អន្តរជាតិ
មេធាវីឈ្លោះប្រកែកគ្នាអំពីការទាមទារអភ័យឯកសិទ្ធរបស់លោក Trump
12, Jan 2024 , 6:59 pm        
រូបភាព
ទិដ្ឋភាព​ជា​គំនូរ​នៃ​សវនាការ​រឿងក្តី​ស្តី​ពី​ការ​ចោទប្រកាន់​បទ​ព្រហ្មទណ្ឌ​​លើ​អតីត​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Donald Trump នៅ​រដ្ឋធានី​វ៉ាស៊ីន កាលពីថ្ងៃទី៩ ខែមករា ឆ្នាំ២០២៤។
ទិដ្ឋភាព​ជា​គំនូរ​នៃ​សវនាការ​រឿងក្តី​ស្តី​ពី​ការ​ចោទប្រកាន់​បទ​ព្រហ្មទណ្ឌ​​លើ​អតីត​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Donald Trump នៅ​រដ្ឋធានី​វ៉ាស៊ីន កាលពីថ្ងៃទី៩ ខែមករា ឆ្នាំ២០២៤។
ដោយ: VOA
មេធាវី​របស់​អតីត​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Donald Trump និង​ក្រសួង​យុត្តិធម៌ ​បាន​ឈ្លោះប្រកែក​គ្នា​យ៉ាង​ខ្លាំង​កាលពី​ថ្ងៃ​អង្គារ​ម្សិលមិញ​ នៅ​ក្នុង​បន្ទប់​តុលាការ​រដ្ឋធានី​វ៉ាស៊ីនតោន ​អំពី​ថាតើ​លោក​មាន​អភ័យឯកសិទ្ធ​រួចពី​ការកាត់ទោស​លើ​បទចោទប្រកាន់​ថា ​លោក​បាន​ព្យាយាម​ដោយ​ខុសច្បាប់​ដើម្បី​ប្រែក្រឡាស់​ការចាញ់​ឆ្នោត​របស់​លោក​ នៅ​ឆ្នាំ ២០២០ ទោះបី​លោក​ព្យាយាមឈរឈ្មោះ​បោះឆ្នោត​នៅ​ខែ​វិច្ឆិកា ឆ្នាំ ២០២៤ ក៏ដោយ។
 
ចៅក្រម​សាលា​ឧទ្ធរណ៍ ៣ នាក់​របស់​សហរដ្ឋ​អាមេរិក ​ដែល​ធ្វើសវនាការ​រឿងក្តី​នេះ​មិន​បាន​ចេញ​ការសម្រេច​ភ្លាមៗ​ទេ។ ក៏ប៉ុន្តែ នៅពេល​ដែល​លោក Trump បាន​មើល​នៅ​ក្នុង​បន្ទប់​តុលាការ ចៅក្រម​បាន​បង្ហាញ​នូវ​ការមន្ទិល​សង្ស័យ​ពី​ការអះអាង​ដោយ​លោក John Sauer ដែល​ជា​មេធាវី​របស់​លោក​ថា លោក Trump មិន​អាច​ត្រូវ​កាត់ទោស​ផ្នែក​ព្រហ្មទណ្ឌ​ទេ ប្រសិន​បើ​លោក​មិន​ត្រូវ​អាច​ប្តឹង​ចោទប្រកាន់​ទម្លាក់​ពី​តំណែង​មុន​ដំបូង​ដោយ​រដ្ឋសភា​ ហើយ​បន្ទាប់មក​ត្រូវ​បាន​ចោទប្រកាន់​ដោយ​ព្រឹទ្ធសភា​នោះ។
 
ថ្លែង​ទៅកាន់​អ្នក​យកព័ត៌មាន​បន្ទាប់ពី​សវនាការ​នោះ លោក Trump បាន​ព្រមាន​ថា​នឹង​មាន «ការច្របូកច្របល់»​ នៅ​ក្នុង​ប្រទេស ប្រសិនបើ​លោក​ត្រូវ​បាន​កាត់ទោស​នោះ។
 
មុន​អាណត្តិ​ប្រធានាធិបតី​របស់​លោក Trump បាន​បញ្ចប់​កាលពី ៣ ឆ្នាំ​មុន រដ្ឋសភា​បាន​ប្តឹង​ទម្លាក់​លោក​ចេញពី​តំណែង​ចំពោះ​ការញុះញង់​ឱ្យ​មាន​កុប្បកម្ម​របស់​ក្រុមអ្នក​គាំទ្រ​លោក ​នៅឯ​វិមាន​សភា​សហរដ្ឋ​អាមេរិក​ នៅពេល​ដែល​សភា​បាន​ជួបប្រជុំ​នៅ​ថ្ងៃ​ទី ៦ ខែមករា​ ឆ្នាំ ២០២១ ​ដើម្បី​បញ្ជាក់​ថា​ លោក Trump ​បាន​ចាញ់​ការបោះឆ្នោត​របស់​លោក​ទៅ​លោក Biden ខាង​គណបក្ស​ប្រជាធិបតេយ្យ។
 
ក៏ប៉ុន្តែ ក្រោយពី​លោក Trump បាន​ចាកចេញ​ពី​តំណែង ព្រឹទ្ធសភា​បាន​កាត់​ឱ្យ​លោក​រួចខ្លួន ថ្វីបើ​ព្រឹទ្ធសភា​មួយ​ចំនួន​បាន​និយាយ​ថា ​ពួកគេ​បាន​បោះឆ្នោត​ប្រឆាំង​នឹង​ការចោទប្រកាន់ ពីព្រោះតែ​អាណត្តិ​របស់​លោក​បាន​ចប់​ហើយ។
 
មេធាវី​របស់​ក្រសួង​យុត្តិធម៌​លោក James Pearce ដែល​ស្ថិត​នៅ​ក្នុង​ក្រុម​របស់​ក្រុមប្រឹក្សា​ពិសេស​របស់​លោក Jack Smith ដែល​កំពុង​កាត់ទោស​លោក Trump បាន​ប្រាប់​ក្រុម​តុលាការ​ឧទ្ធរណ៍​ថា «ប្រធានាធិបតី​មិន​នៅ​លើ​ច្បាប់​ទេ។ អតីត​ប្រធានាធិបតី​មិន​មាន​អភ័យឯកសិទ្ធ​ទេ»។
 
លោក Pearce បាន​ចោទប្រកាន់​លោក Trump ពី​ «ការប្រើប្រាស់អំណាច» ដើម្បី​ធ្វើ​ឱ្យ​អន្តរាយ​ដល់​ការបោះឆ្នោត​ឆ្នាំ ២០២០៕

© រក្សាសិទ្ធិដោយ thmeythmey.com