ជាតិ
សមត្ថកិច្ចស្ទឹងត្រែង ចាប់គ្រឿងញៀនបានជិត១៦០គីឡូ ដឹកតាមគោយន្តកន្ត្រៃ
12, Jan 2024 , 11:09 am        
រូបភាព
សមត្ថកិច្ចចាប់គ្រឿងញៀនបានជិត១៦០គីឡូនៅស្ទួឹងត្រែង។ រូបពី ADD
សមត្ថកិច្ចចាប់គ្រឿងញៀនបានជិត១៦០គីឡូនៅស្ទួឹងត្រែង។ រូបពី ADD
ភ្នំពេញ៖ មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន សហការជាមួយស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង បង្ក្រាបករណីជួញដូរ និងដឹកជញ្ជូនគ្រឿងញៀនឆ្លងដែន បានជិត១៦០គីឡូក្រាម។ គ្រឿងញៀនទាំងនេះ ជនសង្ស័យ បានបង្កប់ដឹកតាមគោយន្តកន្ត្រៃ។
 
មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បានចេញផ្សាយកាលពីថ្ងៃទី១១មករាថា ករណីដឹកគ្រឿងញៀននេះ គឺធ្វើឡើងនៅវេលាទៀបភ្លឺ កាលពីថ្ងៃទី៨មករា នៅតំបន់អូរធំ ជាំតាលឺម ក្នុងឃុំព្រះរំកិល ស្រុកបុរីអូរស្វាយសែនជ័យ។ ក្រោយឃាត់គោយន្តកន្ត្រៃនោះហើយ សមត្ថកិច្ចរកឃើញគ្រឿងញៀន ប្រភេទមេតំហ្វេតាមីន (ICE)១៦០ដុំ ស្មើនឹងទម្ងន់ ១៥៩គីឡូក្រាម។ 
 
ចំណែកជនសង្ស័យ២នាក់ ពាក់ព័ន្ធនឹងការដឹកគ្រឿងញៀននេះ បានរត់គេចខ្លួន។ បច្ចុប្បន្ន កម្លាំងជំនាញកំពុងបន្តស្រាវជ្រាវ រកជនសង្ស័យទាំង២នាក់នោះ ខណៈវត្ថុតាងថ្នាំញៀនជិត ១៦០គីឡូក្រាម ត្រូវបានកម្លាំងជំនាញរៀបចំសំណុំរឿង បញ្ជូនទៅតុលាការខេត្តស្ទឹងត្រែង៕
 

Tag:
 គ្រឿងញៀន
© រក្សាសិទ្ធិដោយ thmeythmey.com