អន្តរជាតិ
ក្រុមហាម៉ាស់ថា ការវាយប្រហារដោយដ្រូនរបស់អុីស្រាអែលបានសម្លាប់មេដឹកនាំជាន់ខ្ពស់ម្នាក់របស់ខ្លួន
04, Jan 2024 , 9:59 pm        
រូបភាព
រូបឯកសារ៖ លោក Saleh al-Arouri មន្ត្រីជាន់ខ្ពស់ម្នាក់នៃការិយាល័យនយោបាយរបស់ក្រុមហាម៉ាស់ ថ្លែងនៅក្នុងកិច្ចពិភាក្សាមួយ នៅប្រទេសអេហ្ស៊ីប កាលពីថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៧។
រូបឯកសារ៖ លោក Saleh al-Arouri មន្ត្រីជាន់ខ្ពស់ម្នាក់នៃការិយាល័យនយោបាយរបស់ក្រុមហាម៉ាស់ ថ្លែងនៅក្នុងកិច្ចពិភាក្សាមួយ នៅប្រទេសអេហ្ស៊ីប កាលពីថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៧។
ដោយ: VOA
ការ​វាយ​ប្រហារ​ដោយ​ដ្រូន​របស់​អ៊ីស្រាអែល​ លើ​ទីតាំង​របស់​ក្រុម​ហាម៉ាស់​នៅ​ជាយក្រុង​បៃរុតនៃ​ប្រទេស​លីបង់ ​បាន​សម្លាប់​មន្ត្រី​ជាន់ខ្ពស់​ក្រុម​ហាម៉ាស់​ឈ្មោះ Saleh al-Arouri។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​ក្រុម​ហាម៉ាស់​និង​មន្ត្រី​សន្តិសុខ​នៅ​ក្នុង​តំបន់​នោះ។


លោក Arouri គឺ​ជា​មន្ត្រី​ជាន់ខ្ពស់​ម្នាក់​នៃ​ការិយាល័យ​នយោបាយ​របស់​ក្រុម​ហាម៉ាស់​និង​ជា​ស្ថាបនិក​មួយ​រូប​នៃ​កងពល​តូច Qassam ​របស់​យោធា​ក្រុម​ហាម៉ាស់ ដែល​ជា​ក្រុម​ធ្វើការ​វាយ​ប្រហារ​ដ៏​ភ្ញាក់ផ្អើល​លើ​អ៊ីស្រាអែល​ កាលពី​ថ្ងៃ​ទី ៧ ខែ​តុលា​ឆ្នាំ​មុន។ កាលពី​ឆ្នាំ​មុន សហរដ្ឋ​អាមេរិក​បាន​ផ្ដល់​រង្វាន់ ៥ លាន​ដុល្លារ ​ដែល​ជា​ផ្នែក​មួយ​នៃ​កម្មវិធី​រង្វាន់​សម្រាប់​យុត្តិធម៌ (Rewards for Justice Program) សម្រាប់​ការផ្ដល់​ព័ត៌មាន​ណា​មួយ​អំពី​លោក Arouri។
 
យោធា​អ៊ីស្រាអែល​បាន​បដិសេធ​មិន​បញ្ចេញ​មតិ​ណា​មួយ​លើ​ដំណឹង​អំពី​ការ​ស្លាប់​របស់​លោក Arouri នេះ ប៉ុន្តែ​ការ​វាយ​ប្រហារ​ដូចនេះ​ណា​មួយ​គឺ​ស្រប​ទៅ​នឹង​គោល​បំណង​ដែល​បាន​សច្ចា​ទុក​របស់​អ៊ីស្រាអែល​នៅ​ក្នុង​ការសម្លាប់​ថ្នាក់ដឹកនាំ​សំខាន់ៗ​របស់​ក្រុម​ហាម៉ាស់ ស្រប​ពេល​ដែល​សង្គ្រាម​រវាង​អ៊ីស្រាអែល​និង​ក្រុម​នេះ​នៅ​ក្នុង​តំបន់​ហ្កាហ្សា (Gaza) មាន​រយៈពេល​ជិត ៣ ខែ​មក​ហើយ។
 
លោក Arouri បាន​ដឹកនាំ​វត្តមាន​របស់​ក្រុម​ហាម៉ាស់​នៅ​ក្នុង​តំបន់ West Bank ដែល​កាន់កាប់​ដោយ​អ៊ីស្រាអែល។ នាយក​រដ្ឋមន្ត្រី​អ៊ីស្រាអែល​លោក Benjamin Netanyahu បាន​គំរាម​សម្លាប់​លោក Arouri មុន​ពេល​ដែល​ក្រុម​ហាម៉ាស់​បាន​វាយឆ្មក់​វាយ​ប្រហារ​លើ​អ៊ីស្រាអែល​កាលពី​ថ្ងៃ​ទី ៧ ខែ​តុលា​ឆ្នាំ​មុន​ទៅទៀត។
 
ទីភ្នាក់ងារ​សារព័ត៌មាន​រដ្ឋ​របស់​លីបង់​បាន​រាយការណ៍​ថា មនុស្ស ៤ នាក់​ត្រូវ​បាន​សម្លាប់​នៅ​ក្នុង​ការ​វាយ​ប្រហារ​លើ​ទីតាំង​របស់​ក្រុម​ហាម៉ាស់​នៅ​ក្នុង​តំបន់​រស់នៅ​ដ៏​អ៊ូអរ​មួយ​កន្លែង​នៅ​ជាយក្រុង​ខាង​ត្បូង​នៃ​រដ្ឋធានី​បៃរុត។
 
ក្រុម​ហេសបូឡា (Hezbollah) បាន​បញ្ជាក់​នៅ​ក្នុង​សេចក្ដី​ថ្លែងការណ៍​មួយ​ថា៖ «ឧក្រិដ្ឋកម្ម​នេះ​នឹង​មិន​អាច​រួច​ខ្លួន​ដោយ​គ្មាន​ចម្លើយ​ឬ​ការ​ដាក់​ទោសទណ្ឌ​នោះ​ទេ»។ ក្រុម​នេះ​បាន​ហៅ​ការ​វាយ​ប្រហារ​របស់​អ៊ីស្រាអែល​លើ​ទីតាំង​របស់​ក្រុម​ហាម៉ាស់​នេះ​ថា​ជា «ការ​វិវត្ត​ដ៏​គ្រោះថ្នាក់​នៅ​ក្នុង​សង្គ្រាម»៕

© រក្សាសិទ្ធិដោយ thmeythmey.com