កីឡាអន្តរជាតិ
អន្តរជាតិ
ជប៉ុន និងកូរ៉េខាងត្បូង កោះហៅកីឡាករសំខាន់ៗពីអឺរ៉ុប ទៅប្រជែងពាន Asian Cup
03, Jan 2024 , 10:59 am        
រូបភាព
ក្រុមជម្រើសជាតិជប៉ុន និងកូរ៉េខាងត្បូង បានប្រកាសបញ្ជីឈ្មោះកីឡាកដែលភាគច្រើនប្រកបអាជីពនៅក្នុងតំបន់អឺរ៉ុប សម្រាប់ការប្រកួតប្រជែងពានរង្វាន់ទ្វីបអាស៊ី AFC Asian Cup ដែលនឹងត្រូវធ្វើឡើងក្នុងខែមករា ឆ្នាំ ២០២៣។ ក្រុមទាំងពីរ សុទ្ធតែដាក់គោលដៅគ្រងជើងឯកពានរង្វាន់តំបន់អាស៊ីលើកដំបូង ក្រោយអាក់ខានជាង ៦០ឆ្នាំ។


ជប៉ុនបានប្រកាសបញ្ជីឈ្មោះកីឡាករ ២៦នាក់ នៅចំថ្ងៃបុណ្យឆ្លងឆ្នាំសកល ដោយស្ថិតក្រោមដឹកនាំរបស់លោក Hajime Moriyasu នៅគ្រប់គ្រងដដែល។
 
ចំណោមកីឡាករទាំង ២៦រូបរបស់ក្រុមជប៉ុន កីឡាករ ២០នាក់ហើយដែលបានលេងនៅក្នុងក្លិបប្រចាំតំបន់អឺរ៉ុប ហើយក្នុងនាមជាក្រុមស្ថិតនៅចំណាត់ថ្នាក់លេខ ១៧ លំដាប់ថ្នាក់ពិភពលោក ក្រុមរហស្សនាមសាម៉ូរៃខៀវ នឹងក្លាយជាក្រុមដែលមានកម្រិតខ្ពស់ជាងគេប្រចាំការប្រកួត Asian Cup ដែលចាប់ផ្តើមពីថ្ងៃទី១២ ខែមករា ដល់ថ្ងៃទី១០ ខែកុម្ភៈឆ្នាំ ២០២៤ នៅក្នុងប្រទេសកាតា ខណៈដែលកូរ៉េខាងត្បូងស្ថិតនៅចំណាត់ថ្នាក់ពិភពលោកលេខ ២៣ អាចនឹងជាក្រុមមានកម្រិតទី៣ ក្នុងការប្រកួត។

ស្ថិតក្នុងពូល D ជប៉ុន នឹងត្រូវប្រកួតតទល់ក្រុមអ៊ីរ៉ាក់, ឥណ្ឌូណេស៊ី និងវៀតណាម ខណៈដែលកូរ៉េខាងត្បូងស្ថិតក្នុងពូល E ដោយត្រូវជួបតទល់ក្រុមបារ៉ែន, ហ្សក់ដានី និងម៉ាឡេស៊ី ក្នុងពូល E។ តើរវាងក្រុមកូរ៉េខាងត្បូង និងជប៉ុន​​ ដែលជាគូប្រជែងគ្នា នឹងអាចត្រូវឆ្លងកាត់ការប្រកួតពីវគ្គចែកពូល ហើយបន្តឡើងដល់វគ្គផ្តាច់ព្រ័ត្រប៉ះគ្នាឬយ៉ាងណា?
  

 
ក្រុមទាំងពីរសុទ្ធសឹងតែធ្លាប់ឈ្នះពានរង្វាន់ Asian Cup ដូចគ្នា ប៉ុន្តែការឈ្នះលើកចុងក្រោយរបស់កូរ៉េខាងត្បូង គឺនៅក្នុងឆ្នាំ ១៩៥៦ និង ១៩៦០ ដែលតម្រូវឱ្យពួកគេត្រូវការស្វែងរកការឈ្នះពានឡើងវិញ និងលើកដំបូងក្នុងរយៈពេល ៦៤ឆ្នាំ។ ចំណែកជប៉ុនគឺជាប្រទេសតែមួយគត់ដែលឈ្នះពានរង្វាន់ទ្វីបអាស៊ីច្រើនជាងគេបង្អស់ដល់ទៅ ៤លើកក្នុងឆ្នាំ ១៩៩២, ២០០០, ២០០៤ និងឆ្នាំ ២០១១។ 
 
កាលឆ្នាំ ២០១១​​ ជប៉ុនបានទម្លាក់កូរ៉េខាងត្បូង នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ដោយការស៊ុតបាល់ពិន័យ ១១ម៉ែត្រកាត់សេចក្តី។
 
ជួបគ្នាចំនួន ៨១លើក រវាងកូរ៉េខាងត្បូង ទល់នឹងជប៉ុន ភាគច្រើនកូរ៉េខាងត្បូងបានយកឈ្នះការប្រកួតចំនួន ៤២លើក ស្មើ ២៣លើក និងចាញ់ ១៦លើក ទោះយ៉ាងណាគិតចាប់តាំងពី ២០១១ ជប៉ុនភាគច្រើនយកឈ្នះលើកូរ៉េខាងត្បូង ដោយចំនួន ៥លើក ស្មើ ១លើក និងចាញ់ ២លើក។ ការជួបគ្នាលើកចុងក្រោយបំផុតជប៉ុន បានយកឈ្នះដោយលទ្ធផល ៣-០។
 
