ជាតិ
ភ្នំឱរ៉ាល់ទទួលទេសចរបានតែ ១ ០៩៧នាក់ប៉ុណ្ណោះ ក្នុងឆ្នាំ២០២៣
06, Jan 2024 , 10:29 pm        
រូបភាព
ដោយ៖ សែម ប្រាក់ដាវ

ភ្នំពេញ៖ ភ្នំឱរ៉ាល់ មានភ្ញៀវទេសចរចំនួន ១ ០៩៧នាក់ប៉ុណ្ណោះ បានទៅធ្វើដំណើរកម្សាន្តផ្សងព្រេង ឡើងប្រជុំភ្នំឱរ៉ាល់ ដែលជាភ្នំខ្ពស់ជាងគេនៅកម្ពុជា នៅក្នុងឆ្នាំ២០២៣កន្លងទៅ។ ក្នុងចំណោមទេសចទរទាំងអស់ ភ្ញៀវបរទេស មានចំនួន៦៩នាក់។ បើតាមលោក ឈឺន ឈីម មគ្គុទ្ទេសក៍នាំភ្ញៀវនៅភ្នំឱរ៉ាល់ ចំនួនទេសចរបានធ្លាក់ចុះស្ទើរតែពាក់កណ្តាល ពោលគឺជិត១ពាន់នាក់ឯណោះ បើធៀបនឹងឆ្នាំ២០២២។


លោក ឈឺន ឈីម ប្រធានសហគមន៍ភ្នំឱរ៉ាល់ បានបញ្ជាក់ថា ឆ្នាំ២០២២មានភ្ញៀវមកច្រើន ជាង២ពាន់នាក់ មកកម្សាន្តនៅភ្នំឱរ៉ាល់ ប៉ុន្តែឆ្នាំ២០២៣ មានទេសចរជាង ១ពាន់នាក់ប៉ុណ្ណោះ ដោយទេសចរបរទេសមាន ៦៩នាក់។

លោក ឈីម បញ្ជាក់ថាចំនួនទេសចរថយចុះ គឺដោយសារមានភ្លៀងធ្លាក់ជាបន្តបន្ទាប់ និងមានសហគមន៍ពីខាងក្រៅបាននាំភ្ញៀវឡើងភ្នំដែរ។ ភ្ញៀវទេសចរធ្លាក់ចុះ ចំណូលរបស់ពលរដ្ឋក្នុងសហគមន៍ក៏ធ្លាក់ចុះដែរ។ នេះជាការត្អូញត្អែរ របស់លោក ឈឺន ឈីម មុននឹង អំពាវនាវឱ្យទេសចរមកកម្សាន្តនៅឱភ្នំរ៉ាល់ឱ្យបានច្រើន ដើម្បីជួយពលរដ្ឋក្នុងសហគមន៍មានប្រាក់ចំណូលបន្ថែមឡើងវិញ។

លោក ឈឺន ឈីម មគ្គុទ្ទេសក៏ទេសចរភ្នំឱរ៉ាល់។
 
បើតាមលោក ឈឺន ឈីម ចន្លោះខែមករា ដល់ខែមីនា និងអំឡុងខែកក្កដា ដល់ខែតុលា ជាពេលវេលាល្អបំផុតសម្រាប់ទេសចរដែលមានបំណងឡើងភ្នំឱរ៉ាល់ ព្រោះអាកាសធាតុនៅលើកំពូលភ្នំ មិនសូវត្រជាក់ខ្លាំងពេក ហើយក៏ពុំសូមមានភ្លៀងដែរ។ ចំណែកពីខេមេសា ដល់ខែមិថុនា ជារដូវភ្លៀង ដែលធ្វើឱ្យការធ្វើដំណើរឡើងភ្នំពិបាកបន្តិច ខណៈខែវិច្ឆិកា និងខែធ្នូ ជាពេលវេលាដែលអាកាសធាតុត្រជាក់ខ្លាំង ហើយក៏ជាកត្តាប្រឈមសម្រាប់ការធ្វើដំណើរឡើងភ្នំដែរ។ លោក ឈឺន ឈីម បញ្ជាក់ថា ក្នុងពេលធ្វើដំណើរកម្សាន្តឡើងភ្នំឱរ៉ាល់ អ្នកទេសចរ អាចគយគន់ទេសភាពដ៏ស្រស់ស្អាតជាច្រើនកន្លែង ទស្សនាទឹកធ្លាក់ បោះតង់សម្រាក ជាពិសេសទទួលបានបទពិសោធន៍ថ្មីពីការឡើងភ្នំជាដើម៕


ទេសចរឡើងកម្សាន្តនៅភ្នំឪរ៉ាល់


ទេសភាពពីលើភ្នំឪរ៉ាល់

 

Tag:
 ទេសចរណ៍
 ភ្នំឱរ៉ាល់
© រក្សាសិទ្ធិដោយ thmeythmey.com