កីឡាអន្តរជាតិ
អន្តរជាតិ
ប៉ាក់គីអៅ និង ប៊ូខាវ នឹងប៉ះគ្នាក្នុងជំនួបពិព័រណ៍ នាខែមេសា ឆ្នាំ២០២៤ នៅថៃ
02, Jan 2024 , 5:59 pm        
រូបភាព
កាលពីពេលថ្មីៗនេះ ព័ត៌មានពីប្រទេសថៃបានប្រកាសថា ការប្រកួតកីឡាប្រដាល់រវាងកីឡាករប្រដាល់ដ៏ល្បីប្រចាំប្រទេសហ្វីលីពីន ម៉ាននី ប៉ាក់គីអៅ (Manny Pacquiao) នឹងត្រូវប្រកួតជាមួយនឹងកីឡាករថៃ ប៊ូខាវ បេនចាម៉េត ដែលគ្រោងធ្វើឡើងនៅក្នុងប្រទេសថៃ នៅថ្ងៃទី២០ ខែមេសា ឆ្នាំ ២០២៤ ខណៈដែលអ្នកគាំទ្រថៃ រង់ចាំព័ត៌មានបន្ថែមទាក់ទងទៅនឹងដំណឹងការប្រកួតមួយនេះ។


ប៉ាក់គីអៅ និងប៊ូខាវ នឹងត្រូវប្រកួតគ្នា ក្នុងកម្មវិធីពិព័រណ៍ដែលមានឈ្មោះថា «The Match of Legends» ដោយនឹងត្រៀមរៀបចំនៅទីតាំងប្រកួត Impact Arena ស្ថិតក្នុងទីក្រុងបាងកក ប្រទេសថៃ។ ការប្រកួតរបស់កីឡាករមកពីប្រទេសតំបន់អាស៊ានទាំងពីរ ត្រូវបានគេដឹងថាជាការប្រកួតបែបមិត្តភាព មិនមែនសំដៅទៅលើការប្រកួតអាជីពឡើយ។ 
 
ទាក់ទងនឹងការប្រកួតកីឡាករទាំងពីរ​ ត្រូវប្រកួតគ្នាក្នុងប្រភេទទម្ងន់ ៧០គីឡូក្រាម មាន ៦ទឹក ដោយមួយទឹកមានរយៈពេល ៣នាទី។ បើតាមការបញ្ជាក់ពីស្ថាប័ន WBC ការប្រកួតនេះក៏ត្រូវបានផ្តល់ខ្សែក្រវ៉ាត់មួយផងដែរដល់កីឡាករដែលឈ្នះ ហើយខ្សែក្រវ៉ាត់មានឈ្មោះថា «Legends Championship» ស្ថិតនៅចំកណ្តាលបន្ទាត់នៃការប្រកួតតែម្តង។
 
លោក ប៉ាក់គីអៅ ត្រូវបានគេស្គាល់ថាជាស្តេចប្រដាល់ហ្វីលីពីន ដែលមានឈ្មោះល្បីល្បាញខ្លាំងលំដាប់ពិភពលោក ចំពោះការប្រកួតប្រដាល់សកលរបស់លោក នៅក្នុងស្ថាប័ន WBC, IBF, WBO និង WBA ដោយលោកក៏បានឈ្នះខ្សែក្រវ៉ាត់ពិភពលោក លើប្រភេទទម្ងន់ ៧ ផ្សេងគ្នា ចាប់ពីទម្ងន់ ១១២ផោន (៥០គីឡូក្រាម) រហូតដល់ទម្ងន់ ១៥៤ផោន (៦៩គីឡូក្រាម) អំឡុងពេលលោកនៅប្រកបអាជីពពេញលេញ។ 
 
ប៉ាក់គីអៅ បានចាប់ផ្តើមអាជីពប្រដាល់លើកដំបូងក្នុងឆ្នាំ ១៩៩៥ ហើយលោកបានប្រកបអាជីពដ៏អស្ចារ្យមួយនេះរហូតដល់ឆ្នាំ ២០២១ ហើយចាប់តាំងពីការប្រកាសចូលនិវត្តន៍ជាផ្លូវការមក អតីតកីឡាករប្រដាល់រូបនេះនៅតែបន្តភាពមរមាញឹកជាមួយនឹងការប្រកួតបែបមិត្តភាពបង្ហាញតាមប្រទេសនីមួយៗក្នុងតំបន់អាស៊ីអាគ្នេយ៍ និងលើជុំវិញពិភពលោក។
ចំណែក ប៊ូខាវ ជាអតីតកីឡាករប្រដាល់ជួរមុខរបស់ថៃ ដ៏ល្បីមួយរូបផងដែរ ដោយរូបគេជាកីឡាករប្រកួតនៅលើប្រភេទកីឡាប្រដាល់ Kickboxing និង Muay Thai តែប៉ុណ្ណោះ៕

Tag:
 Manny Pacquiao
  Buakaw
© រក្សាសិទ្ធិដោយ thmeythmey.com