ជាតិ
CATA ដាក់គោលដៅទាក់ទាញទេសចរឥណ្ឌាឱ្យមកលេងកម្ពុជា នៅឆ្នាំ២០២៤
06, Jan 2024 , 10:21 am        
រូបភាព
ភ្នំពេញ៖ នៅឆ្នាំ២០២៤នេះ សមាគមទេសចរណ៍កម្ពុជា (CATA) បានដាក់គោលដៅទាក់ទាញទេសចរឥណ្ឌាឱ្យមកលេងកម្ពុជាកាន់តែច្រើន។ បើតាមលោកស្រី ឆាយ ស៊ីវលីន ប្រធានសមាគមទេសចរណ៍កម្ពុជា (CATA) ទីផ្សារទេសចរឥណ្ឌាមកលេងប្រទេសជិតខាងច្រើន ប៉ុន្តែនៅកម្ពុជាមានកម្រិតនៅឡើយ។

 
វិស័យទេសចរណ៍ ជាឧស្សាហកម្មគ្មានផ្សែង ដែលជួយដល់សេដ្ឋកិច្ចពលរដ្ឋ និងសេដ្ឋកិច្ចជាតិ។ ក្រោយវិបត្តិកូវីដ-១៩ កម្ពុជា កំពុងស្ថិតក្នុងដំណាក់កាលងើបឡើងវិញ នៃវិស័យទេសចរណ៍។ ក្នុងឆ្នាំ២០២៣កន្លងទៅ កម្ពុជាគោលដៅទាក់ទាញទេសចរអន្តរជាតិឱ្យបានយ៉ាងតិច ៤លាននាក់ និងភ្ញៀវទេសចរក្នុងស្រុកយ៉ាងតិច ១៥លាននាក់។
 
សម្រាប់ផែនការឆ្នាំ២០២៤នេះ លោកស្រី ឆាយ ស៊ីវលីន ប្រធានសមាគមទេសចរណ៍កម្ពុជា (CATA) ដែលជាវិស័យឯកជន ក្នុងការចូលរួមលើកកម្ពស់វិស័យទេសចរណ៍ បានដាក់គោលដៅទាក់ទាញទេសចរឥណ្ឌាឱ្យមកកម្សាន្តនៅកម្ពុជា។ ការផ្ដោតសំខាន់លើទីផ្សារឥណ្ឌា ដោយសារលោកស្រី មើលឃើញពីចរន្តទីផ្សារឥណ្ឌា មកកម្សាន្តនៅប្រទេសជិតខាងច្រើន។
 
ប្រធានសមាគមទេសចរណ៍កម្ពុជា លើកឡើងថា៖«នៅឆ្នាំ២០២៤នេះ យើងសង្ឃឹមថា ការហោះហើរត្រង់នឹងកើនឡើង។ ដូច្នេះត្រូវធ្វើយ៉ាងណា ដើម្បីទាក់ទាញទេសចរ ដោយផ្ដោតសំខាន់លើទីផ្សារឥណ្ឌាមុនគេ ដោយសារតែឥណ្ឌាជាទីផ្សារដ៏ធំ ហើយកន្លងមកមកកម្ពុជានៅមានកម្រិតនៅឡើយ។ បើក្រឡេងមើលប្រទេសជិតខាងទីផ្សារឥណ្ឌា គឺហូរហៀរមកច្រើន»។ 

លោកស្រី ឆាយ ស៊ីវលីន ប្រធានសមាគមទេសចរណ៍កម្ពុជា។ រូបភាពពីហ្វេសប៊ុកលោកស្រី ឆាយ ស៊ីវលីន
 
ក្រោយមើលឃើញពីចរន្តទេសចរឥណ្ឌា នៅដើមឆ្នាំនេះ លោកស្រី ឆាយ ស៊ីវលីន មានគម្រោងចុះអនុស្សារណៈជាមួយសមាគមទេសចរណ៍ឥណ្ឌា ដើម្បីសហការក្នុងការជំរុញទេសចរណ៍ទៅវិញទៅមក។ ក្រៅពីមានគោលដៅស្រូបទាញទេសចរឥណ្ឌា សមាគមទេសចរណ៍កម្ពុជា ក៏កំពុងតែធ្វើការជាមួយប្រទេសកូរ៉េ ជប៉ុន និងប្រទេសនៅតំបន់អាស៊ាន ដើម្បីទាក់ទាញទេសចរផ្សេងៗផងដែរ។  
 
