ជាតិ
រដ្ឋមន្ត្រីយុត្តិធម៌​ឱ្យតុលាការបង្ហាញព័ត៌មាន ពាក់ព័ន្ធនឹងដំណើរការសំណុំរឿងគ្រឿងញៀន
10, Jan 2024 , 12:09 pm        
រូបភាព
លោក កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ក្នុងសន្និសីទកាសែតថ្ងៃទី៩មករា ឆ្នាំ២០២៤។
លោក កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ក្នុងសន្និសីទកាសែតថ្ងៃទី៩មករា ឆ្នាំ២០២៤។
ភ្នំពេញ៖ លោក កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ឱ្យតុលាការបង្ហាញសេចក្ដីប្រកាស ពីដំណើរការក្ដីលើសំណុំរឿងគ្រឿងញៀន ដើម្បីជាតម្លាភាព។ រដ្ឋមន្ត្រីលើកឡើងបែបនេះ ក្នុងសន្និសីទសារព័ត៌មាន ប្រកាសដាក់ចេញនូវយុទ្ធនាការជំរុញការត្រួតពិនិត្យ និងពន្លឿនការដោះស្រាយរឿងក្តី និងភាពមិនប្រក្រតី នៅតាមតុលាការ នាទីស្តីការក្រសួងយុត្តិធម៌ កាលពីថ្ងៃទី៩ មករា។
 
ការចេញសេចក្ដីប្រកាសព័ត៌មានពាក់ព័ន្ធនឹងសំណុំរឿងគ្រឿងញៀននេះ លោក កើត រិទ្ធ អះអាងថា ជាវិធានការនិងគោលការណ៍ ឱ្យសាធារណជនបានដឹង ទាំងដំណាក់កាលអយ្យការ ដំណាក់កាលស៊ើបសួរ និងដំណាក់កាលជម្រះ។ លោករដ្ឋមន្ត្រី បានចាត់ទុកបញ្ហាគ្រឿងញៀន ជាបញ្ហាចម្បង ព្រោះវាមិនត្រឹមតែបង្កគ្រោះថ្នាក់ដល់ប្រជាជន និងសន្តិសុខសាធារណៈប៉ុណ្ណោះទេ ប៉ុន្តែវាបំផ្លាញធនធានមនុស្សនៅកម្ពុជាទៀតផង។ 
 
ជាមួយគ្នាដែរលោក កើត រិទ្ធ បានពន្យល់បន្ថែមថា សំណុំរឿងគ្រឿងញៀនមានច្រើន។ ប៉ុន្តែក្រសួង នឹងសម្រេចជារួមថា នឹងកំណត់យកសំណុំរឿងគ្រឿងញៀន ក្នុងកម្រិតណាមួយ ឬចំនួនប៉ុន្មាន មកបង្ហាញជាសាធារណៈ។ បើតាមលោក កើត រិទ្ធ ពេលសំណុំរឿងគ្រឿងញៀន ទៅដល់ព្រះរាជអាជ្ញា ចាប់ផ្ដើមចោទប្រកាន់ហើយ នឹងស្នើឱ្យមានសេចក្តីប្រកាសព័ត៌មានមួយ ពីរឿងក្ដីនោះ ដើម្បីពិនិត្យ និងបង្ហាញតម្លាភាព។ 
 
លុះដល់ដំណាក់កាល ជំនុះជម្រះ លោករដ្ឋមន្ត្រីបកស្រាយបន្ថែមទៀតថា ត្រូវតែបង្ហាញជាសាធារណៈ ពីការកាត់ក្តីដាក់ពន្ធនាគារប៉ុន្មានឆ្នាំ? ដោយសារអ្វី? សម្រេចឱ្យរួចខ្លួនប៉ុន្មាននាក់? រួមទាំងមូលហេតុផងដែរ។ បើតាមលោក កើត រិទ្ធ ការបង្ហាញសំណុំរឿងគ្រឿងញៀននេះ ក៏មានការឯកភាពជាមួយអាជ្ញាធរជាតិ៕ 

Tag:
 ប្រព័ន្ធយុត្តិធម៌
© រក្សាសិទ្ធិដោយ thmeythmey.com