ជាតិ
វីដេអូ
លោក ហ៊ុន ម៉ានី មិនសុំឱ្យយុវជនរស់ក្នុងអតីតកាលទេ តែកុំភ្លេចប្រវត្តិជូរចត់របស់កម្ពុជា
06, Jan 2024 , 11:58 am        
រូបភាព
លោក ហ៊ុន ម៉ានី ប្រធាន​សហភាព​សហព័ន្ធ​យុវជនកម្ពុជា។ រូបភាព៖ ញឹក ស្រីល័ក្ខ
លោក ហ៊ុន ម៉ានី ប្រធាន​សហភាព​សហព័ន្ធ​យុវជនកម្ពុជា។ រូបភាព៖ ញឹក ស្រីល័ក្ខ
ភ្នំពេញ៖ យុវជន ត្រូវតែចងចាំប្រវត្តិដ៏ជូរចត់របស់កម្ពុជា។ នេះគឺជាលើកឡើងរបស់ លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា នៅក្នុងពិធីគោរពវិញ្ញាណក្ខន្ធជនរងគ្រោះ ដែលបាត់បង់ជីវិតក្នុងរបបប៉ុល ពត នៅមជ្ឈមណ្ឌលប្រល័យពូជសាសន៍ជើងឯក នៅព្រឹកថ្ងៃទី៦មករានេះ។ នៅចំពោះមុខសមាជិករបស់ខ្លួន ប្រមាណ៥០០នាក់ ដែលចូលរួមពិធីនេះ លោក ហ៊ុន ម៉ានី ប្រធានស.ស.យ.ក. គូសបញ្ជាក់ដូច្នេះ៖ «(ខ្ញុំ)មិនសុំឱ្យយុវជនរស់ក្នុងអតីតកាលទេ តែកុំឱ្យភ្លេចប្រវត្តិដ៏ជូរចត់របស់កម្ពុជា ដែលជាមូលដ្ឋាននៃសុខសន្តិភាព ដែលយើងទទួលបាននាពេលបច្ចុប្បន្ន»។
 
សូមអញ្ជើញទស្សនាវីដេអូខាងក្រោមដូចតទៅ៖  
 
 
ចាប់តាំងពីឆ្នាំ២០១២មក សហភាពសហព័ន្ធយុវជនកម្ពុជា តែងតែរៀបចំពិធីគោរពវិញ្ញាណក្ខន្ធជូនជនរងគ្រោះ ដែលបាត់បង់ជីវិតក្នុងរបបកម្ពុជាប្រជាធិបតេយ្យ ថ្ងៃទី៦ មករា រៀងរាល់ឆ្នាំ។
 
លោក ហ៊ុន ម៉ានី គោលបំណងនៃការគោរពវិញ្ញាណក្ខន្ធនេះ គឺដើម្បីបញ្ជាក់ពីការផ្សារភ្ជាប់រវាងយុវជនជំនាន់ក្រោយ និងកត្តាប្រវត្តិសាស្ត្ររបស់កម្ពុជា ដែលពលរដ្ឋជួបនូវសោកនាដកម្ម។ «អ្នកដែលបានកើតក្នុងដំបូលនៃសុខសន្តិភាព ពេលប្រទេសមានភាពរីកចម្រើន ពោរពេញដោយឱកាស។ ដូច្នេះពួកគាត់មានការយកចិត្តទុកដាក់លើ ការរៀនសូត្រ និងជីវភាពប្រចាំថ្ងៃ។ ប៉ុន្តែមិនសុំឱ្យពួកគាត់រស់ក្នុងអតីតកាលទេ តែកុំឱ្យភ្លេចប្រវត្តិដ៏ជូរចត់របស់ប្រជាជនខ្មែរ»។ លោក ហ៊ុន ម៉ានីបញ្ជាក់ដូច្នេះ មុននឹងបន្តថា ទោះបីកម្ពុជាទទួលបានសន្តិភាព និងការអភិវឌ្ឍដូចបច្ចុប្បន្ននេះ ប៉ុន្តែលោកក៏មិនបំភ្លេចនូវការគោរពវិញ្ញាណក្ខន្ធពលរដ្ឋស្លូតត្រង់ដែលបានស្លាប់ក្នុងរបបកម្ពុជាប្រជាធិបតេយ្យនោះដែរ៕

















Tag:
 ហ៊ុន ម៉ានី
  សសយក
  ខ្មែរក្រហម
© រក្សាសិទ្ធិដោយ thmeythmey.com