អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
ហៅកូរ៉េខាងត្បូងជាសត្រូវចម្បង លោក គីម ថា គ្មានបំណងបញ្ចៀសសង្រ្គាមឡើយ
10, Jan 2024 , 3:09 pm        
រូបភាព
លោក គីម ជុងអ៊ុន ពិភាក្សាជាមួយមន្ត្រី ខណៈកំពុងត្រួតពិនិត្យរោងចក្រផលិតអាវុធដ៏ធំមួយ។ រូបភាព ៖ KCNA
លោក គីម ជុងអ៊ុន ពិភាក្សាជាមួយមន្ត្រី ខណៈកំពុងត្រួតពិនិត្យរោងចក្រផលិតអាវុធដ៏ធំមួយ។ រូបភាព ៖ KCNA
មេដឹកនាំ គីម ជុងអ៊ុន ប្រកាសថា កូរ៉េខាងជើងនឹងមិនស្ទាក់ស្ទើរក្នុងការកម្ទេចកូរ៉េខាងត្បូង ប្រសិនបើទីក្រុងសេអ៊ូលប្រើប្រាស់កម្លាំង ឬធ្វើសកម្មភាពដែលគំរាមកំហែងដល់អធិបតេយ្យភាព និងសន្តិសុខរបស់ទីក្រុងព្យុងយ៉ាង។ នេះបើតាមទីភ្នាក់ងារសារព័ត៌មានកូរ៉េខាងជើងនៅថ្ងៃទី១០ ខែមករា។
 
ដោយចាត់ទុកកូរ៉េខាងត្បូងជាសត្រូវជួរមុខរបស់ខ្លួន លោក គីម ជុងអ៊ុន បាននិយាយថា អ្វីដែលកូរ៉េខាងជើងគួរតែផ្តល់អាទិភាពក្នុងទំនាក់ទំនងជាមួយដៃគូជម្លោះមួយនេះ គឺការពង្រឹងសមត្ថភាពយោធាសម្រាប់ការការពារខ្លួន និងរារាំងសង្គ្រាមនុយក្លេអ៊ែរជាមុនសិន។ នេះបើតាមទីភ្នាក់ងារ KCNA រាយការណ៍នៅថ្ងៃទី១០ ខែមករា។
 
លោក គីម ជុងអ៊ុន បញ្ជាក់ថា  កូរ៉េខាងជើងនឹងមិនធ្វើសង្គ្រាមដោយឯកតោភាគីទេ ប៉ុន្តែក៏មិនអាចជៀសវាងវាបានដែរ។
 
បើតាមមេដឹកនាំរូបនេះ ប្រសិនបើកូរ៉េខាងត្បូងព្យាយាមប្រើប្រាស់កម្លាំងប្រដាប់អាវុធប្រឆាំងនឹងកូរ៉េខាងជើង ឬគំរាមកំហែងអធិបតេយ្យភាព និងសន្តិសុខរបស់ប្រទេសខ្លួន កូរ៉េខាងជើងនឹងមិនស្ទាក់ស្ទើរក្នុងការកម្ទេចកូរ៉េខាងត្បូងដោយរិះរកគ្រប់មធ្យោបាយ និងប្រើប្រាស់កម្លាំងដែលខ្លួនមាន។
 
លោក គីម ថ្លែង​បែប​នេះ ខណៈ​ចុះ​ពិនិត្យ​រោងចក្រ​ផលិត​សព្វាវុធ​ធំៗនៅ​ថ្ងៃ​ទី ៨-៩ ខែ​មករា។ KCNA រាយការណ៍ថា ក្នុងដំណើរនោះ លោក គីម មានការពេញចិត្តយ៉ាងខ្លាំងចំពោះការដាក់ពង្រាយអាវុធ និងឧបករណ៍ថ្មីរបស់រោងចក្រ ហើយបានបញ្ជាឱ្យពង្រឹងសមត្ថភាពត្រៀមប្រយុទ្ធបន្ថែមទៀត ។
 
ក្នុងអំឡុងពេលនៃកិច្ចប្រជុំចុងឆ្នាំដ៏សំខាន់មួយរបស់បក្សពលករកូរ៉េខាងជើងដែលកំពុងកាន់អំណាច លោក គីម ជុងអ៊ុន ធ្លាប់បានថ្លែងអំពីទំនាក់ទំនងរវាងប្រទេសទាំងពីរនៅលើឧបទ្វីបកូរ៉េថា ប្រទេសទាំងពីរបានប្រឈមមុខដាក់គ្នាដោយគ្មាន​ចំណុច​​ក្នុង​ការ​ស្វែង​រក​ការ​ផ្សះផ្សា និង​ការ​បង្រួបបង្រួម​គ្នាបាននាពេលថ្មីៗនេះ។ 
 
ភាពតានតឹងនៅឧបទ្វីបកូរ៉េបានបន្តកើនឡើងនាពេលថ្មីៗនេះ។ កូរ៉េខាងត្បូង និងអាម៉េរិកបានរឹតបន្តឹងកិច្ចសហប្រតិបត្តិការក្នុងការរារាំងកូរ៉េខាងជើង។ នៅពាក់កណ្តាលខែធ្នូ ឆ្នាំ២០២៣ នាវាមុជទឹកនុយក្លេអ៊ែររបស់អាម៉េរិកបានចូលចតនៅកំពង់ផែ Busan ដែលធ្វើឱ្យទីក្រុងព្យុងយ៉ាងមានប្រតិកម្មយ៉ាងខ្លាំង ដោយសារតែខ្លួនគិតថានេះជាទង្វើបង្កហេតុ។ 
 
បន្ទាប់ពីទីក្រុងព្យុងយ៉ាងបានបាញ់បង្ហោះផ្កាយរណបឈ្លបយកការណ៍យោធាដោយជោគជ័យក្នុងឆ្នាំ២០២៣ ទីក្រុងសេអ៊ូលបានផ្អាកមួយផ្នែកនូវកិច្ចព្រមព្រៀងដែលបានចុះហត្ថលេខាក្នុងឆ្នាំ២០១៨ ក្នុងគោលបំណងកាត់បន្ថយភាពតានតឹង ដែលក្រោយមកកូរ៉េ​ខាង​ជើង​ក៏​បាន​ផ្អាក​កិច្ច​ព្រម​ព្រៀង​ទាំង​ស្រុងតាមក្រោយ។
 
ថ្មីៗនេះ កូរ៉េខាងជើងបានបាញ់ផ្លោងកាំភ្លើងធំរាប់រយគ្រាប់ពីឆ្នេរសមុទ្រភាគខាងលិចរបស់ខ្លួន ចូលទៅក្នុងតំបន់ការពារដែនសមុទ្រក្បែរខ្សែបន្ទាត់ព្រំដែនខាងជើង ដែលជាព្រំដែនសមុទ្ររវាងប្រទេសទាំងពីរនៅសមុទ្រលឿង។ កូរ៉េខាងត្បូង ក៏បាញ់សងវិញដែរ៕

Tag:
 កូរ៉េខាងជើង
  កូរ៉េខាងត្បូង
  គីម ជុងអ៊ុន
© រក្សាសិទ្ធិដោយ thmeythmey.com