ជាតិ
ក្រសួង បើកយុទ្ធនាការបង្ក្រាបទីតាំងអាជីវកម្មរ៉ែមាស អនាធិបតេយ្យ នៅស្រុកមេមត់
11, Jan 2024 , 3:39 pm        
រូបភាព
ក្រសួងរ៉ែ និងថាមពល បានចុះបង្ក្រាបនិងបិទទីតាំងអាជីវរ៉ែមាស អនាធិបតេយ្យ ដែលមានទ្រង់ទ្រាយធំ នៅតំបន់ភូមិសំពៅលូន ឃុំជាំតាម៉ៅ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។ រូបពី ក្រសួងរ៉ែ និងថាមពល
ក្រសួងរ៉ែ និងថាមពល បានចុះបង្ក្រាបនិងបិទទីតាំងអាជីវរ៉ែមាស អនាធិបតេយ្យ ដែលមានទ្រង់ទ្រាយធំ នៅតំបន់ភូមិសំពៅលូន ឃុំជាំតាម៉ៅ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។ រូបពី ក្រសួងរ៉ែ និងថាមពល
ភ្នំពេញ៖ ក្រសួងរ៉ែ និងថាមពល បានចុះបង្ក្រាបទីតាំងអាជីវរ៉ែមាស អនាធិបតេយ្យ ដែលមានទ្រង់ទ្រាយធំ នៅតំបន់ភូមិសំពៅលូន ឃុំជាំតាម៉ៅ​ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។ នេះបើតាម សេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងរ៉ែ និងថាមពល។
 
ក្រសួងរ៉ែ អះអាងថា សព្វថ្ងៃនេះ សកម្មភាពអាជីវកម្មរ៉ែមាស យ៉ាងអនាធិបតេយ្យ នៅតំបន់ខាងលើ ងាយនឹងបង្កគ្រោះថ្នាក់បំផុតដល់អាយុជីវតមនុស្ស និងប៉ះពាល់បរិស្ថាន ដោយសារពួកគេប្រើប្រាស់ គ្រឿងម៉ាស៊ីនទំនើបៗ សារធាតុគីមី រំសេវផ្ទុះ និងជីកអណ្ដូងរ៉ែក្រោមដី។ ក្រសួងចាត់ទុកសកម្មភាព អនាធិបតេយ្យទាំងនេះ បង្កឱ្យបាត់បង់ទ្រព្យសម្បត្តិ និងចំណូលជាតិ។ 
 
«ក្រសួងរ៉ែ និងថាមពលប្ដេជ្ញាបញ្ចប់នូវសកម្មភាពរ៉ែអនាធិបតេយ្យ និងជំរុញឱ្យមានការធ្វើអាជីវកម្មរ៉ែមាស ដោយស្របច្បាប់ ដែលនាំមកនូវផលប្រយោជន៍ជាតិជាច្រើនមានជាអាទិ៍ ការបង្កើតឱ្យមានឱកាសការងារ ការរួមចំណែកបង្កើតប្រភពចំណូលជាតិ និងបំបាត់នូវផលប៉ះពាល់ធ្ងន់ធ្ងរដល់បរិស្ថាននិងសង្គម ព្រមទាំងរួមចំណែកអភិវឌ្ឍន៍សហគមន៍មូលដ្ឋានតាមរយៈការធ្វើអាជីវកម្មរ៉ែប្រកបដោយចីរភាព​ មានការគាំទ្រនិងការពារពីច្បាប់»។ នេះជាការលើកឡើងរបស់ក្រសួង ក្នុងសេចក្ដីប្រកាសព័ត៌មាន។ 
 
សារព័ត៌មានថ្មីៗ ពុំអាចសុំការបំភ្លឺបន្ថែមពីលោក អ៊ឹង ឌីប៉ូឡា អគ្គនាយកនៃអគ្គនាយកដ្ឋានធនធានរ៉ែ បានឡើយ ពាក់ព័ន្ធព័ត៌មានលម្អិតស្ដីពីការចុះបង្ក្រាបអាជីវកម្មរ៉ែមាស និងការពិន័យបែបណា ទៅម្ចាស់អាជីវកម្មរ៉ែទាំងនោះ។ 
 
ក្រុមជំនាញការងាររ៉ែ របស់ក្រសួងនិងមន្ទីរខេត្តត្បូងឃ្មុំ បានអះអាងថា អាជីវកម្មរ៉ែមាស នៅតំបន់ជាំតាម៉ៅ អំឡុងឆ្នាំ១៩៩០ ធ្វើឡើងជាលក្ខណៈគ្រួសារ ដោយមានពលរដ្ឋមូលដ្ឋានប្រកបរបរនេះ ដោយប្រើដៃ។ ប៉ុន្តែ ប៉ុន្មានឆ្នាំចុងក្រោយនេះ បានប្រែទៅជាប្រើគ្រឿងចក្រ រំសេវផ្ទុះ និងសារធាតុគីមី ហើយកន្លែងខ្លះឈានដល់ជីករូង ជាអណ្តូងរ៉ែក្រោមដី។ នេះបើតាមសេ​ចក្ដីប្រកាសដដែលខាងលើ ។
 
លើសពីនេះ មន្ត្រីជំនាញរ៉ែ ក៏ពិនិត្យឃើញបញ្ហាធ្ងន់ធ្ងរផ្សេងទៀត ពាក់ព័ន្ធនឹងសុវត្ថិភាព សុខភាព និងបរិស្ថាន ហើយបានចុះអប់រំ និងចាត់វិធានការផ្លូវច្បាប់លើអាជីវកម្មរ៉ែមាស នៅតំបន់នោះជាបន្តបន្ទាប់។ យ៉ាងណា ក្រសួងបានទទួលស្គាល់ថា ការចាត់វិធានការកន្លងមក ពុំបានផ្លែផ្កាឡើយ ពោលគឺបង្ក្រាបហើយកើតឡើងវិញដដែលៗ។ ដោយសារមើលឃើញរូបភាពបែបនេះ ទើបក្រសួងបើកយុទ្ធនាការបង្ក្រាបម្ដងទៀត៕ 

Tag:
 រ៉ែមាស
© រក្សាសិទ្ធិដោយ thmeythmey.com