ជាតិ
​​​ន​យោ​បាយ​ជាតិ​
ថ្ងៃ៧មករា CPP ប្រកាសប្តូរផ្តាច់ការពារសន្តិភាព
07, Jan 2024 , 9:40 am        
រូបភាព
ភ្នំពេញ៖ គណបក្សប្រជាជនកម្ពុជា ប្រារព្ធខួប៤៥ឆ្នាំ នៃទិវាជ័យជម្នះ៧មករា ដោយមានមនុស្សចូលរួមជាង២ម៉ឺននាក់។ នៅក្នុងឱកាសនេះ សម្តេច ហ៊ុន សែន ប្រធានគណបក្សកាន់អំណាច  បានគូសបញ្ជាក់ពីគុណតម្លៃមិនអាចបំភ្លេចបាន នៃថ្ងៃជ័យជម្នះ៧មករា គឺជាពេលវេលាដែលកម្ពុជាដណ្ដើមបានមកវិញនូវសិទ្ធិសេរីភាពគ្រប់យ៉ាងជូនប្រជាជន និងបើកឡើងសករាជថ្មីគឺឯករាជ្យ សន្តិភាព សេរីភាព ប្រជាធិបតេយ្យ និងវឌ្ឍនភាពសង្គម។
 
ប្រធានគណបក្សប្រជាជនកម្ពុជា ក៏មិនភ្លេចរំឭកអំពីដំណើរដ៏លំបាកនៅក្នុងការរំដោះប្រទេសជាតិ ដំណើរការកសាង និងអភិវឌ្ឍន៍សេដ្ឋកិច្ចកម្ពុជា ជាពិសេសកិច្ចខិតខំប្រឹងប្រែង ដឹកនាំប្រទេសនៅក្នុងរយៈពេល៤៥ឆ្នាំមកនេះ ទម្រាំកម្ពុជាមានសន្តិភាពពេញលេញដូចពេលបច្ចុប្បន្ន។

«កម្ពុជាដែលពីមុនកើតមានសង្គ្រាមមិនចេះចប់ និងជាទឹកដីនៃវាលពិឃាតដ៏យង់ឃ្នងបំផុត បានប្រែក្លាយទៅជាទឹកដីដ៏ស្រស់បំព្រងប្រកប- ដោយសន្តិភាព សេរីភាព ប្រជាធិបតេយ្យ និងនីតិរដ្ឋ ប្រជាជនបានធ្វើជាម្ចាស់លើជោគវាសនារបស់ខ្លួន ហើយកំពុងរស់នៅយ៉ាងសុខសាន្ត សុខដុមរមនាទាំងក្នុងគ្រួសារ ក្នុងសហគមន៍ និងសង្គមជាតិទាំងមូល»។ សម្តេច ហ៊ុន សែន ថ្លែងដូច្នេះ មុននឹងបន្តថា ក្នុងរយៈពេល៤៥ឆ្នាំ កម្ពុជាបានប្រែក្លាយមកមានការអភិវឌ្ឍលើគ្រប់វិស័យ ប្រកបដោយចីរភាព និងសមធម៌ ហើយបានចេញផុតពីប្រទេសមានចំណូលទាប ក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតទាប ធ្វើឱ្យប្រជាជនមានជីវភាពកាន់តែប្រសើរឡើង និងមានក្ដីសង្ឃឹមចំពោះអនាគត។
 
សម្រាប់ សម្តេច ហ៊ុន សែន  ជោគជ័យ និងការសប្បាយរីករាយរបស់ប្រជាជនកម្ពុជាយើងនៅថ្ងៃនេះ គឺពិតជាផ្តើមចេញពីជ័យជម្នះ៧មករា ដែលស្មារតី៧ មករា មានគុណតម្លៃធំធេងជាអមតៈ សម្រាប់ការបន្តដំណើរទៅមុខ កសាងប្រទេសកម្ពុជាដែលមានឯករាជ្យ សន្តិភាព សេរីភាព អព្យាក្រឹត ប្រជាធិបតេយ្យ និងវឌ្ឍនភាពសង្គម។ ទន្ទឹមនឹងនេះ សម្តេច ក៏មិនភ្លេចរំលេចនូវគុណតម្លៃរបស់សន្តិភាព ដែលជាបច្ច័យនាំមកនូវការអភិវឌ្ឍគ្រប់បែបយ៉ាងនោះទេ។

ក្នុងសុន្ទរកថា ដ៏វែងរបស់ខ្លួនក្នុងខួប៤៥ឆ្នាំនៃទិវាជ័យជម្នះ៧មករានេះ សម្តេច ហ៊ុន សែន សង្កត់ធ្ងន់ថា សន្តិភាពមានតម្លៃជាទីបំផុត ហើយការបំផ្លាញសន្តិភាពមិនពិបាកទេ តែការបង្កើតសន្តិភាពគឺពិបាកណាស់។ ប្រធានគណបក្សប្រជាជនកម្ពុជា សម្តេច ហ៊ុន សែន ក៏បានប្រកាសពីការរួមគ្នាថែរក្សាសន្តិភាពដែលកម្ពុជាទទួលបានយ៉ាងលំបាកនេះប្តូរផ្តាច់ផងដែរ។ «យើងត្រូវសាមគ្គីគ្នារួមចិត្តតែមួយដើម្បីថែរក្សាសន្តិភាពដែលរកបានមកដោយលំបាកបំផុតនេះឱ្យគង់វង្សឋិតថេរ មិនឱ្យអានុភាពណាមកបំផ្លាញបានឡើយ ទោះបីត្រូវបង់ដោយតម្លៃណាក្ដី»។ សម្តេច ហ៊ុន សែន បញ្ជាក់ដូច្នេះ។
 
ទោះយ៉ាងណាក៏ដោយ កម្ពុជាត្រូវបន្តធ្វើដំណើរវែងឆ្ងាយទៀត ដើម្បីឆ្ពោះទៅក្លាយជាប្រទេសមួយដ៏ជឿនលឿន ជាសង្គមប្រកបដោយអរិយធម៌ និងសេចក្ដីស្រឡាញ់ ដែលគ្មានការបែកបាក់ជាតិ។ ហើយក្នុងនាមជាប្រធានគណបក្ស សម្តេច ហ៊ុន សែន បានបោះដៃ និងបង្ហាញការជឿជាក់ថាយុវជនដែលជាអ្នកបន្តវេន នឹងបន្តពុះពារធ្វើការងារដ៏លំបាកនេះ កែប្រែជោគវាសនាប្រទេសជាតិឱ្យកាន់តែរីកចម្រើន និងប្រជាជនមានសុភមង្គល៕
 

© រក្សាសិទ្ធិដោយ thmeythmey.com