ជាតិ
អាជ្ញាធរជាតិអប្សរា គ្រោងពង្រីកការបណ្ដុះកូនឈើ ដើម្បីដាំក្នុងតំបន់អង្គរ
06, Jan 2024 , 8:19 pm        
រូបភាព
ស្ថានីយបណ្ដុះកូនឈើប្រាសាទតាកែវ។
ស្ថានីយបណ្ដុះកូនឈើប្រាសាទតាកែវ។
សៀមរាប៖ អាជ្ញាធរជាតិអប្សរា គ្រោងពង្រីកការបណ្ដុះកូនឈើឱ្យទ្វេដង ដើម្បីបំពេញតម្រូវការដាំដុះក្នុងតំបន់អង្គរ ក៏ដូចជាសម្រាប់ចែកចាយទៅខាងក្រៅ។
 
អនុប្រធាននាយកដ្ឋានគ្រប់គ្រងទឹក ព្រៃឈើ និងហេដ្ឋារចនាសម្ព័ន្ធ លោក ជូ រ៉ាឌីណា បានឱ្យដឹងថា ការងារបណ្ដុះកូនឈើនៅឆ្នាំ២០២៤ នឹងបង្កើនឡើងទ្វេដង ខណៈបច្ចុប្បន្នតម្រូវការដាំដុះក្នុងតំបន់អង្គរ មានការកើនឡើងច្រើន ពិសេសនៅតាមផ្ទៃដីដែលពលរដ្ឋព្រមដោះដូរទៅតំបន់ថ្មី។ ជាមួយគ្នានោះ ក៏ដើម្បីបង្កើនការផ្តល់ជូនដល់ពលរដ្ឋទូទៅ យកទៅដាំតាមតំបន់ផ្សេងៗក្នុងប្រទេសផងដែរ។ 


 
នៅឆ្នាំ២០២៣កន្លងទៅ អាជ្ញាធរជាតិអប្សរា បានដាំដុះនៅក្នុងតំបន់អង្គរ បានជាង៣ម៉ឺនដើម និងចែកចាយជាង១០ម៉ឺនដើម។ សរុបពេញមួយឆ្នាំ ការដាំដុះនិងចែកចាយមានជាង១៣ម៉ឺនដើម។ នេះជាការបញ្ជាក់របស់អ្នកជំនាញព្រៃឈើ នៃអាជ្ញាធរជាតិអប្សរា។ លោក ជូ រ៉ាឌីណា បន្ថែមថា តាំងពីឆ្នាំ២០០៤មក អាជ្ញាធរជាតិអប្សរាបានដាំ និងចែកចាយកូនឈើយកទៅដាំ បានជាង២លានដើមហើយ ដែលនេះជាផ្នែកមួយសំខាន់ ជួយបង្កើនគម្របព្រៃឈើនៅកម្ពុជា។
 
សូមបញ្ជាក់ថា អាជ្ញាធរជាតិអប្សរាមានស្ថានីយបណ្ដុះកូនឈើសរុប១០ទីតាំង ដែលទីតាំងនីមួយៗ មានមុខងារបណ្ដុះកូនឈើផ្សេងៗពីគ្នា ដូចជាស្ថានីយបណ្ដុះកូនឈើប្រាសាទតាកែវ បណ្ដុះប្រភេទ កូនឈើលេខ១ លេខ២ និងលេខ៣។ ចំណែកស្ថានីយ៨ហិកតា បណ្ដុះកូនឈើប្រណីត រីឯស្ថានីយមណ្ឌល៣ បណ្ដុះប្រភេទផ្កា និងឈើលម្អ។ នៅឆ្នាំថ្មីនេះ អាជ្ញាធរជាតិអប្សរា គ្រោងពង្រីកស្ថានីយពីរទីតាំងទៀត រួមមានស្ថានីយភ្នំបាខែង និងស្ថានីយបាឡុង មុខប្រាសាទអង្គរវត្ត៕



Tag:
 ស្ថានីយបណ្ដុះកូនឈើ
© រក្សាសិទ្ធិដោយ thmeythmey.com