ជាតិ
នាយ និងនាយរងប៉ុស្តិ៍ច្រកទ្វារ មានអាណត្តិ៤ឆ្នាំ បើតែងតាំងថ្មីគឺនៅច្រកទ្វារផ្សេងទៀត
04, Jan 2024 , 9:40 am        
រូបភាព
លោកឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ កាលពីថ្ងៃទី២៩ ខែធ្នូ បានចេញប្រកាសស្តីពីការកំណត់អាណត្តិការងារសម្រាប់តំណែងនាយ និងនាយរងប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែន និងច្រកទ្វារអន្តរជាតិនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍។


នាយ និងនាយរងប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិ និងច្រកទ្វារអន្តរជាតិនៃនាយកដ្ឋាន ច្រកទ្វារទី១ និងនាយកដ្ឋានច្រកទ្វារទី២ មានអាណត្តិការងាររយៈពេល៤ឆ្នាំ។ សម្រាប់អ្នកដែលត្រូវតែងតាំងថ្មីសម្រាប់អាណត្តិបន្ទាប់នោះ គឺត្រូវបម្រើការនៅច្រកទ្វារផ្សេងទៀត។

ប៉ុស្ត៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិ និងច្រកទ្វារអន្តរជាតិ ដឹកនាំដោយនាយប៉ុស្តិ៍១រូប និងនាយរងប៉ុស្តិ៍ជាជំនួយការ។ ចំពោះច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ និងសៀមរាប មាននាយរងប៉ុស្តិ៍ ១៥រូប ដូចគ្នា ខណៈច្រកទ្វារអន្តរជាតិអាកាសយានដ្ឋានខេត្តព្រះសីហនុ មាននាយរងប៉ុស្តិ៍១២រូប។

ប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិ ដែលមាននាយរងប៉ុស្តិ៍ ១៥រូប រួមមានច្រកចាំយាម, ចាំព្រំ, ដូង, ស្ទឹងបត់, អូរស្មាច់, ភ្នំដិន, ព្រៃវល្លិ៍, ត្រពាំងស្រែ, ត្រពាំងផ្លុង, ព្រែកចាក។ ច្រកទ្វារព្រំដែនអន្តរជាតិ ប៉ោយប៉ែត និងបាវិត មាននាយរងប៉ុស្តិ៍ដល់ទៅ២៤រូប។

ប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិម៉ឺនជ័យ មាននាយរង១៤រូប។ ច្រកដែលមាននាយរង ១៣រូប រួមមាន បន្ទាយចក្រី, កោះរកា, ក្អមសំណ។ ច្រកអន្តរជាតិអូរយ៉ាដាវ មាននាយរង១១រូប, ជាំ, ត្រពាំងក្រៀល មាននាយរង១០រូប, ច្រកភ្នំដី មាន៨រូប។

ចំណែកប៉ុស្តិ៍នគរបាលច្រកទ្វារកំពង់ផែអន្តរជាតិវិញ ភ្នំពេញមាននាយរង១៥រូប, ខេត្តព្រះសីហនុ មាន១១រូប, ស្ទឹងហាវ មាន៤រូប, ឧកញ៉ាម៉ុងមាន៤រូប៕





© រក្សាសិទ្ធិដោយ thmeythmey.com