កីឡាករដែលក្រុមជប៉ុនបានកោះហៅភាគច្រើនមានកីឡាករដែលចេញពីក្លិបរួមគ្នា ស្រដៀងទៅនឹងកូរ៉េខាងត្បូងផងដែរ ដោយកីឡាករ Reo Hatate, Dizen Maeda សញ្ជាតិជប៉ុន និងកីឡាករ Oh Hyeon-gyu, Yang Hyun-jun មកពីក្លិប​ Celtic FC របស់ប្រទេសស្កុតឡែនត្រូវបានក្រុមជម្រើសជាតិកោះហៅរៀងៗខ្លួនដូចគ្នា។ កីឡាករ Takefusa Kubo របស់ជប៉ុន និងកីឡាករ Lee Kang-in របស់កូរ៉េខាងត្បូង របស់ក្លិប Real Sociedad ដូចគ្នាក៏ត្រូវបានកោះហៅ ហើយកីឡាករទាំងពីរ ក៏ជាមិត្តភក្កិគ្នាថែមទៀត។
 
អតីតដៃគូរួមក្លិបកាលនៅ RB Salzburg កីឡាករ Takumi Minamino របស់ក្រុម AS Monaco ពេលបច្ចុប្បន្ន និងកីឡាករកូរ៉េខាងត្បូង Hwang Hee-chan ដែលបន្តប្រកបអាជីពនៅក្លិបចាស់ ត្រូវបានកោះហៅលេងនៅក្រុមជម្រើសជាតិដូចគ្នា។
 
កីឡាករក្រុម KAA Gent ខ្សែការពារ Tsuyoshi Watanabe ដែលមានមិត្តរួមក្រុមសញ្ជាតិកូរ៉េខាងត្បូង កីឡាករ Hong Hyun-seok សុទ្ធសឹងតែត្រូវបានកោះហៅ និងរំពឹងថាបង្ហាញខ្លួនលើកដំបូង Asian Cup ដូចគ្នា។ សម្រាប់មកពីក្លិប VfB Stuttgart ខ្សែការពារជប៉ុន Hiroki Ito និងខ្សែប្រយុទ្ធកូរ៉េខាងត្បូង ​Jeong Woo-yeong មិត្តរួមក្រុមនៅក្នុងរដូវកាល ២០២៣-២៤ ជិតក្លាយជាគូប្រជែងនៅក្នុងជម្រើសជាតិនៃពានរង្វាន់ Asian Cup។ កីឡាករ Ritsu Doan ក៏ជាអតីតមិត្តរួមក្រុមរបស់ Jeong នៅក្លិប FC Freiburg ផងដែរ។
 
១០ប្រកួតចុងក្រោយរបស់ជប៉ុន កាលឆ្នាំ ២០២៣ ពួកគេចាញ់ត្រឹមតែមួយលើកប៉ុណ្ណោះ ដោយការបញ្ចប់ឆ្នាំ ២០២៣ គឺជប៉ុនរក្សាកំណត់ត្រាឈ្នះ ៨លើកជាប់គ្នា រួមទាំងការឈ្នះដ៏ធំមួយគឺឈ្នះ ៤-១ លើម្ចាស់ World Cup ៤សម័យ អាល្លឺម៉ង់ ហើយការប្រកួតចុងក្រោយជប៉ុនបំបាក់ថៃ ៥-០ ក្នុងទីក្រុងតូក្យូនាថ្ងៃបុណ្យឆ្លងឆ្នាំសកល ចូល ២០២៤៕
 
បញ្ជីឈ្មោះកីឡាករជប៉ុន
អ្នកចាំទី ៖ Daiya Maekawa, Zion Suzuki, Taishi Nozawa
ខ្សែការពារ ៖ Hiroki Ito, Shogo Taniguchi, Koki Machida, Kou Itakura, Yukinari Sugawara, Haruya Fujii, Ryoya Morishita, Seiya Maikuma,  Sota Miura
ខ្សែបម្រើ ៖ Takumi Minamino, Ritsu Doan, Ao Tanaka , Takuma Kawamura, Kaishu Sano
ខ្សែប្រយុទ្ធ ៖ Takuma Asano, Junya Ito, Ryotaro Ito, Keito Nakamura , Ayase Ueda, Mao Hosoya, Kanji Okunuki។
 
បញ្ជីឈ្មោះកីឡាករកូរ៉េខាងត្បូង

អ្នកចាំទី ៖ Jo Hyeon-Woo, Song Bum-Keun
ខ្សែការពារ ៖ Kim Tae-Hwan, Kim Young-Gwon, Kim Jin-Su, Ki-Je Lee , Kim Joo-Sung, Jung Seung-Hyun
ខ្សែបម្រើ​ ៖ Seol Young-Woo, Lee Jae-Sung, Jeong Woo-Yeong, Hwang In-Beom, Park Jin-Seop, Lee Soon-Min
ខ្សែប្រយុទ្ធ ៖ Moon Seon-Min, Cho Gue-Sung៕

Tag:
 Asian Cup
  ជប៉ុន
  កូរ៉េខាងត្បូង
© រក្សាសិទ្ធិដោយ thmeythmey.com