អន្តរជាតិ
មនុស្សក្បែរ១០០នាក់ បានបាត់បង់ជីវិតក្នុងពិធីបុណ្យខួបមេបញ្ជាការសូឡៃមេនី នៅអុីរ៉ង់
04, Jan 2024 , 10:09 am        
រូបភាព
ករណីផ្ទុះគ្រាប់បែកនៅអុីរ៉ង់ចំនួន ២លើក ដែលបានសម្លាប់មនុស្សជិត១០០នាក់។ រូបភាព AFP
ករណីផ្ទុះគ្រាប់បែកនៅអុីរ៉ង់ចំនួន ២លើក ដែលបានសម្លាប់មនុស្សជិត១០០នាក់។ រូបភាព AFP
មនុស្សជិត ១០០នាក់ ត្រូវបានស្លាប់ ខណៈអ្នករបួសមានលើសពី២០០នាក់ក្នុងការបំផ្ទុះ២លើកអំឡុងពិធីបុណ្យរម្លឹកខួបមេបញ្ជាការ កាស្សេម សូឡៃមេនី ដែលត្រូវបានអាម៉េរិកសម្លាប់កាលពី៤ឆ្នាំមុន។ អ៊ីរ៉ង់ បានប្តេជ្ញាស្វែងរកយុត្តិធម៌ចំពោះជនរងគ្រោះ ខណៈមេដឹកនាំកំពូលប្រកាសសងសឹក។
 
ក្នុងពិធីរម្លឹកខួប៤ឆ្នាំរបស់លោកមេបញ្ជាការ កាស្សេម សូឡៃមេនី ដែលត្រូវបានអាម៉េរិកសម្លាប់ នៅថ្ងៃទី៣ ខែមករា មានការបំផ្ទុះចំនួន ២លើក បានកើតឡើង។ តាមការរាយការណ៍របស់ទូរទស្សន៍អ៊ីរ៉ង់ ការផ្ទុះឡើងពីរលើកនោះ គឺខុសគ្នាចន្លោះរយៈពេល ២០នាទី។ 
 
រដ្ឋមន្រ្តីសុខាភិបាលអ៊ីរ៉ង់ លោក Bahram Eynollahi បានប្រាប់ទូរទស្សន៍រដ្ឋថា អ្នកស្លាប់មានចំនួន ៩៥នាក់ និង២១១នាក់ បានរងរបួស។ នេះជាចំនួនស្លាប់ដ៏ច្រើនបំផុតរបស់ប្រវត្តិសាស្រ្តអ៊ីរ៉ង់ ខណៈមិនមានក្រុមណាមួយប្រកាសពីការទទួលខុសត្រូវរបស់ខ្លួនឡើយ។ កន្លងមក អ៊ីរ៉ង់ ក៏ធ្លាប់ប្រឈមនឹងការវាយប្រហារបែបនេះដែរ ដោយក្រុមភេរវករផ្សេងៗគ្នា។ 
 
ក្រោយហេតុការណ៍នេះ ប្រធានាធិបតីអ៊ីរ៉ង់ លោក Ebrahim Raisi បានថ្កោសទោសការវាយប្រហារនោះជាឧក្រិដ្ឋកម្មដ៏ឃោរឃៅ។ ស្របគ្នានេះ មេដឹកនាំកំពូលអ៊ីរ៉ង់ លោក Ayatollah Khamenei បានប្រកាសសងសឹកសម្រាប់ការផ្ទុះគ្រាប់បែកចំនួន ២លើកនោះ។ 
 
«ឧក្រិដ្ឋកម្មដ៏ឃោរឃៅ…ត្រូវតែដឹងថា ពួកគេនឹងត្រូវបានដោះស្រាយជាមួយចាប់ពីពេលនេះតទៅ ហើយដោយគ្មានការសង្ស័យ អ្នកប្រព្រឹត្តនឹងរងការឆ្លើយតបដ៏ខ្លាំងក្លា»។ មេដឹកនាំកំពូលអ៊ីរ៉ង់ បានប្រើពាក្យសម្តីព្រមានធ្ងន់ៗបែបនេះ នៅក្នុងសេចក្តីថ្លែងការណ៍មួយ។ 
 
ប្រទេសមួយចំនួន ដូចជារុស្ស៊ី និងតួកគី បានថ្កោលទោសចំពោះការវាយប្រហារខាងលើ ខណៈប្រមុខអង្គការសហប្រជាជាតិ លោក អាន់តូនីញ៉ូ ហ្គូតេរ៉េស បានទទូចឱ្យអ្នកប្រព្រឹត្តត្រូវតែទទួលខុសត្រូវ។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន​ Reuters។ 
 
ពាក់ព័ន្ធនឹងការវាយប្រហារខាងលើ អ្នកនាំពាក្យសន្តិសុខជាតិអាម៉េរិក លោក John Kirby បានអះអាងថា រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន មិនបានឃើញថា អុីស្រាអែល ស្ថិតនៅពីក្រោយការវាយប្រហារនោះឡើយ។ កន្លងមក អ៊ីរ៉ង់ធ្លាប់ចោទអុីស្រាអែល ពាក់ព័ន្ធនឹងករណីផ្ទុះគ្រាប់បែកនៅតាមព្រំដែនរបស់ខ្លួន។ 
 
គួររម្លឹកថា លោក សូឡៃមេនី អតីតមេបញ្ជាការកងកម្លាំង Quds ដែលជាកម្លាំងប្រតិបត្តិការបរទេសនៃកងឆ្មាំបដិវត្តន៍អ៊ីរ៉ង់ ត្រូវបានសម្លាប់នៅថ្ងៃទី៣ ខែមករា ឆ្នាំ២០២០ ក្រោយអាម៉េរិកបញ្ជាដ្រូនឱ្យបាញ់ប្រហារនៅក្បែរអាកាសយានដ្ឋានទីក្រុងបាដាត៕ 

Tag:
 អ៊ីរ៉ង់
  អាម៉េរិក
© រក្សាសិទ្ធិដោយ thmeythmey.com