ជាតិ
សេដ្ឋកិច្ច
លោក គង់ វិបុល លើកទឹកចិត្តអ្នកជាប់ពន្ធឱ្យដាក់ពាក្យសុំអត្ថប្រយោជន៍ក្រោមកិច្ចព្រមព្រៀង DTA
04, Jan 2024 , 9:29 pm        
រូបភាព
លោក គង់ វិបុល ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ។ រូបថត៖​ GDT
លោក គង់ វិបុល ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ។ រូបថត៖​ GDT
អគ្គនាយកពន្ធដារលោក គង់ វិបុល ប្រាប់អ្នកជាប់ពន្ធឱ្យរួសរាន់ដាក់ពាក្យស្នើសុំអត្ថប្រយោជន៍ ក្រោមកិច្ចព្រមព្រៀងស្តីពីការចៀសវាងការយកពន្ធត្រួតគ្នា (Double Taxation Agreement-DTA)។ បើតាមសេចក្តីណែនាំរបស់លោក គង់ វិបុល នាថ្ងៃទី៣មករា ដើម្បីទទួលបានអត្ថប្រយោជន៍ពីDTA អ្នកជាប់ពន្ធត្រូវអនុវត្តតាមច្បាប់និង បទប្បញ្ញត្តិនានា ស្តីពីពន្ធដារជាធរមាន មុនពេលទទួលបានការអនុញ្ញាតពីអគ្គនាយកដ្ឋានពន្ធដារ។
 
ការសម្រេចរបស់មេពន្ធដារនៅពេលនេះ គឺដើម្បីផ្តល់ការលើកទឹកចិត្តនិងភាពងាយស្រួលបន្ថែមទៀត ដល់អ្នកជាប់ពន្ធ ក្នុងការអនុវត្តនិងទទួលបានអត្ថប្រយោជន៍ក្រោមកិច្ចព្រមព្រៀងDTA។ ការផ្តល់នេះធ្វើឡើងបន្ទាប់ពីសង្កេតឃើញ និវាសនជន នៃយុត្តាធិការដៃគូកិច្ចព្រមព្រៀង DTA របស់កម្ពុជា លោក-លោកស្រីអភិបាល បណ្ណាធិការ ឬកម្មសិទ្ធិករសហគ្រាស ពាក់ព័ន្ធ (អ្នកជាប់ពន្ធ) បានផ្តល់កិច្ចសហការនិងមានអនុលោមភាពខ្ពស់។
 
អគ្គនាយកដ្ឋានពន្ធដារ បានបញ្ជាក់ថា អត្ថប្រយោជន៍ក្រោមកិច្ចព្រមព្រៀង DTA នឹងត្រូវអនុវត្តក្នុងរយៈពេលមួយឆ្នាំពេញ សម្រាប់គ្រប់ករណី ស្នើសុំដែលទទួលបានការអនុញ្ញាតពីអគ្គនាយកដ្ឋានពន្ធដារ ដោយគិតចាប់ពីថ្ងៃទី១ ខែមករា នៃឆ្នាំជាប់ពន្ធចរន្ត។ ហេតុដូច្នេះ អ្នកជាប់ពន្ធត្រូវរួសរាន់ក្នុងការដាក់ពាក្យស្នើសុំអត្ថប្រយោជន៍ ក្រោមកិច្ចព្រមព្រៀង DTA និងត្រូវអនុវត្តតាមច្បាប់និង បទប្បញ្ញត្តិនានាស្តីពីពន្ធដារជាធរមាន មុនពេលទទួលបានការអនុញ្ញាតពីអគ្គនាយកដ្ឋានពន្ធដារ។ 
 
ដើម្បីឈ្វេងយល់បន្ថែមអំពីការអនុវត្តនេះ អ្នកជាប់ពន្ធ ភ្នាក់ងារសេវាកម្មពន្ធដារ និងសាធារណជនទាំងអស់ អាចទូរស័ព្ទមក Call Center 1277 ឬចូលជជែកសួរក្នុង GDT Live Chat ដែលអាចទាញយកកម្មវិធីទូរសព្ទដៃចេញពី App Store សម្រាប់ iOS ឬ Play Store សម្រាប់ Android។ លោក គង់​វិបុល សង្ឃឹមយ៉ាងមុតមាំថា អ្នកជាប់ពន្ធទាំងអស់ នឹងយកចិត្តទុកដាក់អនុវត្តតាមខ្លឹមសារខាងលើនេះឱ្យមានប្រសិទ្ធភាព និង ប្រកបដោយស្មារតី ទទួលខុសត្រូវខ្ពស់៕ 

Tag:
 ពន្ធដារ
  លោក គង់ វិបុល
© រក្សាសិទ្ធិដោយ thmeythmey.com