សេដ្ឋកិច្ចអន្តរជាតិ
អន្តរជាតិ
អាហ្សង់ទីនមានអតិផរណាខ្ពស់បំផុតនៅតំបន់អាម៉េរិកឡាទីន ក្នុងខែធ្នូ ដោយមានអត្រា២១១ភាគរយ
12, Jan 2024 , 4:34 pm        
រូបភាព
ស្ត្រី​ម្នាក់​ទិញ​បន្លែ​នៅ​ផ្សារ​ក្នុង​ទីក្រុង Buenos Aires ( អាហ្សង់ទីន) ។ រូបភាព ៖ AFP
ស្ត្រី​ម្នាក់​ទិញ​បន្លែ​នៅ​ផ្សារ​ក្នុង​ទីក្រុង Buenos Aires ( អាហ្សង់ទីន) ។ រូបភាព ៖ AFP
អាហ្សង់ទីនទើបតែបាននាំមុខវ៉េណេស៊ុយអេឡាក្លាយជាប្រទេសដែលមានអតិផរណាខ្ពស់គេបំផុតនៅអាម៉េរិកឡាទីនដែលមានអត្រា ២១១ភាគរយកាលពីខែធ្នូ ឆ្នាំ២០២៣ ។ ការចំណាយលើសេវាសាធារណៈច្រើន ធ្វើឲ្យរដ្ឋាបាលអាហ្សង់ទីនបង្ខំចិត្តបោះពុម្ពក្រដាសប្រាក់ច្រើន ជាហេតុបណ្តាលឲ្យប្រទេសនេះមានកំណើនអតិផរណាខ្ពស់។
 
អតិផរណាប្រចាំខែធ្នូ ឆ្នាំ២០២៣ របស់អាហ្សង់ទីនបានកើនឡើងដល់ ២១១ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដែលវាជាកម្រិតខ្ពស់បំផុតចាប់តាំងពីដើមទសវត្សរ៍ទី៩០។ នេះបើតាមទីភ្នាក់ងារព័ត៌មាន Reuters បានដកស្រង់ទិន្នន័យពីទីភ្នាក់ងារស្ថិតិរបស់អាហ្សង់ទីន។ 
 
បើប្រៀបធៀបទៅនឹងខែវិច្ឆិកា សន្ទុះអតិផរណាបានកើនឡើង ២៥,៥ភាគរយ។ ល្បឿននេះគឺទាបជាងការព្យាកររបស់អ្នកសេដ្ឋកិច្ច។
 
តួលេខចុងក្រោយនេះ ធ្វើឱ្យអាហ្សង់ទីននាំមុខដាច់វេណេស៊ុយអេឡា ដោយក្លាយជាប្រទេសដែលមានអតិផរណាខ្ពស់បំផុតនៅអាម៉េរិកឡាទីន។ នៅខែធ្នូ ឆ្នាំ២០២៣ អតិផរណានៅវ៉េណេស៊ុយអេឡាបានធ្លាក់ចុះមកត្រឹម ១៩៣ភាគរយ។
 
អត្រាអតិផរណាក្នុងពេលបច្ចុប្បន្ននៅតែខ្ពស់បំផុតចាប់តាំងពីដើមទសវត្សរ៍ឆ្នាំ ១៩៩០ មក។ អាហ្សង់ទីនបានធ្លាក់ចូលទៅក្នុងអតិផរណាកម្រិតខ្ពស់រយៈពេលវែង ដោយធ្វើឲ្យតម្លៃអាហារបានកើនឡើងយ៉ាងឆាប់រហ័ស។
 
ប្រធានាធិបតីថ្មីលោក Javier Milei ចង់អនុវត្តគោលនយោបាយតឹងរ៉ឹង ដើម្បីកាត់បន្ថយអតិផរណា ឱនភាពសារពើពន្ធ និងបង្កើនថវិការដ្ឋាភិបាលឡើងវិញ។ យ៉ាងណា លោកបញ្ជាក់ថា វាត្រូវការពេលវេលា ហើយអ្វីៗអាចនឹងកាន់តែអាក្រក់ជាងនេះ មុននឹងត្រឡប់មកធូរស្រាលជាបណ្តើរៗ។
 
អាហ្សង់ទីនក៏រងឥទ្ធិពលពីខាងក្រៅដែលនាំឲ្យមានការកើនឡើងអតិផរណាដូចប្រទេសនានានៅទូទាំងពិភពលោកដូចជា សង្រ្គាមនៅអ៊ុយក្រែន ភាពតានតឹងនៃខ្សែច្រវាក់ផ្គត់ផ្គង់ និងការកើនឡើងយ៉ាងខ្លាំងនៃការចំណាយសាធារណៈ។ យ៉ាងណា អ្នកសេដ្ឋកិច្ចជាច្រើនយល់ថា បញ្ហាចម្បងស្ថិតនៅក្នុងប្រទេសខ្លួនច្រើនជាង។
 
ប្រទេសនេះ មានការចំណាយច្រើនជាងចំណូលដែលទទួលបាន។ ការថែទាំសុខភាព ការអប់រំ ថាមពល និងសេវាសាធារណៈនៅទីនេះត្រូវបានឧបត្ថម្ភធនច្រើន ឬឥតគិតថ្លៃក៏មាន។ ដូច្នេះ ដើម្បី​ប៉ះប៉ូវ​ការ​ខ្វះខាត ពួកគេ​បាន​បង្កើន​ការ​បោះពុម្ព​ប្រាក់​ប៉េសូ (រូបិយប័ណ្ណអាហ្សង់ទីន)។ សេដ្ឋវិទូជាច្រើនយល់ថា ​គោលនយោបាយបោះពុម្ពប្រាក់ និងការបាត់បង់ទំនុកចិត្តរបស់ប្រជាជនលើប្រាក់ប៉េសូបានធ្វើឱ្យសេដ្ឋកិច្ចអាហ្សង់ទីនធ្លាក់ចូលទៅក្នុងស្ថានភាពដូចបច្ចុប្បន្ន៕ 
 

Tag:
 អាហ្សង់ទីន
  អតិផរណា
© រក្សាសិទ្ធិដោយ thmeythmey.com