ជាតិ
តុលាការសម្រេចឃុំខ្លួន លោក នី ណាក់ ពីបទបរិហារកេរ្តិ៍ជាសាធារណៈ និងញុះញង់ឱ្យមានការរើសអើង
06, Jan 2024 , 4:29 pm        
រូបភាព
ភ្នំពេញ៖ លោក នី ណាក់ ដែលជាម្ចាស់ទំព័រហ្វេសប៊ុក «Iman KH» ត្រូវបានសាលាដំបូងរាជធានីភ្នំពេញសម្រេចឃុំខ្លួននៅពន្ធនាគារព្រៃស នៅល្ងាចថ្ងៃទី៥ ខែមករា ក្រោយបរិហារ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងស្ថាប័នរដ្ឋផ្សេងទៀត ។
 
លោក នីណាក់ ត្រូវបានចាប់ខ្លួន និងបញ្ជូនទៅតុលាការភ្លាមៗកាលពីថ្ងៃទី៥ មករា មុននឹងលោក ញឹម ពិសាល ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ ចេញដីការបង្គាប់ឱ្យឃុំខ្លួន នៅថ្ងៃទី៦ មករានេះ។ ជនត្រូវចោទរូបនេះ ត្រូវបញ្ជូនទៅឃុំខ្លួននៅពន្ធនាគារព្រៃស ក្រោមបទចោទ ការមិនរាងចាលពីបទមជ្ឈិម បន្ទាប់ពីការផ្តន្ទាទោសពីបទមជ្ឈិមបរិហារកេរ្តិ៍ជាសាធារណៈ និងញុះញង់ឱ្យមានការរើសអើង។ 
 
សូមជម្រាបថា មុនត្រូវសមត្ថកិច្ចចាប់ខ្លួន លោក នី ណាក់ នៅចន្លោះថ្ងៃទី១២-១៧ ខែធ្នូ ឆ្នាំ២០២៣ បានបង្ហោះសារមិនពេញចិត្តចំពោះការកាត់ឆ្វៀលដីគម្របព្រៃឈើក្រុងបូកគោ ជាង ៩១ហិកតា ទៅជាកម្មសិទ្ធិរបស់បុគ្គលឈ្មោះ ហេង សួរ។ ឈ្មោះ ហេង សួរ ដែលលោក នី ណាក់ សន្និដ្ឋានថាជារដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។ ប៉ុន្តែករណីនេះ ត្រូវបានអ្នកនាំពាក្យក្រសួងការងារ អះអាងថាឈ្មោះ ហេង សួរ ដែល ដែលទទួលបានដីនោះ ជាបុគ្គលផ្សេងដែលមានឈ្មោះ ដូចគ្នានឹងរដ្ឋមន្រ្តីក្រសួងការងារ។
 
លោក នី ណាក់ ជាអតីតមន្ត្រីក្រសួងកសិកម្ម ដែលធ្លាប់ជាប់ពន្ធនាគារម្តងរួចហើយ កាលពីឆ្នាំ២០២០ ពីបទញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋ។ លោកបានចេញពីពន្ធនាគារ កាលពីថ្ងៃទី១០មិថុនា ឆ្នាំ២០២១ ក្រោយអនុវត្តន៍ទោសគ្រប់រយៈពេល១៨ខែ៕
 
 

© រក្សាសិទ្ធិដោយ thmeythmey.com