កីឡាអន្តរជាតិ
អន្តរជាតិ
Tomiyasu រិះគន់កាលវិភាគប្រកួត Asian Cup, AFCON ជះផលអាក្រក់ដល់កីឡាករ 03, Jan 2024 , 8:19 pm
× Takehiro Tomiyasu ខ្សែការពារក្រុមកាំភ្លើងធំ Arsenal រិះគន់កាលវិភាគការប្រកួតរបស់ពានរង្វាន់ Asian Cup និង African Cup of Nations ដែលធ្វើឡើងនៅក្នុងចន្លោះខែមករា និងកុម្ភៈ ដែលជះផលអាក្រក់ ដល់កីឡាករ។ កីឡាករសញ្ជាតិជប៉ុន ស្នើឱ្យការប្រកួតពានរង្វាន់ប្រចាំទ្វីបទាំងពីរ រៀបចំនៅខែមិថុនា ក្រោយពេលរដូវកាលតាមលីគនីមួយបានបិទបញ្ចប់ និងពេលប្រកួតដូចទៅនឹងព្រឹត្តិការណ៍ UEFA Euro របស់តំបន់អឺរ៉ុប។
ការប្រកួតពានរង្វាន់លំដាប់ទ្វីបអាស៊ី Asian Cup នឹងត្រូវចាប់ផ្តើមការប្រកួតចាប់ពីថ្ងៃទី១២ ខែមករា រហូតដល់ថ្ងៃទី១០ ខែកុម្ភៈ នៅក្នុងប្រទេសកាតា ចំណែកពានទ្វីបអាហ្វ្រិក African Cup of Nations ដែលធ្វើឡើងនៅក្នុងប្រទេសកូតឌីវ័រ ធ្វើឡើងចាប់ពីថ្ងៃទី១៣ ខែមករា ដល់ថ្ងៃទី១២ ខែកុម្ភៈ។
ការប្រកួតពានរង្វាន់ទាំងពីរនេះ ចំនួន ៣ ព្រឹត្តិការណ៍ហើយ ត្រូវបានរៀបចំឡើងនៅក្នុងចន្លោះពីខែមករា ដល់ខែកុម្ភៈ ដែលជាពេលវេលាដែលតំបន់ស្ថិតនៅក្នុងទ្វីបអាហ្រ្វិក ក៏ដូចជាតំបន់មជ្ឈិមបូព៌ា មានសីតុណ្ហភាពលើពីប្រមាណ ៥០អង្សាសេ ដោយសីតុណ្ហភាពនេះត្រូវបានចាត់ទុកថាមានគ្រោះថ្នាក់សម្រាប់កីឡាករបាល់ទាត់។
ចំណែកសម្រាប់ក្រុមកាំភ្លើងធំអាចនឹងគ្មានវត្តមានកីឡាករ Tomiyasu ដល់ទៅ ៦ប្រកួត ក្នុងនោះមានការប្រកួតក្របខណ្ឌ Premier League ចំនួន ៤ប្រកួត ប្រសិនបើក្រុមជប៉ុនឈានដល់ឡើងដល់វគ្គផ្តាច់ព្រ័ត្រពាន Asian Cup នៅក្នុងប្រទេសកាតា។
«ខ្ញុំចឹងឱ្យការប្រកួត Asian Cup រៀបចំឡើងនៅក្នុងខែមិថុនា ដូចទៅនឹងពានរង្វាន់របស់អឺរ៉ុប។ ខ្ញុំមិនដឹងទេថាហេតុអ្វីទើបយើងត្រូវលេងនៅក្នុងខែមករា មិនត្រឹមតែពានរង្វាន់ Asian Cup ឡើយ ប៉ុន្តែពានរង្វាន់ African Cup of Nations ដូចគ្នាដែរ។ វាមិនល្អសម្រាប់កីឡាករឡើយ ប៉ុន្តែវាជាអ្វីដែលបានកើតឡើង ហើយខ្ញុំនឹងព្យាយាមក្នុងការវិលត្រឡប់មកវិញជាមួយនឹងពានរង្វាន់ក្នុងដៃ។»។ Tomiyasu បាននិយាយប្រាប់ទស្សនាវដ្តី Evening Standard ក្នុងកិច្ចសម្ភាសមួយនាថ្ងៃទី២ ខែធ្នូ។
ជប៉ុនកំពុងតែមានក្តីស្រម៉ៃសម្លឹងមើលការឈ្នះពានរង្វាន់ Asian Cup លើកទី៥ និងជាកំណត់ត្រាថ្មីរបស់ខ្លួន បន្ទាប់ពីពួកគេបានឈ្នះ ៤លើករួចមក។ ជប៉ុន ដែលស្ថិនៅពូល D នឹងចាប់ផ្តើមការប្រកួតចាប់ពីថ្ងៃទី១៤ ខែមករា ដោយត្រូវតទល់នឹងក្រុមវៀតណាម មុនពេលទៅប៉ះក្រុមអ៊ីរ៉ាក់ និងក្រុមឥណ្ឌូណេស៊ី៕
Tag:
Takehiro Tomiyasu
Arsenal
Asian Cup
© រក្សាសិទ្ធិដោយ thmeythmey.com