កញ្ចប់ថវិកាចំនួន ៤ ៣៧២,៥លានរៀល (ជាង១លានដុល្លារអាម៉េរិក) នឹងត្រៀមសម្រាប់ការចំណាយរបស់ក្រសួងទេសចរណ៍លើការសិក្សា និងផ្សព្វផ្សាយទេសចរណ៍ក្រៅប្រទេស។ នេះបើតាមនេះបើតាមរបាយការណ៍ថវិកាសង្ខេបឆ្នាំ២០២៤ (Budget in Brief, Fiscal Year 2024)។
ការសិក្សា និងផ្សព្វផ្សាយទេសចរណ៍ក្រៅប្រទេស ស្ថិតក្នុងកម្មវិធីទី២នៃគម្រោងចំណាយរបស់ក្រសួងទេសចរណ៍ ដែលផ្តោតលើការអភិវឌ្ឍទេសចរណ៍ និងសហប្រតិបត្តិការអន្តរជាតិ។ គម្រោងចំណាយឆ្នាំ២០២៤ នេះ កើតលើសឆ្នាំមុនចំនួន៤០០លានរៀល (គម្រោងឆ្នាំ២០២៣ គឺ៣ ៩៧២,៥លានរៀល)។
គម្រោងចំណាយសរុបសម្រាប់ក្រសួងទេសចរណ៍នៅឆ្នាំ២០២៤ នេះ គឺមានចំនួន ៩២ ១៣១លានរៀល (ជិត២២,៥លានដុល្លារអាម៉េរិក) ដោយផ្តោតលើកម្មវិធីសំខាន់ៗ ចំនួន៣។ កម្មវិធីទី១ លើការគ្រប់គ្រងឧស្សាហកម្មទេចរណ៍ ដោយមានកញ្ចប់ថវិកា ៧ ៦១៦,២លានរៀល ដែលរួមមានការពង្រឹងពង្រឹងគុណភាពឧស្សាហកម្មនិងសេវាកម្មទេសចរណ៍ “សេវាមួយស្ដង់ដារមួយ”, ការបណ្តុះបណ្តាលវិជ្ជាជីវៈទេសចរណ៍ “បុគ្គលិកមួយ ជំនាញមួយ”, ជំរុញទេសចរណ៍ក្នុងស្រុក និងការយល់ដឹងសាធារណៈ, ជំរុញចលនាប្រឡងប្រណាំង "ទីក្រុងស្អាត រមណីយដ្ឋានស្អាត សេវាល្អ បដិសណ្ឋារកិច្ចល្អ”, គណៈកម្មការគ្រប់គ្រង និងអភិវឌ្ឍន៍ទេសចរណ៍សៀមរាប-អង្គរ និងពង្រឹងការគ្រប់គ្រងឧស្សាហកម្មទេសចរណ៍និងការប្រឡងប្រណាំងនៅរាជធានី-ខេត្ត។
កម្មវិធីទី២ ផ្តោតលើការអភិវឌ្ឍទេសចរណ៍និងសហប្រតិបត្តិការអន្តរជាតិ ក្នុងគម្រោងថវិកា ១១ ០៩៥,៨លានរៀល ដែលរួមមាន ផែនការ ការអភិវឌ្ឍផលិតផល និងវិនិយោគទេសចរណ៍, ពង្រឹងនិងពង្រីកទំនាក់ទំនងកិច្ចសហប្រតិបត្តិការទេសចរណ៍ អនុកម្មវិធីទី៣៖ ការសិក្សាទីផ្សារនិងផ្សព្វផ្សាយទេសចរណ៍ក្រៅប្រទេស, ពង្រឹងគុណភាពប្រព័ន្ធស្ថិតិទេសចរណ៍ និងការសិក្សាស្រាវជ្រាវរៀបចំគោលនយោបាយ ផែនការយុទ្ធសាស្ត្រ និងការគ្រប់គ្រងស្ថិតិទេសចរណ៍, ផែនការ ការអភិវឌ្ឍផលិតផល និងវិនិយោគទេសចរណ៍ រាជធានី-ខេត្ត ។
កម្មវិធីទី៣ ក្នុងកញ្ចប់ថវិកា ៧៣ ៤១៩លានរៀល សំដៅដល់សេវាគាំទ្រដំណើរការទូទៅរបស់ស្ថាប័ន ក្នុងនោះ រួមមាន បង្កើនប្រសិទ្ធភាព និងគុណភាពសេវារដ្ឋបាលសាធារណៈ សម្រួលការធ្វើដំណើរការដឹកជញ្ជូន និងសន្តិសុខ សុវត្ថិភាពទេសចរណ៍, ការគ្រប់គ្រងនិងអភិវឌ្ឍន៍សមត្ថភាពមន្តី្រ, ការគ្រប់គ្រងគណនេយ្យនិងហិរញ្ញវត្ថុ, ការកសាង និងអនុវត្តបទដ្ឋានគតិយុត្ត ការងារសវនកម្មផ្ទៃក្នុង និងអធិការកិច្ច, កិច្ចការសម្របសម្រួលអន្តរវិស័យ, ការគ្រប់គ្រងការប្រមូលចំណូលពីរមណីយដ្ឋានអង្គរ, កិច្ចការគាំទ្រទេសចរណ៍ រាជធានី-ខេត្ត៕