ជាតិ
មន្ទីរសុខាភិបាលរាជធានីភ្នំពេញ ព្រមានចាត់វិធានការច្បាប់ចំពោះអ្នកជិះម៉ូតូនាំមុខឡាន ពេទ្យ
06, Jan 2024 , 2:29 pm        
រូបភាព
សកម្មភាពសង្រ្គោះបឋមក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ របស់ក្រុមអ្នកជិះម៉ូតូនាំមុខឡានពេទ្យ។ រូបភាព៖ Po Liheng official
សកម្មភាពសង្រ្គោះបឋមក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ របស់ក្រុមអ្នកជិះម៉ូតូនាំមុខឡានពេទ្យ។ រូបភាព៖ Po Liheng official
ភ្នំពេញ៖ មន្ទីរសុខាភិបាលរាជធានីភ្នំពេញ ព្រមានចាត់វិធានការច្បាប់ ចំពោះបុគ្គលដែលជិះម៉ូតូនាំមុខរថយន្តគិលានសង្រ្គោះ ក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ។ បើតាមមន្ទីរសុខាភិបាលរាជធានីភ្នំពេញ សកម្មភាពនេះ បានបង្កឱ្យមានគ្រោះថ្នាក់ចរាចរណ៍ និងភាពអនាធិបតេយ្យនៅលើដងផ្លូវសាធារណៈ។

 
ក្នុងសេចក្ដីជូនដំណឹងរបស់ខ្លួន ចុះថ្ងៃទី៥ ខែមករា មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា សព្វថ្ងៃមានមនុស្សមួយចំនួនតូច ធ្វើសកម្មភាពជិះម៉ូតូនាំមុខរថយន្តគិលាន សង្គ្រោះក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ។ សកម្មភាពនេះ បានបង្កឱ្យមានរូបភាពអវិជ្ជមាន ភាពអនាធិបតេយ្យនៅលើដងផ្លូវ ប៉ះពាល់ដល់ការងារសង្រ្គោះ និងការភ័ន្តច្រឡំមកលើ មន្ទីរសុខាភិបាល។
មិនតែប៉ុណ្ណោះ វាក៏បង្កឱ្យមានគ្រោះថ្នាក់ចរាចរណ៍ជាយថាហេតុ និងអាចធ្វើឱ្យជនរងគ្រោះ កាន់តែមានបញ្ហាសុខភាពធ្ងន់ធ្ងរបន្ថែមទៀត ដោយសារសកម្មភាពសង្គ្រោះរបស់បុគ្គល មួយចំនួនតូចនេះ គ្មានវិជ្ជាជីវៈ វេជ្ជសាស្ត្រត្រឹមត្រូវ។
 
ជាទូទៅ អ្នកនាំមុខឡានពេទ្យ តែងតែប្រើប្រាស់ម៉ូតូផ្ទាល់ខ្លួន ដោយមានការតុបតែងភ្លើងសញ្ញា ការបិតស្លាកសម្គាល់តាំងខ្លួនជាភ្នាក់ងារសង្គ្រោះ និងធ្វើសកម្មភាពសង្គ្រោះបឋមផ្សេងៗ នៅពេលដែលខ្លួនគ្មានវិជ្ជាជីវៈពិតប្រាកដ និងគ្មានការអនុញ្ញាតពីមន្ទីរសុខាភិបាល នៃរដ្ឋបាលរាជធានីភ្នំពេញ អាជ្ញាធរមូលដ្ឋាន ឬក្រសួង-ស្ថាប័នពាក់ព័ន្ធ។
 
មន្ទីរសុខាភិបាលរាជធានីភ្នំពេញ ចាត់ទុកសកម្មភាពនេះខុសច្បាប់ និងសូមស្នើបុគ្គលដែលប្រព្រឹត្តសកម្មភាពល្មើសបញ្ឈប់សកម្មភាពបន្ទាន់។ ទន្ទឹមនឹងនេះ មន្ទីរសុខាភិបាល ក៏ស្នើឱ្យសមត្ថកិច្ចពាក់ព័ន្ធឃាត់ខ្លួនបុគ្គលទាំងនោះ ដើម្បីចាត់វិធានការតាមផ្លូវច្បាប់៕
 

Tag:
 រដ្ឋបាលក្រុងភ្នំពេញ
  មន្ទីរសុខាភិបាលភ្នំពេញ
© រក្សាសិទ្ធិដោយ thmeythmey.com