ដើម្បីធ្វើឱ្យគោលដៅខាងលើ ទទួលបានជោគជ័យ លោកស្រី ឆាយ ស៊ីវលីន ចង់ឱ្យមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ។ «យើងចង់បានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ។ កាលណា មានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធហើយ បានន័យថា កម្ពុជាយើងជាគោលដៅដ៏ល្អ បដិសណ្ឋារកិច្ចល្អ កាលណាល្អហើយ គឺយើងទាក់ទាញភ្ញៀវបានហើយ និងបានចំណូលទៅដល់សេដ្ឋកិច្ចមូលដ្ឋាន និងសេដ្ឋកិច្ចជាតិ»។ នេះជាការលើកឡើងរបស់លោកស្រី ឆាយ ស៊ីវលីន ប្រធានសមាគមទេសចរណ៍កម្ពុជា។ 



ក្នុងឆ្នាំ២០២៤នេះ លោកស្រី ឆាយ ស៊ីវលីន មានជំនឿថាទេសចរនឹងមកកម្សាន្តនៅកម្ពុជាច្រើនជាងមុន។ ការជឿជាក់បែបនេះ ដោយសារលោកស្រី មើលឃើញពីផែនការដែលក្រសួងទេសចរណ៍ បានដាក់ចេញនូវយន្តការជាច្រើន ក្នុងការទាក់ទាញភ្ញៀវទេសចរ។ 
 
ទោះជាយ៉ាងណាលោកស្រី ឆាយ ស៊ីវលីន សង្កេតឃើញថានៅតំបន់អេកូទេសចរណ៍មួយចំនួន នៅមានបញ្ហារចនាសម្ព័ន្ធតភ្ជាប់ ដែលលំបាកសម្រាប់ទេសចរធ្វើដំណើរទៅដល់ ជាពិសេសសេវាកម្មផ្សេងៗ។ ជាមួយគ្នានេះ កម្ពុជា ក៏បញ្ហាទាក់ទងនឹងមធ្យោយបាយផ្សព្វផ្សាយទេសចរណ៍នៅមិនទាន់មានភាពទូលំទូលាយ និងភាពទាក់ទាញគ្រប់គ្រាន់ក្នុងការទាក់ចិត្តទេសចរនៅឡើយ។ 
 
លោកស្រី ឆាយ ស៊ីវលីន រៀបរាប់បែបនេះ៖«ការផ្សព្វផ្សាយរបស់អ្នកលក់កញ្ចប់ទេសចរណ៍នៅមានកម្រិត រួមទាំងភាពកម្សោយក្នុងការផ្សព្វផ្សាយរបស់កម្ពុជាយើង។ ប្រសិនបើយើងបន្ថែមការផ្សព្វផ្សាយឱ្យខ្លាំង ទើបយើងអាចប្រកួតប្រជែងជាមួយទីផ្សារនៅក្នុងតំបន់បាន»។ 
 
មកដល់បច្ចុប្បន្ននេះ ផ្នែកសេវាករ និងប្រតិបត្តិករទេសចរណ៍មួយចំនួន ដែលជួបបញ្ហាដោយសារវិបត្តិកូវីដ-១៩ មិនទាន់ត្រឡប់មកបម្រើសេវាកម្មទេសចរណ៍នៅឡើយ។ បញ្ហានេះ ធ្វើឱ្យមានការខ្វះខាត និងជារបាំងក្នុងការទទួលភ្ញៀវទេសចរផងដែរ៕ 


Tag:
 ទេសចរណ៍
  ឆាយ ស៊ីវលីន
  CATA
  ឥណ្ឌា
© រក្សាសិទ្ធិដោយ thmeythmey.com