ជាតិ
សមាគមអ្នកនិពន្ធខ្មែរ ប្រកាសរៀបចំការប្រកួតស្នាដៃតែងនិពន្ធ ពានរង្វាន់«៧មករា និងសន្តិភាព»
07, Jan 2024 , 11:39 am        
រូបភាព
ភ្នំពេញ៖ នៅថ្ងៃទី៧ មករានេះ សមាគមអ្នកនិពន្ធខ្មែរ បានចេញសេចក្ដីជូនដំណឹងពីការរៀបចំការប្រកួតជ្រើសរើសស្នាដៃតែងនិពន្ធ ពានរង្វាន់អក្សរសិល្ប៍ «៧ មករា និងសន្តិភាព»។ ពានរង្វាន់ស្នាដៃប្រលោមលោក និងកំណាព្យនេះ មានពីលេខ១ដល់លេខ៥ ដោយលេខ១ ទទួលបានទឹកប្រាក់ ៤លានរៀល។

 
សមាគមអ្នកនិពន្ធខ្មែរ រៀបចំការប្រកួតជ្រើសរើសស្នាដៃតែងនិពន្ធ ពានរង្វាន់អក្សរសិល្ប៍ «៧ មករា និងសន្តិភាព»ឆ្នាំ២០២៤នេះ  ដើម្បីលើកស្ទួយតម្លៃអក្សរសិល្ប៍ជាតិ និងការយល់ដឹងច្បាស់ពី «គុណតម្លៃនៃសុខសន្តិភាព» និងរួមគ្នាលើកកម្ពស់ «វប្បធម៌សន្តិភាព»។
 
ការប្រកួតជ្រើសរើសស្នាដៃតែងនិពន្ធ ពានរង្វាន់អក្សរសិល្ប៍នេះ ផ្ដល់ឱកាសដល់សមាជិកនៃសមាគមអ្នកនិពន្ធខ្មែរ និងសាធារណជន ចូលរួមសរសេរស្នាដៃ ដើម្បីប្រកួតប្រជែង។ សម្រាប់ប្រធានបទប្រកួត ជាប្រភេទប្រធានបទ សេរី ដោយសាធារណជនអាចសរសេរជាប្រលោមលោក ឬកំណាព្យ។ បើតាមសមាគមអ្នកនិពន្ធខ្មែរ ស្នាដៃប្រលោមលោក ត្រូវតែជាអត្ថបទកុំព្យូទ័រ យ៉ាងតិច ១២០ទំព័រ និងស្នាដៃកំណាព្យ យ៉ាងតិច ៦០ទំព័រ។ 
 
ស្នាដៃប្រលោមលោកចំនួន ៥ និងស្នាដៃកំណាព្យចំនួន ៥ នឹងត្រូវបានជ្រើសរើសពីលេខ១-៥។ ជាមួយគ្នានេះ ជ័យលាភីចំណាត់ថ្នាក់លេខ១ នឹងទទួលបានប្រកាសនីយបត្រ, ពានជ័យលាភី និងថវិកា ៤លានរៀល។ ចំណាត់ថ្នាក់លេខ២ នឹងទទួលបានប្រកាសនីយបត្រ, ពានជ័យលាភី និងថវិកា ៣លាន២សែនរៀល និងចំណាត់ថ្នាក់លេខ៣ នឹងទទួលបានប្រកាសនីយបត្រ, ពានជ័យលាភី និងថវិកា ២លានរៀល។ 
 
ដោយឡែកជ័យលាភីចំណាត់ថ្នាក់លេខ៤ នឹងទទួលបានប្រកាសនីយបត្រ និងថវិកា ១លាន២សែនរៀល និងចំណាត់ថ្នាក់លេខ៥ នឹងទទួលបានប្រកាសនីយបត្រ រួមទាំងថវិកា ៨សែនរៀល។ ចំពោះការប្រកួតនេះ សាធារណជនដែលមានចំណាប់អារម្មណ៍ អាចដាក់ស្នាដៃនៅអគារសមាគមអ្នកនិពន្ធខ្មែរ ក្នុងបរិវេណវត្តបទុបវតី ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៤៕ 
 

Tag:
 ស្នាដៃតែងនិពន្ធ
  ៧មករា និងសន្តិភាព
© រក្សាសិទ្ធិដោយ thmeythmey.com