ជាតិ
សមត្ថកិច្ច បង្ក្រាបល្បែងស៊ីសង២០ទីតាំង នាដើមខែមករា
10, Jan 2024 , 5:39 pm        
រូបភាព
សមត្ថកិច្ចចុះបង្ក្រាបល្បែងស៊ីសងនៅខេត្តព្រះវិហារនាពេលកន្លងមក។ រូបតំណាងពី រដ្ឋបាលខេត្តព្រះវិហារ
សមត្ថកិច្ចចុះបង្ក្រាបល្បែងស៊ីសងនៅខេត្តព្រះវិហារនាពេលកន្លងមក។ រូបតំណាងពី រដ្ឋបាលខេត្តព្រះវិហារ
ភ្នំពេញ៖ លោក ទូច សុខៈ អ្នកនាំពាក្យក្រសួងមហាផ្ទៃ បានឱ្យដឹងថា ក្នុងរយៈពេលមួយសប្ដាហ៍នៃដើមខែមករានេះ សមត្ថកិច្ចបានបង្ក្រាបល្បែងស៊ីសង២០ទីតាំង នៅ៨រាជធានីខេត្ត ។ សមត្ថកិច្ចនឹងបន្តបង្ក្រាបល្បែងនៅទូទាំងប្រទេស ដើម្បីសុវត្ថិភាពពលរដ្ឋនិងសង្គម។
 
ជុំវិញការបង្ក្រាបនេះ លោក សុខៈ បានឱ្យដឹងថា សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យ២៣នាក់ ​ បញ្ជូនទៅតុលាការ។ ជាមួយគ្នាដែរ មានជនសង្ស័យ៩នាក់ ត្រូវសមត្ថកិច្ចចាត់​វិធានការអប់រំ ណែនាំ និងធ្វើកិច្ចសន្យាបញ្ឈប់ការលេងល្បែងស៊ីសង។ ករណីល្បែងដែលបានបង្ក្រាបនេះ មានចម្រុះដូចជា បៀ អាប៉ោង ឆ្នោត និងឆ្នោតឡូតូជាដើម។ 
 
ទន្នឹមនឹងនេះ អ្នកនាំពាក្យក្រសួងមហាផ្ទៃ អះអាងថា ក្រសួងមានគោលការណ៍គ្រប់គ្រងល្បែងស៊ីសង ដោយបង្ការនិងទប់ស្កាត់។ លោកសង្កត់ធ្ងន់ថា សមត្ថកិច្ចតាមមូលដ្ឋាន ​នឹងបន្តបង្ក្រាបល្បែងស៊ីសងជាប្រចាំ។ បើតាមលោក សុខៈ រាល់៣ខែម្ដង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នឹងប្រជុំពិនិត្យមើលការអនុវត្តគោលនយោបាយភូមិឃុំសុវត្ថិភាព ជាពិសេសបញ្ហាល្បែង គ្រឿងញៀន និងក្មេងទំនើងជាដើម។ 
 
សូមជម្រាបថា ក្នុងឆ្នាំ២០២៣ សមត្ថកិច្ចបានបង្ក្រាបល្បែងស៊ីសង បាន១៧៨៦ករណី ឃាត់ខ្លួនជនសង្ស័យបាន៣១៥៥នាក់។ ករណីទាំងនេះ ជនសង្ស័យ៧១០នាក់ ក្នុង១៦៥ករណី បានបញ្ជូនទៅតុលាការ ។ ចំណែកល្បែងស៊ីសងក្នុងកម្រិតវិធានការរដ្ឋបាល មាន១៦២១ករណី ដោយក្នុងនោះមានជនសង្ស័យ២៤៤៥នាក់ ត្រូវបានសមត្ថកិច្ចអប់រំ៕ 
 

Tag:
 ល្បែងស៊ីសង
© រក្សាសិទ្ធិដោយ thmeythmey.com