អន្តរជាតិ
អភិបាលក្រុងឡុងដ៍៖ Brexit បានធ្វើឱ្យអង់គ្លេសខាតជាង១៧៨ពាន់លានដុល្លារ មកដល់ពេលនេះ
12, Jan 2024 , 10:39 am        
រូបភាព
លោក Sadiq Khan អភិបាលក្រុងឡុងដ៍។ រូបភាព AFP
លោក Sadiq Khan អភិបាលក្រុងឡុងដ៍។ រូបភាព AFP
អភិបាលក្រុងឡុងដ៍ លោក Sadiq Khan នាថ្ងៃទី១១ ខែមករា បានលើកឡើងថា ការចាកចេញរបស់ចក្រភពអង់គ្លេសពីសហភាពអឺរ៉ុប (Brexit) កាលពីឆ្នាំ ២០២០ បានកាត់ បន្ថយទំហំសេដ្ឋកិច្ចចំនួន ៦ ភាគរយមកទល់ពេលនេះដែលជាការចំណាយប្រចាំឆ្នាំចំនួន  ១៧៨ ពាន់លាន។
 
«ឥឡូវនេះវាច្បាស់ណាស់ថា Brexit មិនដំណើរការទេ។ កំណែទម្រង់ពិបាកនៃ Brexit ដែល យើងបានបញ្ចប់ កំពុងអូសសេដ្ឋកិច្ចរបស់យើងឱ្យធ្លាក់ចុះ និងជំរុញឱ្យថ្លៃរស់នៅកើនឡើង»។ អភិបាលក្រុងឡុងដ៍លោក Sadiq Khan និងជាសមាជិកគណបក្សប្រឆាំងដែលបោះឆ្នោតប្រឆាំងនឹង Brexit នៅក្នុងប្រជាមតិឆ្នាំ ២០១៦ បានលើកឡើងបែបនេះដោយផ្អែកលើ របាយការណ៍ដែលទទួលបានពីអ្នកប្រឹក្សាសេដ្ឋកិច្ច Cambridge Econometrics អំពីការប៉ាន់ប្រមាណល្បឿនសេដ្ឋកិច្ច ប្រសិនអង់គ្លេសបន្តនៅសហភាពអឺរ៉ុប។ 
 
តាមការសិក្សាក្នុងរយៈពេល ៣​ឆ្នាំមកនេះ ការចំណាយប្រចាំឆ្នាំរបស់អង់គ្លេសខាតបង់ចំនួន  ១៧៨ ពាន់លាន។
 
ស្រដៀងគ្នាផងដែរ វិទ្យាស្ថានជាតិស្រាវជ្រាវសេដ្ឋកិច្ច និងសង្គមរបស់ចក្រភពអង់គ្លេស (NIESR) បានប៉ាន់ប្រមាណក្នុងខែវិច្ឆិកាថា Brexit បានកាត់បន្ថយទំហំសេដ្ឋកិច្ចពី ២ ទៅ ៣ ភាគរយជាមួយនឹងផលប៉ះពាល់ដែលរំពឹងនឹងកើនឡើងដល់ ៥ ទៅ ៦ ភាគរយ នៅឆ្នាំ ២០៣៥។
 
មន្ត្រីគោលនយោបាយរបស់ធនាគារអង់គ្លេស លោក Jonathan Haskel បាន វិភាគក្នុងវិស័យឯកជនកាលពីឆ្នាំមុនថា Brexit បានបំផ្លាញការវិនិយោគអាជីវកម្ម និងកាត់​ បន្ថយផលិតផលក្នុងស្រុកសរុបចំនួន ១,៣ ភាគរយនៅចុងឆ្នាំ ២០២២ ដែលស្មើនឹង ១,២៧២ ដុល្លារក្នុងមួយគ្រួសារក្នុងមួយឆ្នាំ។
 
ក្រុមប្រឹក្សាយោបល់ផ្នែកសេដ្ឋកិច្ចដដែលខាងលើ សម្គាល់ថា Brexit ត្រូវបានពឹងនឹង កាត់បន្ថយកំណើនសេដ្ឋកិច្ចប្រចាំឆ្នាំនៅចក្រភពអង់គ្លេសត្រឹម ០,៤ ភាគរយចន្លោះពេលនេះ ដល់ឆ្នាំ ២០៣៥ កម្រិតការងារធ្លាក់ចុះចំនួន ៣ លាននៅឆ្នាំ ២០៣៥ និងកាត់បន្ថយការវិនិយោគមួយភាគបី៕

Tag:
 អង់គ្លេស
© រក្សាសិទ្ធិដោយ thmeythmey.com