ជាតិ
ចរាចរណ៍នៅជុំវិញកោះពេជ្រ នឹងត្រូវបង្វែរបណ្តោះអាសន្ន នៅព្រឹកថ្ងៃទី៧ មករា
06, Jan 2024 , 11:29 am        
រូបភាព
ដោយ៖ សែម ប្រាក់ដាវ
 
ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ នឹងបង្វែរទិសចរាចរនៅគោលដៅសំខាន់ៗជុំវិញកោះពេជ្រ នៅព្រឹកថ្ងៃទី៧ ខែមករា ជាទីដែលគណបក្សប្រជាជនកម្ពុជា ប្រារព្ធមីទ្ទិញអបអរខួបលើកទី៤៥ នៃទិវាជ័យជម្នះ៧មករា។ នេះបើតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញ ចុះថ្ងៃទី៥មករា។

 
ការបង្វែរទិសដៅចរាចរនេះ គឺដើម្បីរក្សាបានសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈ និងបញ្ចៀសការកកស្ទះចរាចរណ៍នៅបរិវេណប្រារព្ធពិធី ដែលនឹងប្រារព្ធឡើងក្រោមវត្តមាន សម្តេច ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងមានមនុស្សប្រមាណ២ម៉ឺននាក់ទៀតចូលរួម។
 
មិនត្រឹមតែចរាចរផ្លូវគោកនោះទេដែលនឹងត្រូវបង្វែរ ការធ្វើដំណើរចូលរាជធានីភ្នំពេញតាមផ្លូវទឹកក៏ត្រូវដូរទិសដៅបណ្តោះអាសន្នដែរ។ បើតាមសេចក្តីជូនដំណឹងដដែល សេវាចម្លងនៅចំណុចកំពង់ចម្លងភ្នំពេញ-អរិយក្សត្រ នឹងត្រូវដូរទៅចម្លងនៅកំពង់ចម្លងជ្រោយចង្វារ-អរិយក្សត្រវិញដែរ ចាប់ពីម៉ោង៥ទៀបភ្លឺ ដល់ម៉ោង១០ព្រឹក ថ្ងៃទី៧ ខែមករានេះ។
 
រដ្ឋបាលរាជធានីភ្នំពេញ បានសុំការយោគយល់ពីប្រជាពលរដ្ឋ ដែលត្រូវធ្វើដំណើរឆ្លងកាត់បរិវេណប្រារព្ធពិធី មុននឹងបញ្ជាក់ថា ការធ្វើចរាចរ នឹងប្រព្រឹត្តទៅតាមធម្មតាវិញ  ក្រោយបញ្ចប់មីទ្ទិញ៕

Tag:
 ចរាចរណ៍
  កោះពេជ្រ
© រក្សាសិទ្ធិដោយ thmeythmey.com