អន្តរជាតិ
រុស្ស៊ីវាយប្រហារលើទីក្រុងនានារបស់អ៊ុយក្រែន បន្ទាប់ពីលោក Putin សន្យាបង្កើនការវាយប្រហារ
03, Jan 2024 , 6:59 pm        
រូបភាព
អគ្គិភ័យ​កំពុង​ឆាបឆេះ​សំណង់​អគារ​មួយ​នៅ​ទីក្រុង​កៀវ​ ប្រទេស​អ៊ុយក្រែន ក្រោយ​ការ​វាយប្រហារ​តាម​អាកាស​របស់​រុស្ស៊ី កាលពីថ្ងៃទី២ ខែមករា ឆ្នាំ២០២៤។
អគ្គិភ័យ​កំពុង​ឆាបឆេះ​សំណង់​អគារ​មួយ​នៅ​ទីក្រុង​កៀវ​ ប្រទេស​អ៊ុយក្រែន ក្រោយ​ការ​វាយប្រហារ​តាម​អាកាស​របស់​រុស្ស៊ី កាលពីថ្ងៃទី២ ខែមករា ឆ្នាំ២០២៤។
ដោយ: VOA
ប្រទេស​រុស្ស៊ី​បាន​វាយ​ប្រហារ​ដោយ​មីស៊ីល​លើ​ទីក្រុង​កៀវ​និង​ទីក្រុង Kharkiv របស់​ប្រទេស​អ៊ុយក្រែន​ដោយ​បានសម្លាប់មនុស្ស​យ៉ាង​តិច ៤ នាក់​និង​រាប់​សិប​នាក់​ទៀត​រង​របួស។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​មន្ត្រី​អ៊ុយក្រែន។


កងទ័ព​ជើង​អាកាស​អ៊ុយក្រែន​បាន​និយាយ​ថា កងទ័ព​រុស្ស៊ី​បាន​ប្រើ​ដ្រូន ៣៥ គ្រឿង​និង​មីស៊ីល ៩៩ គ្រាប់ ដែល​ក្នុង​នោះ​រួម​មាន​ទាំង​ដ្រូន​និង​មីស៊ីល​ដែល​បាញ់​ចេញ​ពី​យន្តហោះ​និង​ពី​នាវា​នៅ​ឯ​សមុទ្រ​ផង​ដែរ ហើយ​ប្រព័ន្ធ​ការពារ​ដែន​អាកាស​របស់​អ៊ុយក្រែន​បាន​បាញ់​ទម្លាក់​ដ្រូន​ទាំង​អស់​និង​មីស៊ីល ៧២ គ្រាប់​ក្នុង​ចំណោម​នោះ។
 
អាជ្ញាធរ​បាន​ចេញ​ការ​ព្រមាន​អំពី​គ្រោះ​អាសន្ន​តាម​អាកាស​ប្រាប់​ប្រជាពលរដ្ឋ​ឱ្យ​រក​កន្លែង​ជ្រកពួន​ពី​ការ​វាយ​ប្រហារ។
 
ប្រធានាធិបតី​អ៊ុយក្រែន​លោក Volodymyr Zelenskyy បាន​និយាយ​ថា៖ «តាំងពី​ថ្ងៃ​ទី ៣១ ខែ​ធ្នូ​មក បិសាច​រុស្ស៊ី​បាន​បាញ់​ដ្រូន Shahed ១៧០ គ្រឿង​និង​មីស៊ីល​គ្រប់​ប្រភេទ​រាប់​សិប​គ្រាប់។ ភាគ​ច្រើន​នៃ​ដ្រូន​និង​មីស៊ីល​ទាំងនេះ​សំដៅ​លើ​ហេដ្ឋារចនាសម្ព័ន្ធ​ស៊ីវិល»។
 
លោក Zelenskyy ថា អ្នក​រង​របួស​ដោយសារ​ការ​វាយ​ប្រហារ​របស់​រុស្ស៊ី​នេះ​មាន​ចំនួន ៩២ នាក់ និង​ថា​អ៊ុយក្រែន​នឹង​ធ្វើការ​ជាមួយ​នឹង «មនុស្ស​គ្រប់​គ្នា​នៅ​ជុំវិញ​ពិភពលោក​ដែល​ផ្ដល់​តម្លៃ​ដល់​ជីវិត» ដើម្បី​ពង្រឹង​ប្រព័ន្ធ​ការពារ​ដែន​អាកាស​របស់​អ៊ុយក្រែន​និង​ធ្វើ​ឱ្យ​រុស្ស៊ី​ទទួល​ខុសត្រូវ​ចំពោះ​ទង្វើ​របស់​ខ្លួន។
 
កម្ទេចកំទី​បាក់បែក​នៃ​មីស៊ីល​ទាំង​នេះ​ដែល​ធ្លាក់​ចុះ​មក​បាន​ធ្វើ​ឱ្យ​មនុស្ស​យ៉ាង​តិច ២០ នាក់​រង​របួស និង​អគារ​ច្រើន​ជាន់​មួយ​កន្លែង​ឆេះ​នៅ​ក្នុង​រដ្ឋធានី​កៀវ។ គេ​ឃើញ​មាន​ការ​ផ្ទុះ​ជា​ច្រើន​នៅ​ក្នុង​ទីក្រុង​កៀវ​នៅ​ពេល​ដែល​ប្រព័ន្ធ​ការពារ​ដែន​អាកាស​របស់​អ៊ុយក្រែន​បាន​តបត​ជាមួយ​នឹង​រលក​វាយ​ប្រហារ​នៃ​រ៉ុក្កែត​របស់​រុស្ស៊ី​ដោយ​មាន​ភ្លើង​ឆេះ​នៅ​ក្នុង​សង្កាត់​យ៉ាង​តិច ៥។
ការ​បាញ់​ស្រោច​គ្រប់​ទិសទី​របស់​រុស្ស៊ី​ដែល​បាន​ធ្វើ​ឡើង​នៅ​អំឡុង​ពេល​ព្រឹក​ដ៏​មមាញឹក​នេះ​ក៏​បាន​កាត់ផ្ដាច់​ចរន្ត​អគ្គិសនី​និង​ធ្វើ​ឱ្យ​ខូចខាត​ដល់​បំពង់​ឧស្ម័ន​នៅ​តាម​ផ្នែក​មួយ​ចំនួន​នៃ​ទីក្រុង​កៀវ​ផង​ដែរ។
 
រីឯ​នៅ​ក្នុង​ទីក្រុង Kharkiv វិញ លោក​អភិបាល Ihor Terekhov បាន​និយាយ​ថា ទីក្រុង​នេះ​បាន​រង «ការ​វាយ​ប្រហារ​ដោយ​មីស៊ីល​ដ៏​ខ្លាំងក្លា»។
លោក Oleg Sinegubov ប្រធាន​រដ្ឋបាល​យោធា​ក្នុង​ទីក្រុង Kharkiv បាន​បញ្ជាក់​តាម Telegram ថា ការ​វាយ​ប្រហារ​របស់​រុស្ស៊ី​បាន​ធ្វើ​ឱ្យ​មនុស្ស​យ៉ាង​តិច​ម្នាក់​ស្លាប់​និង​ជាង ៤០ នាក់​ទៀត​រង​របួស៕
 

© រក្សាសិទ្ធិដោយ thmeythmey.com