ជាតិ
បទយកការណ៍ / បទសម្ភាសន៍
រៀនបណ្ដើរ ធ្វើការបណ្ដើរ ឬ រៀនចប់ ធ្វើការ?
06, Jan 2024 , 9:29 pm        
រូបភាព
ដោយ៖ សែម ប្រាក់ដាវ
 
ភ្នំពេញ៖ និស្សិតខ្លះរៀនបណ្តើរ ធ្វើការបណ្តើរ ហើយខ្លះទៀតចប់បរិញ្ញាបត្រទើបស្វែងរកការងារធ្វើ។ និស្សិតមួយចំនួនយល់ថា បន្ទាប់ពីទទួលចំណេះដឹងនៅសាលា  ការងារបានបង្រៀនពួកគេទាំងជំនាញទន់ និងជំនាញរឹងបន្ថែមទៀត។  ឯនិស្សិតខ្លះយល់ថា រៀនចប់ ចាំធ្វើការ ធ្វើឱ្យពួកគេអាចទទួលបានចំណេះដឹងពេញលេញ និងទទួលបានលទ្ធផលសិក្សាល្អ។

 
សូមអញ្ជើញប្រិយមិត្តទស្សនាវីដេអូដូចតទៅ៖

 

កញ្ញា ចាន់រ៉ា វីនណា បានលើកឡើងថា បច្ចុប្បន្ននិស្សិតមួយចំនួនគាត់យល់ខុស ថាការសិក្សាបណ្តើរធ្វើការបណ្តើរ វាធ្វើឱ្យប៉ះពាល់ដល់ការសិក្សារបស់ពួកគេ។ ប៉ុន្តែ មែនទែនទៅ ការរៀនបណ្តើរៗ ធ្វើការបណ្តើរ អាចធ្វើឱ្យយើងទទួលបានបទពិសោធ និងរៀនសូត្រពីការងារ ធ្វើឱ្យយើងមានចំណេះបន្ថែមពីការងារ។ ការធ្វើការបណ្តើរ រៀនបណ្តើរ វាជាផ្នត់គំនិតនិស្សិត ឬយុវជនធ្លាប់រំពឹងកម្លាំងញើសឈាមឪពុកម្តាយពីមុន ពួកគាត់ចង់តចេះបត់បែនតាមវ័យរបស់ខ្លួន និងចេះទទួលបន្ទុកហិរញ្ញវត្ថុសម្រាប់ការរៀនសូត្រ និងរស់នៅរបស់ខ្លួន។  
 
បើទោះបីជាគ្រួសាររបស់កញ្ញា ចាន់រ៉ា វីនណា មិនមែនជាគ្រួសារក្រីក្រមែនក្ដី ប៉ុន្តែយុវតីនេះ នៅតែឆ្លៀតធ្វើការងារក្រៅម៉ោង ដើម្បីរៀនសូត្រលត់ដំខ្លួន និងត្រួសត្រាយផ្លូវអនាគតរបស់ខ្លួន។ 
 
ជាមួយគ្នានេះ លោក ហម ផាប់ បានរៀបរាប់ថា ខ្លួនចង់រៀនសិន ទើបរកការងារធ្វើតាមក្រោយ។ យុវសិស្សរូបនេះ យល់ថា ឆ្នាំទី១ ចង់យកពេលវេលាសិក្សាឱ្យល្អជាមុនសិន ចាំស្វែងរកការងារធ្វើនៅឆ្នាំសិក្សាទី២ ឬទី៣។ មួយវិញទៀត ផាប់ មិនសូវជាមានពេលទំនេរនោះទេ។ លោក ហម ផាប់ បានបញ្ជាក់ថា៖ «រៀនបណ្តើរឆ្លៀតធ្វើការបណ្តើរ ជាបែបផែនជីវិតថ្មីដែលយុវជនកម្ពុជាជាច្រើនមកពីគ្រួសារមិនសូវធូរធា កំពុងទម្លាប់ខ្លួនតស៊ូ ក្នុងដំណើរឆ្ពោះទៅកសាងអនាគតរបស់ខ្លួន»។ 

លោក ហម ផាប់ និងកញ្ញា សែម ច័ន្ទត្រា ជានិស្សិតនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ
 
បន្ថែមពីនេះ យុវតី សែម ច័ន្ទត្រា កំពុងស្ថិតក្នុងស្ថានភាពលំបាក ប៉ុន្តែ គាត់បែងចែកពេលវេលាច្បាស់លាស់ ដោយយកពេលវេលាមួយចំនួន ទៅធ្វើការងារស្មគ្រ័ចិត្ត ដើម្បីទទួលបានបទពិសោធការងារ សម្រួចជំនាញ ងាយស្រួលរកការងារដែលមានប្រាក់ខ្ពស់ក្រោយពេលរៀនចប់ ហើយបានយកពេលវេលាមួយចំណែកទៀតខិតខំរៀនសូត្រឱ្យបានល្អ។   ទន្ទឹមគ្នានេះ កញ្ញា ច័ន្ទត្រា លើកទឹកចិត្តយុវជនឱ្យបែកចែកពេលវេលា ធ្វើការងាររកប្រាក់ផង និងធ្វើការងារស្ម័គ្រចិត្តផង ដើម្បីបន្តការសិក្សា និងមានជំនាញច្បាស់លាស់ក្រោយបញ្ចប់ការសិក្សា។ 
 
ក្រៅពីនេះ កញ្ញា ហេង នីតា ជានិស្សិតនៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ក៏ឆ្លៀតធ្វើការងារក្រៅម៉ោង ដើម្បីបន្ថយការចំណាយរបស់គ្រួសារផងដែរ។ និស្សិតឆ្នាំទី២រូបនេះ ការធ្វើផង រៀនផង នឹងធ្វើឱ្យនិស្សិតទទួលបានបទពិសោធន៍ ទំនាក់ទំនង ស្គាល់ច្បាស់ពីសង្គម និងងាយស្រួលយល់ពីមេរៀនថែមទៀត ។
 
«នៅពេលចូលបម្រើការងារ នឹងធ្វើឱ្យខ្លួនដឹងពីចំណាប់អារម្មរណ៍ និងទេពកោសល្យផ្នែកអ្វីឱ្យប្រាកដ អាចរកឃើញអ្វីដែលយើងស្រលាញ់ និងចូលចិត្ត។ ការរៀនបណ្តើរ ធ្វើការបណ្តើរ ត្រូវមានតុល្យភាពរវាង ការរៀន និងធ្វើការព្រមទាំងមានទំនួលខុសត្រូវខ្ពស់លើកិច្ចការទាំង២នេះ»។ នេះជាការបញ្ជាក់បន្ថែមរបស់ កញ្ញា ហេង នីតា៕

Tag:
 សម្ភាសនិស្សិត
© រក្សាសិទ្ធិដោយ thmeythmey.com