សង្គមអន្តរជាតិ​
អន្តរជាតិ
ការលក់រថយន្តអគ្គិសនីសកលបានកើនឡើង ៣១ភាគរយក្នុងឆ្នាំ ២០២៣
12, Jan 2024 , 8:19 pm        
រូបភាព
ការតាំងបង្ហាញលក់រថយន្តអគ្គិសនីរបស់ក្រុមហ៊ុន​ BYD នៅ Shenzhen ។ រូបភាព ៖ Xinhua
ការតាំងបង្ហាញលក់រថយន្តអគ្គិសនីរបស់ក្រុមហ៊ុន​ BYD នៅ Shenzhen ។ រូបភាព ៖ Xinhua
ចំនួននៃការលក់រថយន្តអគ្គិសនី និងអគ្គិសនី-ឥន្ធនៈ នៅឆ្នាំមុនបានកើនដល់ ១៣,៦លានគ្រឿង ធ្វើឲ្យមានកំណើន ៣១ភាគរយ។ នេះបើយោងតាមក្រុមហ៊ុនស្រាវជ្រាវទីផ្សារ Rho Motion ។
 
រថយន្ត​អគ្គិសនី​​​ចំនួន ៩,៥ លាន​គ្រឿង និង​រថយន្ត​អគ្គិសនី-ឥន្ធនៈ​មាន​ចំនួន ៤,១ លាន​គ្រឿងបានលក់ចេញនៅក្នុងឆ្នាំ២០២៣។ បើតាមក្រុមហ៊ុន Rho Motion នៅក្នុងខែធ្នូ ឆ្នាំ២០២៣ ចំនួនការលក់រថយន្តអគ្គិសនីបានកើនឡើងខ្លាំងដែលមានរហូតដល់១,៥លានគ្រឿង។
 
យ៉ាងណា អត្រាកំណើននៃការលក់រថយន្តអគ្គសនីទូទាំងពិភពលោកកាលពីឆ្នាំ ២០២២ បានកើនឡើងរហូតដល់ ៦០ភាគរយឯណោះ។ លោក Charles Lester ប្រធានផ្នែកគ្រប់គ្រងទិន្នន័យរបស់ Rho Motion បានប្រាប់ទីភ្នាក់ងារព័ត៌មាន Reuters ថា វាជាតួលេខដែលសមហេតុផល ព្រោះគេមិនអាចរំពឹងថានឹងកើនឡើងទ្វេដងជារៀងរាល់ឆ្នាំបានទេ។
 
ការលក់រថយន្តអគ្គិសនីបានកើនឡើងខ្លាំងនៅអាម៉េរិក និងកាណាដាដែលមានចំនួន៥០ភាគរយ ខណៈនៅអឺរ៉ុប និងចិនបានកើនឡើងក្នុងអត្រា ២៧ភាគរយ និង ១៥ភាគរយរៀងគ្នានៅឆ្នាំ២០២៣។ Tesla ជាក្រុមហ៊ុនឈានមុខគេក្នុងការលក់រថយន្តអគ្គិសនីចំនួន ១,៨លានគ្រឿង ដែលកើនឡើងជិត ៣៨ភាគរយ បើធៀបនឹងឆ្នាំ២០២២។
 
ទន្ទឹមនេះ ក្រុមហ៊ុនចិន BYD បានលក់រថយន្តអគ្គិសនីចំនួ១,៦២លានគ្រឿង។ ក្រុមហ៊ុននេះក៏បានលក់រថយន្តអគ្គិសនី-ឥន្ធនៈបន្ថែមចំនួន ១,៤លានគ្រឿងផងដែរ។ ថ្មីៗនេះ ពួកគេបានជ្រើសរើសហុងគ្រីជាទីតាំងសាងសង់រោងចក្រផលិតរថយន្តអគ្គិសនីដំបូងគេនៅអឺរ៉ុប។
 
ទីផ្សាររថយន្តអគ្គិសនីសកលនៅឆ្នាំ ២០២៤ ត្រូវបានរំពឹងថានឹងមានការប្រកួតប្រជែងខ្លាំង។ ក្រោយពីមានកំណើនយ៉ាងឆាប់រហ័សជាច្រើនឆ្នាំ ក្រុមហ៊ុនផលិតមួយចំនួនព្រួយបារម្ភថាការលក់រថយន្តអគ្គិសនីនៅអឺរ៉ុប និងកន្លែងផ្សេងទៀតអាចប្រឈមនឹងតម្រូវការកាន់តែខ្សោយ ដោយសារអតិថិជនពន្យារពេលការសម្រេចចិត្តដើម្បីរង់ចាំម៉ូដែលថ្មីជាងមុន និងមានតម្លៃថោកជាងដែលនឹងលេចរូបរាងឡើងក្នុងរយៈពេល២ ទៅ ៣ឆ្នាំខាងមុខ។
 
លោក Charles Lester បានព្យាករថា ការលក់រថយន្តអគ្គិសនីនៅអឺរ៉ុបអាចរងផលប៉ះពាល់ដោយការសម្រេចចិត្តភ្លាមៗរបស់អាល្លឺម៉ង់ក្នុងការកាត់បន្ថយការឧបត្ថម្ភធនរថយន្តអគ្គិសនី។ ចំណែក​ គណៈកម្មការអឺរ៉ុបបានបើកការស៊ើបអង្កេតលើក្រុមហ៊ុនចិន ដើម្បីមើលថាតើចិនកំពុងទទួលបានអត្ថប្រយោជន៍ពីការឧបត្ថម្ភធនសម្រាប់ការលក់បង្ខូចតម្លៃឬយ៉ាងណា។
 
លើសពីនេះ នៅអាម៉េរិក ក្រុមហ៊ុនផលិតរថយន្តមួយចំនួនរួមទាំង Ford និង GM បានកាត់បន្ថយ ឬពន្យារពេលគម្រោងសាងសង់រោងចក្រផលិតរថយន្តអគ្គិសនី។ ទន្ទឹមនោះ ម៉ូដែលមួយចំនួនរួមទាំងរថយន្ត Mustang Mach-E របស់ក្រុមហ៊ុន Ford និងម៉ូដែល E របស់ក្រុមហ៊ុន Tesla លែងមានសិទ្ធិទទួលបានឥណទានពន្ធចំនួន ៧៥០០ដុល្លារក្រោមច្បាប់កាត់បន្ថយអតិផរណាទៀតហើយ។ ការវិវដ្ដទាំងនេះក៏អាចប៉ះពាល់ដល់ការផ្គត់ផ្គង់ និងតម្រូវការនៅក្នុងទីផ្សាររថយន្តអគ្គិសនីផងដែរ៕ 

Tag:
 រថយន្តអគ្គិសនី
  BYD
 ​ Tesla
  ចិន
  អាម៉េរិក
© រក្សាសិទ្ធិដោយ thmeythmey.com