួចរាល់សម្រាប់ការប្រកួតលើកដំបូង ប៉ុន្តែគេពេលនេះកំពុងតែព្យាបាលបានយ៉ាងល្អ ហើយខ្ញុំរំពឹងថាគេនឹងអាចលេងបានតាំងពីវគ្គដំបូងតែម្តង។»។
 
ជប៉ុននឹងត្រូវចាប់ផ្តើមការប្រកួតពាន Asian Cup ចាប់ពីថ្ងៃទី១៤ ខែមករា ដោយត្រូវប្រកួតទល់ជាមួយនឹងក្រុមវៀតណាម ដែលបច្ចុប្បន្នកំពុងមានគ្រូបង្វឹកជាអតីតគ្រូដឹកនាំជប៉ុនកាលពីមុនគឺលោក Phillipe Troussier មុនពេលត្រូវជួបជាមួយនឹងក្រុមអ៊ីរ៉ាក់ និងឥណ្ឌូណេស៊ី ក្នុងជំនួបពូល D៕

Tag:
 Roberto De Zerbi
  Kaoru Mitoma
© រក្សាសិទ្ធិដោយ thmeythmey.com