អន្តរជាតិ
អង់គ្លេសនឹងបញ្ជូនយន្តហោះ និងនាវាចម្បាំងទៅមហាសមុទ្រឥណ្ឌា ដើម្បីធ្វើសមយុទ្ធ 11, Jan 2024 , 9:59 am
លោក Grant Shapps រដ្ឋមន្រ្តីការពារជាតិអង់គ្លេស នៅថ្ងៃទី៩ ខែមករា។ រូបភាព AFP
× អង់គ្លេស នៅថ្ងៃទី១០ ខែមករា បានប្រកាសថា ខ្លួនអាចនឹងបញ្ជូននាវាចម្បាំងទៅមហាសមុទ្រឥណ្ឌា នៅក្នុងឆ្នាំនេះ និងយន្តហោះចម្បាំងនៅឆ្នាំ ២០២៥ សម្រាប់ការហ្វឹកហ្វឺន និងប្រតិបត្តិការរួមគ្នាជាមួយកងកម្លាំងឥណ្ឌា ខណៈដែលប្រទេសទាំងពីរមានបំណងពង្រឹង ទំនាក់ទំនងសន្តិសុខទ្វេភាគី។
រដ្ឋមន្ត្រីការពារជាតិអង់គ្លេស លោក Grant Shapps បានលើកឡើងថា កងកម្លាំង Littoral Response Group របស់កងទ័ពជើងទឹក នឹងធ្វើដំណើរទៅតំបន់មហាសមុទ្រឥណ្ឌានៅឆ្នាំនេះ ហើយក្រុមនាវា Carrier Strike Group (CSG) នៅឆ្នាំបន្ទាប់។
«នេះគ្មានចម្ងល់អ្វីទេ ដែលថាពិភពលោកកំពុងមានការប្រកួតប្រជែងកាន់តែខ្លាំងឡើង។ ដូច្នេះវាមានសារសំខាន់ណាស់ដែលយើងបន្តកសាងទំនាក់ទំនងយុទ្ធសាស្ត្ររបស់យើងជា មួយដៃគូសំខាន់ៗដូចជាឥណ្ឌា»។ លោក Shapps បានបញ្ជាក់បែបនេះ ក្នុងសេចក្តីថ្លែងការណ៍មួយ ចេញនៅថ្ងៃទី១០ ខែមករា ខណៈសមភាគីឥណ្ឌា លោក Rajnath Singh បាន ធ្វើដំណើរទស្សនកិច្ចនៅអង់គ្លេស។
លោក Shapps សម្គាល់ផងដែរថា ជាមួយគ្នា ប្រទេសទាំងពីរចែករំលែកបញ្ហាប្រឈមផ្នែក សន្តិសុខដូចគ្នាហើយមានភាពខ្ជាប់ខ្ជួនលើការប្តេជ្ញាចិត្តក្នុងការរក្សាតំបន់ឥណ្ឌូប៉ាស៊ីហ្វិកសេរី បើកចំហរ និងប្រកបដោយវិបុលភាព។
ទន្ទឹមនេះ ក្រសួងការពារជាតិអង់គ្លេស បានយល់ថា ប្រទេសទាំងពីរគួរតែធ្វើសមយុទ្ធយោធារួមគ្នាដ៏ស្មុគស្មាញបន្ថែមទៀតនៅក្នុងប៉ុន្មានឆ្នាំខាងមុខនេះ ដើម្បីគាំទ្រដល់គោលដៅរួមរបស់ពួកគេក្នុងការការពារផ្លូវពាណិជ្ជកម្ម និងការធានាសន្តិសុខដែនសមុទ្រផងដែរ៕
© រក្សាសិទ្ធិដោយ thmeythmey.com